កម្មករ​លាង​រថយន្ត​ពេល​បើក​រ៉ឺយែ​រថយន្ត​ក្រោយ​ បុក​រះ​សម្ភារៈ ​និង​គ្រួសារ​មន្ត្រី​នគរបាល​ចរាចរណ៍​របួសធ្ងន់​ និង​ស្រាល​៣នាក់​

កម្មករ​លាង​រថយន្ត​ពេល​បើក​រ៉ឺយែ​រថយន្ត​ក្រោយ​ បុក​រះ​សម្ភារៈ ​និង​គ្រួសារ​មន្ត្រី​នគរបាល​ចរាចរណ៍​របួសធ្ងន់​ និង​ស្រាល​៣នាក់​



ភ្នំពេញ ៖ យុវជន​ជា​កម្មករ​លាង​រថយន្ត​ម្នាក់ ​បន្ទាប់ពី​លាង​រថយន្ត​ឲ្យ​ភ្ញៀវ ​រួច​បាន​ឡើង​បើកឡាន​នោះ​រ៉ឺយែ​រថយន្ត​ក្រោយ ​ដើម្បី​ជូន​ទឹក​ឲ្យ​ស្អាត ​ប៉ុន្តែ​ពេល​បើក​រ៉ឺយែ​រថយន្ត​ក្រោយ​នោះ បាន​បុក​រះ​សម្ភារៈ​កន្លែង​លាង​ឡាន​ និង​ម៉ូតូ​អ្នកដំណើរ​ជា​តាម​ដង​ផ្លូវ​ បណ្ដាល​ឲ្យ​របួស​បាក់ជើង​ស្ត្រី​ម្នាក់​និង​ស្រាល​២​នាក់​ នៃ​គ្រួសារ​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​ម្នាក់​ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ចិញ្ចើម​ផ្លូវ​នៅមុខ​កន្លែង​លាង​ឡាន​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃទី​០៤​ ខែមេសា ​ឆ្នាំ​២០១៦​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ចំណុច​កន្លែង​លាង​រថយន្ត​យីហោ​ស្អាត​ពេញចិត្ត​លាង​ឡាន​និង​ម៉ូត​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អ្នក​លាង​ឡាន​ឈ្មោះ​ភិន ស្រស់ ​ភេទ​ប្រុស ​អាយុ​២២ឆ្នាំ​ ស្នាក់នៅ​កន្លែងធ្វើការ​ និង​មាន​ទីលំនៅ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ។

តាម​ប្រភព​ពី​ប្រជា​ការពារ​ភូមិ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ភ្ញៀវ​ម្នាក់​ បាន​បើក​ឡានរ​ម៉ាក​ហាយ ឡែ​ន​ឌ័រ​មួយ​គ្រឿង​មក​ចូល​លាង​នៅ​កន្លែង​នោះ ​ខណៈ​ពេលដែល​លាង​រួចហើយ​ស្រាប់តែ​កម្មករ​លាង​រថយន្ត​នោះ​ បាន​ឡើង​បើក​រ៉ឺយ៉ែរថយន្ត​ក្រោយ​ ចុះ​មក​ជូត​សំអាត​ទឹក​ដោយ​មិន​ចេះ​បើក​ស្ទាត់​ផង​នៅ​ព្រើលៗ​បាន​ជាន់​ហ្គែរ​បុក​បង្គោល​សសរ​រោង ​រួច​បន្ត​បុក​រះ​ខ្ទម​អ្នកតា​ព្រះ​ភូមិ​ដោយ​យុវជន​កម្មករ​នោះ​ស្លន់ស្លោ​ខ្លាំង​ពេក​មិន​ជាន់​ហ្វ្រាំង​ បែរជា​ជាន់​ហ្គែរ​បន្ថែម​ទៀត​ ទៅ​បុក​ម៉ូតូ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​មួយ​គ្រួសារ​ បណ្ដាល​ឲ្យ​បាក់ជើង​ស្ត្រី​ម្នាក់​ និង​របួសស្រាល​២​នាក់។

ប្រភព​បាន​បន្ត​ទៀត​ថា​ ជនរងគ្រោះ​មួយ​គ្រួសារ​នោះ​ គឺជា​មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​ផង​ដែរ​ភ្លាមៗ​នោះ​ជន​រង​គ្រោះ​ ត្រូវ​បាន​រថយន្ត​សាមុយ​របស់​កងពលតូច ង​៧០​ដឹក​យក​ទៅ​សង្គ្រោះ​អាយុ​ជីវិត​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ ហើយ​រថយន្ត​ និង​ម៉ូតូ​កំពុង​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចរចា​ដោះស្រាយ​គ្នា​តែ​មិនទាន់​ដឹង​ថា ​យ៉ាងណា​នោះ​ទេ​ តែ​ភាព​តានតឹង​នេះ​អាច​នឹង​យក​មក​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់​ចរាចរណ៍​ខណ្ឌ​ជា​បណ្ដោះអាសន្ន​សិន ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