រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​ មាន​ឈ្មោះ​ក្នុង​បញ្ជី​​លាក់​លុយ​ក្រៅ​ស្រុក

ដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា លោក អង្គ វង្សវឌ្ឍនា ត្រូវ​បាន​គេ​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី «Panama Paper» ដែល​ជា​ការ​បែក​ធ្លាយ​នៃ​កំណត់​ត្រា​ធនាគារ​ដែល​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ការ​លាក់​លុយ​នៅ​ក្រៅ​ប្រទេស​​របស់​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ និង​មាន​អំណាច​ជាង​គេ​មួយ​ចំនួន​នៅ​ជុំវិញ​ពិភព​លោក។

ឯកសារ​បែក​ធ្ក្លាយ​​ប្រមាណ​ ១១.៥ លាន​ឯកសារ​របស់​ក្រុមហ៊ុន​មេធាវី​ Mossack Fonseca ដែល​មាន​ទីតាំង​នៅ​ប្រទេស ប៉ាណាម៉ា​កំពុង​តែ​ត្រូវ​បាន​ស៊ើប​អង្កេត​ក្រោម​ការ​សម្រប​សម្រួល​របស់​ សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ។

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ការ​លាក់​លុយ​នៅ​ក្រៅ​ស្រុក​ គឺជា​មធ្យោបាយ​ជាទូទៅ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​​​គេច​ពី​ការ​បង់​ពន្ធ និង​លាក់​កំបាំ​ងការ​លាង​លុយ និង​អំពើ​ពុករលួយ​ផងដែរ។ វាក៏​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទាក់​ទង​នឹង​ច្បាប់​ផងដែរ ដូចជា ការ​គេច​ពី​ការ​បង់​ពន្ធ​ដោយ​ស្រប​​ច្បាប និង​ផ្តល់​នូវ​មូលដ្ឋាន​ប្រតិបត្តិការ​ទូទៅ​ពី​យុតាធិការ​ (Jurisdiction) ផ្សេង​ទៀត​ជាដើម​។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​ មាន​ឈ្មោះ​ក្នុង​បញ្ជី​​លាក់​លុយ​ក្រៅ​ស្រុករដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា លោក អង្គ វង្សវឌ្ឍនា

ការ​រកឃើញ​នេះ​ហាក់​ដូចជា​ការ​ស្រោច​ទឹក​ក្តៅ​ទៅ​លើ​មន្រ្តី​ជាន់​ខ្ពស់ និង​អ្នក​នយោបាយ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក។ តិច​ជាង​ ២៤ ម៉ោង​បន្ទាប់​ពី​រឿង​នេះ​ត្រូវ​បាន​បែក​ធ្លាយ មាន​ការ​លើក​ឡើងមួយ​នៅ​ប្រទេស​ អ៊ីស្លង់​ ​ថា អាច​នឹង​មាន​ការ​បោះ​ឆ្នោត​មុន​អណ្ណត្តិ​នៅ​ក្នុង​ប្រទេស​នេះ បន្ទាប់​ពីឯកសារ​ជាច្រើន​នៅ​ក្នុង​ចំណោម​ឯកសារ​ដែល​លេច​ធ្លាយ​ទាំង​នោះបាន​បង្ហាញថា នាយក​រដ្ឋមន្រ្តី​ Sigmundur Davíð Gunnlaugsson បាន​ប្រើ​ប្រាស់​គណនី​​ធនាគារ​ក្រៅ​ប្រទេស ដើម្បី​លាក់​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

ក្នុង​ចំណោម​កំណត់​ត្រា​ក្រុម​ហ៊ុន​ កិច្ចសន្យា និងអ៊ីម៊ែលទាំង​នោះ គេ​ឃើញ​មាន​បញ្ជីរ​ឈ្មោះ​ក្រុម​វិនិយោគិន សរសេរ​ដោយដៃ ​របស់​ក្រុម​ហ៊ុន RCD International Limited ស្ថិត​នៅ​លើ​ប្រជុំ​កោះ Virgin ​ប្រទេស​អង់គ្លេស​ ដែលក្នុង​នោះ​​មាន​ឈ្មោះ​របស់​លោក អង្គ​ វង្ស​វឌ្ឍនា។

