ការ​ជួញដូរ​សត្វព្រៃ​ជា​អំពើ​ខុសច្បាប់ តែ​សត្វព្រៃ​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ​នៅ​បន្ទាយ​មាន​ជ័យ

ខេត្តបន្ទាយមានជ័យ ៖ សត្វព្រៃ​មាន​ទាំង​សត្វ​ស្លាប​ផង​ត្រូវ​បាន​ឈ្មួញ​យក​មក​ដាក់​លក់​លើ​ទីផ្សារ​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​យ៉ាង​អនាធិបតេយ្យ​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​គ្មាន​មន្ត្រី ឬ​សមត្ថកិច្ច​ណា​យក​ភ្នែក​មើល​ឡើយ ផ្ទុយ​ទៅ​វិញ​បែរជា​នាំ​គ្នា​ទិញ​យក​ទៅ​ទទួលទាន​ថែម​ទៀត​ផង ។

តាម​ចានដែក​លក់​របស់​ឈ្មួញ​នៅ​ផ្សារ​ខាងលើ គេ​ឃើញ​មាន​សត្វ​ចម្រុះ​មាន​ដូច​ជា អណ្តើក​, ពស់​, សត្វ​ទង់ ... ជា​ច្រើន​ក្បាល​ត្រូវ​បាន​ឈ្មួញ​២-៣​នាក់​យក​ទៅ​ដាក់​លក់​ទាំង​រស់ ដោយ​មិន​ខ្លាចញញើត​ផ្លូវច្បាប់​ឡើយ ។ ពេល​សួរនាំ ក្រុម​ឈ្មួញ​លក់​សត្វព្រៃ​ទាំង​នោះ​និយាយ​ថា សត្វ​ទាំងនោះ​ពួក​គាត់​ទិញ​ពី​គេ​តាម​ភូមិ ។ មិនតែប៉ុណ្ណោះ​ពេល​ឃើញ​អ្នក​យក​ព័ត៌មាន​ផ្តិត​យក​រូបភាព​ឈ្មួញ​ទាំងនេះ​បែរជា​និយាយ​បែប​ឡកឡឺយ​ថែម​ទៀត​ផង ។

ប្រភព​ព័ត៌មាន​នានា​បាន​លើក​ឡើង​ថា សត្វព្រៃ និង​សត្វ​ស្លាប ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លក់​នៅ​ផ្សារ​មួយ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ក្នុងភូមិ​កូន​ដំរី​ជា​រៀងរាល់ថ្ងៃ ជួន​តិច​ជួន​ច្រើន ហើយ​ថា​សត្វព្រៃ​ទាំងនោះ​បាន​ក្លាយជា​អាហារ​ដ៏​ពេញ​និយម​របស់​អ្នកមាន​ប្រាក់ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ទេ សូ​ម្បី​តែ​មន្ត្រី និង​សមត្ថកិច្ច​ខ្លះ​ក៏​មាន​ប្រភព​ថា​បាន​ស្លៀកពាក់​ស៊ី​វិល​នាំ​គ្នា​ទៅ​ទិញ​សត្វ​ទាំងនោះ​រាល់​ល្ងាច​ទៀត​ផង ។

គេ​កត់​សម្គាល់ថា ប៉ាណូ​កាត់​ដងផ្លូវ​ជាតិ​មួយ​ចំនួន​មាន​រូប​សត្វព្រៃ និង​មាន​ទាំង​អក្សរ​ស​សេរ​ថា «​ការ​ជួញដូរ​សត្វព្រៃ​ជា​អំពើ​ខុសច្បាប់​» មិនតែប៉ុណ្ណោះ​មាន​ទាំង​លេខ​ទូរស័ព្ទ​ដើម្បី​ឲ្យ​រាយការណ៍​ផង​ដែរ ។

ទោះជា​បែប​នេះ​ក្តី អ្នកមាន​ប្រាក់​មួយ​ចំនួន​ហើយ​ក៏​អាច​មាន​ទាំង​មន្ត្រី​សមត្ថកិច្ច​ផង​នោះ មិន​បាន​ខ្វាយខ្វល់​ទេ គឺ​ពួក​គេ​បែរជា​នាំ​គ្នា​ទៅ​រក​ទិញ​សត្វព្រៃ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំណីអាហារ​ទទួលទាន​ទៅ​វិញ ។

បច្ចុប្បន្ន​មិន​ថា​ផ្សារ​ខាងលើ​ទេ សូ​ម្បី​តែ​តាម​ភោជនីយដ្ឋាន ឬ​កន្លែង​កំសាន្ត​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ក៏​អា​ចក​ម្ម៉​ង់​សាច់សត្វ​ព្រៃ​ទទួលទាន​បាន​ដែរ រហូត​ហាង​ខ្លះ​ហ៊ាន​ស​សេរ​លើ​វិ​ក្ក័​យ​ប​ត្រ​គិត​ប្រាក់​ពី​ឈ្មោះ​សត្វព្រៃ​ទៀត​ផង ។

ជុំវិញ​ករណី​ខាងលើ​នេះ​«​កោះសន្តិភាព​»​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ទេ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ចំណែក​លោក ម៉ា​រិ​ន មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត សង្ស័យ​បិទ​ទូរស័ព្ទ​ព្រោះ​ចុច​ជា​ច្រើន​ដង​មិន​អាច​ទាក់ទង​បាន ៕