ក្រសួងបរិស្ថាន​ហាម​ចុះ​មុជទឹក​សមុទ្រ​នៅ​តំបន់​កែប​រហូត​ដល់​ចុង​ស​ប្តា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​គ្រប់​រូប ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប និង​ភ្ញៀវ​ទេសចរ បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដោយ​គួរ​ផ្អាក​ចុះ​មុជទឹក​សមុទ្រ​កម្សាន្ត​រហូត​ដល់​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​ជា​ការ​បង្ការ​បញ្ហា​គ្រោះថ្នាក់​ជាយថាហេតុ ក៍​ដូច​ជា​ទុក​ឱកាស​ឲ្យ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​កែប ធ្វើការ​បោសសម្អាត​ឆ្នេរ​ឲ្យ​បាន​ស្អាត​សិន ។​ ចំណែក​ការ​នេសាទ​សមុទ្រ​នៅ​ខេត្ត​កែប ប្រជា​នេសាទ​អាច​បន្ត​ប្រកប​របរ​របស់​ខ្លួន​នៅ​តាម​តំបន់​ទឹក ដែល​មាន​រយៈ​ចម្ងាយ ៥០០​មែ​ត្រ​ឡើង​ទៅ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ចុះ​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ បាន​ពន្យល់​បន្ថែម​ថា តាម​ការ​សន្និដ្ឋាន​បឋម ការ​កើនឡើង​នូវ​កម្រិត​ស្លែ​នៅ​ក្នុង​សមុទ្រ គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​សីតុណ្ហភាព ពន្លឺ និង​ការ​ប្រែប្រួល​នូវ​ជីវជាតិ​ចិញ្ចឹម​នៅ​ក្នុង​ទឹកសមុទ្រ​។

យ៉ាងណា​ក៍ដោយ​បើ​តាម​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​ទូទៅ ស្លែ​ដែល​កើត​មាន​ឡើង​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប​បាន​បាត់​ទៅ​វិញ​ស្ទើរ​ទាំងស្រុង ហើយ​ថា​ស្ថានភាព​ទឹកសមុទ្រ​មាន​ភាព​រង​ថ្លា និង​ឈាន​ទៅ​រក​ប្រក្រតី​ឡើង​វិញ ៕