លោក​មាន​ឈ្មោះ​ស្ថិត​នៅ​ក្នុង​ចំណោម​ម្ចាស់​ភាគ​ហ៊ុន​ទាំង​ប្រាំ​នាក់​​របស់​ក្រុម​ហ៊ុន RCD ដោយ​បាន​ទិញ​ចំនួន ៥០០០ ហ៊ុន ក្នុង​តម្លៃ ១ ដុល្លារ​ក្នុង​មួយ​ហ៊ុនៗ នៅឆ្នាំ ២០០៧។ មុខ​របរ​ដែល​លោក​ដាក់​​ឈ្មោះ​ចុះ​​បញ្ជី​នោះ​គឺ​«រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌»។

ចំណែក​ឯ​ម្ចាស់​ភាគ​ហ៊ុន​ ៤ ​នាក់​ទៀត​ត្រូវ​បាន​គេ​រាយការណ៍ថា មាន​ទាំង​អ្នក​ជំនួញ​ចិន និង​កម្ពុជាលាយ​គ្នា​។

គេហទំព័រ​របស់ ICIJ បាន​ឲ្យ​ដឹង​ថា RCD ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុម​ហ៊ុន​ដោយ​សាជីវកម្ម Corporate Management Services Limited នៅ​ថ្ងៃ​ទី ១២ ខែកុម្ភៈ​ ឆ្នាំ ២០០៧ ក៏​ប៉ុន្តែ​នៅថ្ងៃ​ទី ៣១ ខែ​តុលា​ឆ្នាំ ២០១០​​ វា​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​ក្រុម​ហ៊ុន​នៅ​លើ​ប្រជុំ​កោះ Virgin របស់​អង់គ្លេស។

ទោះ​បី​ជា​យ៉ាង​ណា នៅ ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១២ ក្រុម​ហ៊ុន​មួយ​ទៀត​ឈ្មោះ RCD International Limited ត្រូវ​បាន​គេ​ចុះ​ឈ្មោះ​នៅ​ទីក្រុង​ ហុង​កុង តែ​វា​ត្រូវ​បាន​រំសាយ​នៅ​ឆ្នាំ​បន្ទាប់ ទោះបី​ជា​គេ​នៅ​មិន​ទាន់​ច្បាស់​ថា ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​មាន​ពាក់​ព័ន្ធគ្នា​ដែរ​ឬ​អត់។

ខណៈ​ថ្ងៃ​ទី ៤ មេសា​នេះ ចំថ្ងៃ​បុណ្យ​ឈប់សម្រាក​​មួយ​នៅ​ទីក្រុង ​ហុងកុង ភ្នំពេញ ប៉ុស្តិ៍​​ពុំ​អាច​ទាក់​ទង​សុំ​ព័ត៌មាន​បន្ថែម​ពី​តំណាង​ក្រុម​ហ៊ុន​ Corporate Management Services Limited បាន​ឡើយ។

ភ្នំពេញ ប៉ុស្តិ៍ ក៏​ពុំ​អាច​ទាក់​ទង​លោក​រដ្ឋមន្ត្រី​ក្រសួង ​យុត្តិធម៌ អង្គ វង្ស​វឌ្ឍនា ដើម្បី​សុំការបំភ្លឺ​​បាន​ដែរ។​

សូម​បញ្ជាក់​ ផង​ដែរ​ថា ក្រុមហ៊ុន Mossack Fonseca ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧៧ និង​មាន​ការិយាល័យ​ជាង ៤០ នៅ​ក្នុង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​បាន​ជួយ​អតិថិជន​ឲ្យ​បង្កើត​ក្រុមហ៊ុន​មិន​ធ្វើ​ជំនួញ​តែ​មាន​ឈ្មោះ​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន (Shell Company) នៅ​បរទេស ដើម្បី​កាន់​កាប់​មូល​ធន​ហិរញ្ញវត្ថុ ខណៈ​ដែល​អត្តសញ្ញាណ​ម្ចាស់​មូល​ធន​ទាំង​នោះ​ត្រូវ​បាន​គេ​លាក់​ជា​អាថ៍​កំបាំង៕

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​ មាន​ឈ្មោះ​ក្នុង​បញ្ជី​​លាក់​លុយ​ក្រៅ​ស្រុក

ប្រភពៈ ភ្នំពេញប៉ុស្តិ៍