មិន​ចេះ​​រាង​សោះ អាធំ​បុក​គ្នា​កាត់​ទទឹង​ផ្លូវ​

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​តូច​-​ធំបាន​កកស្ទះ​រាប់​សិប​គ្រឿង ទីបំផុត​បង្ខំចិត្ត​បើក​កាត់​ស្ថានីយ​ថ្លឹង​រថយន្ត ដោយសារ​តែ​មាន​រថ​យន្តក្រុង​បុក​ជាមួយ​រថយន្ត​អ៊ី​ណូ​ដឹក​កុងតឺន័រ កាលពី​វេលា​ម៉ោងជាង​០៦​ល្ងាច​ថ្ងៃ​ទី​០៣ មេ​សា ២០១៦ ស្ថិត​ផ្លូវជាតិ​លេខ​៥ មុខ
ស្ថានីយ​​​​ថ្លឹង​រថយន្ត​កូន​ដំរី ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ប្រភេទ​បឺស​៤៥​កៅអី ពណ៌​.​ស​ខៀវចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-​9753 របស់​ក្រុមហ៊ុន​អូ​ឡាំ​ពិ​ក ដឹក​អ្នកដំណើរ​នៅ​ទទឹង​ផ្លូវ មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើយ ហើយ​អ្នកបើកបរ​គេច​បាត់ ។ សមត្ថ​កិច្ច​និយាយ​ថា រថយន្ត​នេះ​បុក​រថយន្ត​អ៊ី​ណូ​ពណ៌​ខៀវ ចង្កូត​ឆ្វេង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-1765 ដឹក​កុងតឺន័រ​ពេល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​ដោយ​រថយន្តក្រុង​មក​ពី​ទិស​ខាងកើត ។

អ្នក​បើករថយន្ត​អ៊ី​ណូ​ដឹក​កុងតឺន័រ ឈ្មោះ​ហឿ​ន គ្រឹ​ស្នា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កំ​ពិស ខេត្តកណ្តាល និយាយ​​​ថា រថយន្តក្រុង​មុន​បុក​រថយន្ត​ដែល​ខ្លួន​បើក គឺ​ឡើង​ជែង​រថយន្ត​ធំ​មួយ​គ្រឿង ក្នុង​ដំណើ​ស្រប​ទិស​មក​ពី​កើត រួច​ហើយ​ក៏​រេ​ចង្កូត​មក​បុក​រថយន្ត​ខ្លួន​ពេញទំហឹង​តែ​ម្តង ។ ដោយសារ​ដងផ្លូវ​ជាតិ​លេខ​៥​នៅ​កន្លែង​កើតហេតុ មិន​អាច​ចរាច​ណ៍​ឆ្លងកាត់​បាន គេ​ឃើញ​រថយន្ត​តូច​-​ធំ ដែល​កកស្ទះ​ជា​ច្រើន​គ្រឿង បាន​បង្ខំចិត្ត​ឆ្លងកាត់​តាម​ស្ថានីយ​ថ្លឹង​រថយន្ត​ព្រោងព្រាត ។

យ៉ាងណា​ក៏​ដោយ ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ សមត្ថកិច្ច​អះអាង​ថា គ្មាន​នរណា​ម្នាក់​រង​គ្រោះ​ទេ ដោយ​ក្នុង​រថយន្ត​ក្រុងមាន​អ្នកដំណើរ​៤ ទៅ​៥​នាក់ រួម​ទាំង​ព្រះសង្ឃ​ចំនួន​៣​អង្គ​តែ​ប៉ុណ្ណោះ ។ ក្រោយ​កើតហេតុ ហេតុ​សមត្ថកិច្ច​បាន​រក​រថយន្ត​ធំ​អូស​រថយន្ត ដែល​​នៅ​ទទឹង​ផ្លូវ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ។ ចំណែក​រថយន្ត​អ៊ី​ណូ​ដឹក​កុងតឺន័រ ត្រូវ​ក្រុមហ៊ុន​រក​រថយន្ត​ផ្សេង​ទៅ​ប្តូ​រដឹក​កុងតឺន័រ ហើយ​យក​រថយន្ត​ផ្សេង​មួយទៀត អូស​ក្បាល​រថយន្ត​អ៊ី​ណូ​នោះ​ទៅ​ជួសជុល ៕