ការ​នាំ​ប្រេង​ចេញ​របស់​អីុ​រ៉​ង់​មាន​លើស​ពី​2​លាន​ធុង​ក្នុង​មួយ​ថ្ងៃ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អីុរ៉​ង់ SHANA ថា ការ​នាំ​ប្រេង​ចេញ​របស់​អីុ​រ៉​ង់​ពេល​នេះ​មាន​ដល់​២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ដោយសារ​ការ​លុប​ចោល​ទណ្ឌកម្ម​របស់​អន្តរជាតិ​កាលពី​ខែមករា ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ មេ​សា របស់​លោក BIJAN NAMDAR ZANGANEH រដ្ឋមន្ត្រី​ប្រេងកាត​អីុ​រ៉​ង់ ។

លោក ZANGANEH ថ្លែង​ថា ការ​នាំ​ចេញ​ប្រេង​របស់​អីុ​រ៉​ង់​ពេល​នេះ​ឡើង​ដល់​២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ទល់​នឹង​១,៧៥​លាន​ធុង កាលពី​មួយ​ខែ​មុន ។ ការ​នាំ​ចេញ​នោះ​ត្រូវ​បង្កើន​​ជាប់​ចាប់តាំងពី​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​ការ​លុប​ចោល​មួយ​ផ្នែក​នៃ​ទណ្ឌកម្ម​អន្តរជាតិ ។ ការ​នាំ​ចេញ​នេះ​ធ្លាក់​ចុះ​ដល់​មួយ​លាន​ធុង​ក្នុង​មួយ​ថ្ងៃ កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ដោយសារ​ទណ្ឌកម្ម​ទាំងនេះ ដែល​ត្រូវ​ពង្រឹង​ថែម​កាលពី​ឆ្នាំ​២០១២ ។

ព្រះ​អង្គ​ម្ចាស់ MOHAMMED BEN SALMANE រាជទាយាទ​រង​នៃ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​ប្រទេស​នាំ​ប្រេង​ចេញ​ធំ​ទី​មួយ​លើ​ពិភពលោក​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ BLOOMBERG NEWS ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ មេ​សា មាន​បន្ទូល​ថា ប្រសិនបើ​គ្រប់​ប្រទេស​ទាំងអស់ ក្នុង​នោះ​មាន​អីុរ៉​ង់ រុ​ស្ស៊ី វេ​ណេ​ស៊ុ​យ​អេ​ឡា បណ្តា​ប្រទេស​របស់ OPEC ព្រមទាំង​បណ្តា​ប្រទេស​ផលិត​ប្រេង​សំខាន់​ៗ​សម្រេច​ផ្អាក​ផលិតកម្ម​យើង​ក៏​នឹង​ផ្អាក​ដែរ ។ ប្រសិនបើ​នរណា​មួយ​សម្រេច​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន នេះ​យើង​ក៏​នឹង​មិន​បដិសេធ​ក្នុង​ការ​បង្កើន​ដែរ ។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​១ មេ​សា ក្រោយ​ការ​ព្រមាន​នេះ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ តម្លៃ​ប្រេង​នៅ​ទីផ្សារ​ក្រុង​ញូ​វ​យ៉​ក​ធ្លាក់​ចុះ​១,៥៥​ដុល្លារ មក​នៅ​ត្រឹម​៣៦,៧៩​ដុល្លារ​ក្នុង​មួយ​ធុង ។

សេចក្តីថ្លែងការណ៍​ទាំងនោះ​កើត​មាន​ផង​ដែរ មុន​កិច្ចប្រជុំ​នៅ​ទីក្រុង​ដូ​ហា​នា​ថ្ងៃ​ទី​១៧ មេ​សា របស់​បណ្តា​ប្រទេស​នាំ​ប្រេង​ឆៅ​ចេញ​ជា​សមាជិក ឬ​ពុំ​មែន​សមាជិក​របស់ OPEC ដើម្បី​ប៉ុនប៉ង​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព​ដល់​ផលិតកម្ម ហើយ​ជួយ​ទ្រទ្រង់​តម្លៃ​ប្រេង​ឆៅ​ដែល​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​ការ​ផ្គត់ផ្គង់​មាន​ខ្ពស់​ខ្លាំង​ពេក ។

អីុរ៉​ង់​ជា​គូប្រជែង​តំបន់​សំខាន់​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ទី​៤ លើ​ពិភពលោក ចោទប្រកាន់​ក្រុង​រី​យ៉ា​ដ​ថា បង្កើន​ផលិតកម្ម​ក្រោយ​ការ​ពង្រឹង​ទណ្ឌ​កម្ម​របស់​អា​មេ​រិ​ក និង​អឺរ៉ុប​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់​កាលពី​ឆ្នាំ​២០១២ ហើយ​ដណ្តើម​ចំណែក​ទីផ្សារ​របស់​ខ្លួន ។

បណ្តា​អ្នក​ទទួលខុសត្រូវ​អីុ​រ៉​ង់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តែង​បង្ហាញ​ពី​ឆន្ទៈ​បង្កើន​ផលិតកម្ម​ប្រេង ហើយ​ដណ្តើម​យក​ចំណែក​ទីផ្សារ​របស់​ខ្លួន​វិញ ដើម្បី​ឱ្យ​ដល់​កម្រិត​​នាំ​ចេញ​មុន​ឆ្នាំ​២០១២ ដែល​មាន​លើស​ពី​២,២​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ៕