តុលាការ​លើក​ពេល​កាត់ទោស​ស្ត្រី​ឥស្លាម ​ដែល​ដាក់​ច្រវាក់​ក្មួយ​ស្រី​នៅ​ក្នុង​ផ្ទះ

តុលាការ​លើក​ពេល​កាត់ទោស​ស្ត្រី​ឥស្លាម ​ដែល​ដាក់​ច្រវាក់​ក្មួយ​ស្រី​នៅ​ក្នុង​ផ្ទះ



ភ្នំពេញ​ ៖ ​ក្រុម​ប្រឹក្សា​ជម្រះ​ក្ដី​ តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ​ខែ​មេសា ឆ្នាំ​២០១៦ បាន​សម្រេច​លើក​ពេល​បើកសវនាការ​សំណុំរឿង​ឧក្រិដ្ឋ​ របស់​ម្ដាយមីង​ឥស្លាម​ ២​នាក់​ ដែល​បាន​ចាប់​ក្មួយ​ស្រី​ដាក់​ច្រវាក់​ជើង​បង្ខាំង​ទុក​ក្នុង​ផ្ទះ​ ហើយ​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​បុរស​ចំណាស់​ជា​ថ្នូរ​នឹង​ប្រាក់។

ទោះយ៉ាងណា​ចៅក្រម​តុលាការ​មិន​ប្រាប់​អំពី​មូលហេតុ ​ដែល​លើក​ពេល​កាត់ទោស និង​កាល​កំណត់​កាលបរិច្ឆេទ​ថ្មី​ដើម្បី​បើក​សវនាការ​នោះ​ទេ ខណៈ​ពេល​ ដែល​ជន​ត្រូវ​ចោទ​បាន​នាំមក​តុលាការ​តាម​កំណត់។

សូម​រំលឹក​ថា ​កាលពី​ថ្ងៃ​ទី​៣ ​ខែ​សីហា ​ឆ្នាំ​២០១៥ ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ក្រុងភ្នំពេញ ​បាន​ចូល​ត្រួតពិនិត្យ​លំនៅឋាន​ជនជាតិ​ឥស្លាម​មួយ​គ្រួសារ​នៅ​​​ក្នុង​ខណ្ឌ​ឫស្សីកែវ ​ដោយ​បាន​ឃាត់​បុរស​ម្នាក់​ឈ្មោះ​ឈឹ​ ឆៃ អាយុ​៣៦​ឆ្នាំ ជា​អ្នកភូមិ និង​ស្ត្រី​ឈ្មោះ​ជា ទីណា ​អាយុ២៧ ​និង​ឈ្មោះ​ជា ស្រស់ អាយុ​៣២​ឆ្នាំ។ ទាំង​ពីរ​នាក់​ជា​ម្ដាយ​មីង​របស់​ក្មេង​ស្រី​រងគ្រោះ។

កាលនោះ​លោក កែវ ធា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រុងភ្នំពេញ​បាន​រាយការណ៍​ថា កាលពី​ឆ្នាំ​២០១៥ ម្ដាយមីង​ទាំងពីរ​នាក់​បាន​លួងលោម​ក្មួយ​ស្រី​លក់​ផ្លូវ​ភេទ​ឲ្យ​ឈ្មោះ ឈឹម ឆៃលី បាន​ប្រាក់ ១០០០​ដុល្លារ។

លុះដល់​ចុង​ឆ្នាំ ២០១៥ ​បាន​លួង​ក្មួយ​ឲ្យ​លក់​ផ្លូវ​ភេទ​ម្ដងទៀត តែ​ក្មួយ​មិន​ព្រម​ក៏​ចាប់​ដាក់​ច្រវាក់​ជើង​តែម្ដង។ លុះដល់​ថ្ងៃ​ទី​៣១ ​ខែ​កក្កដា​ ឆ្នាំ​២០១៥ ក្មេង​រងគ្រោះ​បាន​រួច​​ច្រវាក់ ​ក៏​រត់​មក​ឲ្យ​សមត្ថកិច្ច​ជួយ​តែម្ដង។

ផ្ទុយ​ពី​អ្វី​ ដែល​សមត្ថកិច្ច​បាន​លើក​ឡើង​នោះ ក្រុម​បុរស ស្ត្រី​ឥស្លាម​ ដែល​មាន​លំនៅឋាន​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ក្មេង​ស្រី​ឈ្មោះ ជ ណ រ ​នោះ​ជា​ក្មេង​កំព្រា មាន​អាយុ ១៥​ឆ្នាំ​ត្រូវ​ ម្ដាយចិញ្ចឹម​ តាំងពី​ឪពុក​ម្ដាយ​វា​ស្លាប់​ចោល​ម្ល៉េះ។

អ្នក​ភូម​និយាយ​ទៀត​ថា​ ក្មេងស្រី​នេះ​មាន​ចរិត​រឹងរូស មិន​ស្ដាប់បង្គាប់​អាណាព្យាបាល​ទេ ដើរលេង​ដាច់​យប់​តាម​មិត្តភ័ក្ដិ ជា​រៀងរាល់ថ្ងៃ ក្នុង​ភូមិ​នរណា​ក៏​ដឹង​ដែរ។ លុះ​ក្រោយមក​មាន​គេ​ចូល​ស្ដីដណ្ដឹង​វា​ ទើប​មីងៗ​វា​ឃាត់​វា​ឲ្យ​នៅ​ក្នុង​ផ្ទះ ព្រោះ​កូនស្រី​ដើរ​អាវាសែ​អញ្ចឹង​គេ​មិន​ស្ដីដណ្ដឹង​ទេ។ ​
ដោយសារតែ ម្ដាយមីង វា​រារាំង​នេះ​ហើយ​ទើប​វា​រត់​ទៅ​ប្ដឹង​តែម្ដង។ ចំពោះ​ច្រវាក់​ដាក់​ជើង​នោះ​ទើបតែ​ឃើញ​សមត្ថកិច្ច​យក​មក​បង្ហាញ​តែប៉ុណ្ណោះ ពី​មុន​មិន​ឃើញ​មាន​ទេ៕