កម្ពុជា​ទទួល​បាន​ចំណូល​ជាង​២០​លាន​ដុល្លារ​ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ​

កម្ពុជា​ទទួល​បាន​ចំណូល​ជាង​២០​លាន​ដុល្លារ​ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ​



ភ្នំពេញ ៖ កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន​២០,៣​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​១​ឆ្នាំនេះ កើន​ឡើង​២,៥​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

យោង​តាម​ព័ត៌មាន​ផ្លូវការ​របស់​ការិយាល័យ លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤ មិនា​នេះ​ថា គិត​ចាប់ពី​ខែមករា ដល់​ដំណាច់ខែ​មិនា​ឆ្នាំនេះ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​៧០១ ៣៥៨​នាក់ កើនឡើង​១៨​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

វេបសាយ Trip Adviser បាន​ចាត់​ចំណាត់ថ្នាក់​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ក្នុង​ចំណាត់ថ្នាក់​ទី​៥ ក្នុង​ទិសដៅ​ទេសចរណ៍​ទាំង​១០ នៅលើ​ពិភពលោក​ជា​ទិសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ឆ្នាំ​២០១៦​នេះ។ លោក គង់ សុភា​រៈ ប្រធាន​នាយកដ្ឋាន​ព៌​ត​មាន និង​ស្ថិតិ​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំនេះ មាន​កំណើន​យឺត​ឬ​ប្រហាក់ប្រហែល​ឆ្នាំមុន តែ​គិត​ត្រឹម​ដំណាច់​ខែមករា ក្រសួង​ឃើញ​ចំនួន​ភ្ញៀវទេសចរ​មកពី​អឺរ៉ុប​កើនឡើង​៦.៤​ភាគរយ និង​ភ្ញៀវទេសចរ​ចិន​កើន​ខ្លាំង​រហូតដល់​២៥.៦​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​បន្តថា “​រហូត​មកទល់​ពេលនេះ ក្រសួង​មិនទាន់មាន​តួលេខ​ចំនួន​ភ្ញៀវទេសចរ​ដល់​ដំណាច់​ត្រីមាស​ទី​១​ទេ ប៉ុន្តែ​ក្រសួង​រំពឹង​ថា ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហាក់ប្រហែល​ឆ្នាំមុន។ លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា ចំនួន​ភ្ញៀវទេសចរ​តិច​នា​ឆ្នាំនេះ លោក​រក​ចំលើយ​មិនទាន់​ឃើញ​នោះទេ ប៉ុន្តែ​ប្រសិនជា​មើល​ទៅ​ប្រទេស​ថៃ ចំនួន​ភ្ញៀវ​ទេសចរណ៍​មិន​ធ្លាក់​ចុះ​ខ្លាំង​នោះ​ទេ ព្រោះ​ប្រទេស​នេះ​មាន​សេវាកម្ម​ទាំងអស់ មិនមែន តែ​ទេសចរណ៍​វប្បធម៌​នោះ​ទេ​។ លោក​បន្តថា បញ្ហា​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​នៅ​កម្ពុជា មាន​ហេតុផល​មួយ​ចំនួន​ដូចជា សេវាកម្ម​ទេសចរណ៍រ​បស់​កម្ពុជា​នៅមានកម្រិត មិនមាន​ភាព​ចម្រុះ បញ្ហា​សេដ្ឋកិច្ចពិភពលោក និង​បញ្ហា​អំពើ​ភេរវកម្ម។

លោក​បន្ត​ថា “​តាម​ការ​ព្យាករណ៍​របស់​លោក កំណើន​ភ្ញៀវ​ទេសចរ​ឆ្នាំនេះ មិន​កើន​ខ្ពស់​លើស​ឆ្នាំមុន​ទេ ប៉ុន្តែ​ចំនួន​អាច​មាន​កម្រិត​ប្រហាក់ប្រហែល​ឆ្នាំមុន ដោយសារ​លោក​រក​មិន​ឃើញ​ហេតុផល​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​កើន​ខ្ពស់​នោះ​ទេ​” ៕