ខ្ចី​បង្គន់​​ផ្ទះ​គេ ដើម្បី​បញ្ចប់ជីវិត​ខ្លួន​យ៉ាង​អាថ៌​កំបាំង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ដែល​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ស្គាល់​ថា ជា​លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​ព្យាបាល​ជំងឺ​កូន​ក្មេង ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ដោយ​ចង​.​ក​នៅ​ក្នុង​បន្ទប់​បង្គន់ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ ស្ថិត​នៅ​ភូមិ​៣ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង  ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សែត វី​ភា​វី អាយុ​៥២​ឆ្នាំ ។ ចំណែក​ម្ចាស់ផ្ទះ​ដែល​ជន​រង​គ្រោះ​សម្លាប់​ខ្លួ​នេះ គឺជា​ផ្ទះ​របស់​​ប្អូនថ្លៃ មាន​ប្តី​ឈ្មោះ​អ៊ា​ម រាយ និង​ប្រពន្ធ​ឈ្មោះ​អ៊ុយ ស្រី​ពៅ (​ជា​ប្អូនថ្លៃ​) មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ រួច​ក៏​សុំ​ម្ចាស់ផ្ទះ​ចូល​បង្គន់​បត់ជើង​បន្តិច ហើយ​គាត់​ក៏​ដើរ​ចូល​ទៅ​ស្រប​​ពេល​នោះ ស្ត្រី​ប្អូនថ្លៃ​ក៏​បាន​ចេញ​ទៅ​ផ្សារ​ទិញ​ម្ហូប​ដែរ ។ លុះ​ស្ត្រី​ជា​ប្អូនថ្លៃ​ត្រឡប់​មក​ផ្សារ​វិញ ក៏​នៅ​មិន​ទាន់​ឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់ទឹក​វិញ​ដែរ ក៏​សួរ​ដេញដោល​គ្នា​និង​មានការ​ងឿងឆ្ងល់ ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​នាំ​គ្នា​ទៅ​មើល រួច​ទម្លាយ​ទ្វារ​បន្ទប់​បង្គន់​នោះ ក៏​ឃើញ​បងថ្លៃ​ចង​.​ក​នឹង​ក្រ​ម៉ា​អង្គុយ​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង និង​ប្តឹង​មេ​ភូមិ មេឃុំ រួម​ទាំង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ត្រួតពិនិត្យ​សព ។ ពាក់ព័ន្ធ​ករណី​នេះ ត្រូវ​គេ​សង្ស័យ​ថា មូលហេតុ​ដែល​សម្លាប់​ខ្លួន​នេះ គឺសង្ស័យ​អាច​មក​ពី​ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត ព្រោះ​​​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​
កាយ ។ ទោះបីជា​យ៉ាងណា មូលហេតុ​ច្បាស់​យ៉ាងណា​នោះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត ។