រន្ធត់ណាស់ ! កិន​មីនតោន​ផ្ទុះ​ខ្ទេច​រថយន្ត​មួយ​កំណាត់​ក្រោយ

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ជនជាតិ​ថៃ​ម្នាក់​បាន​រង​របួសស្រាល ឯ​បុរស​វ័យ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​ម្នាក់​បាន​រង​របួសធ្ងន់ ដោយសារ​បើកឡាន​កិន​មីនតោន​ផ្ទុះ​ខ្ទេច​រថយន្ត​មួយ​កំណាត់​ក្រោយ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦ ចំណុច​ដី​ឡូត៍​មួយ​កន្លែង​ក្នុង​តំបន់​១ ក្នុងភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក សូ ចាន់​ណា​រី មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ថៃ​ឈ្មោះ ឈួ យឿ​ន​យ៉ុ​ង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​គោក​ធ្យូង ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​បើករថយន្ត​ម៉ាក​នី​សាន់ មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ឆ្លង​ចូល​មក​ទិញ​ធ្យូង​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ។ នៅ​ចំណុច​កើតហេតុ​ពេល​បើករថយន្ត​ចូល​ទៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នោះ ខណៈ​បើកថយក្រោយ​ក៏​កិន​ត្រូវ​មីនតោន​ដែល​សល់​ពី​សម័យ​សង្គ្រាម​ផ្ទុះ​​ខ្ទេច​រថយន្ត​មួយ​កំណាត់​ក្រោយ និង​បណ្ដាល​ឲ្យ​ជនជាតិ​ថៃ​អ្នកបើកបរ​រង​របួសស្រាល ចំណែក​កម្មករ​លី​ធ្យូ​ង​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ វ៉ា​ន់ សីហា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក រង​របួសធ្ងន់ ដឹក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​បី​ជាន់ បន្ទាប់​មក​គ្រូពេទ្យ​នៅ​ទីនោះ​ឲ្យ​បន្ត​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ៕