គ​ណៈ​បញ្ជា​ឯកភាព​ខណ្ឌ​សែន​សុខ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​២៦​នាក់

គ​ណៈ​បញ្ជា​ឯកភាព​ខណ្ឌ​សែន​សុខ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​២៦​នាក់



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ប្រើ​ប្រាស់​កម្លាំង​ទ្រង់ទ្រាយ​ធំ​ឆ្មក់​បង្ក្រាប​ទីតាំង​ផ្សារ​ជួញដូរ​ថ្នាំញៀន​លួចលាក់​ដ៏​ល្បីឈ្មោះ មួយ​នៅ ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ចាប់ខ្លួន​មនុស្ស​ជាប់​ពាក់​ព័​ន្ធ​ចំនួន​២៦​នាក់​ រួម​ទាំង​ថ្នាំញៀន និង​​ឧ​បករ​ណ៍​ប្រើ​ប្រាស់​មួយ​ចំនួន កាលពី​យប់​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រតិបត្តិ បង្ក្រាប​នោះ​កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​មនុស្ស​ជាប់​សង្ស័យ​ទាំងអស់​ចំនួន​៣២​នាក់​ និង​ថ្នាំញៀន​មួយ​ចំនួន​តូច​។

លោក​បាន​បញ្ជាក់​ក្រោយពេល​ឃាត់​ធ្វើ​ការ​ត្រួតពិនិត្យ​ទឹកនោម បាន​រក​ឃើញ​មាន​សារជាតិ​ថ្នាំញៀន​នៅ​ក្នុង​ខ្លួន​ចំនួន​២៦​នាក់ ឯ​មនុស្ស​៦​នាក់​ទៀត​ដែល​មិន​មាន​សារជាតិ​ថ្នាំញៀន​បាន​ដោះ​លែង​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ហើយ ដោយឡែក​អ្នក​ពាក់​ព័ន្ធ​ប្រើ​ប្រាស់ ថ្នាំញៀន​ទាំង​២៦នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា។

ទី​តាំង​ម្តុំ​មុខ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ ឬ​ហៅ មុខ​ពេទ្យ​លោកសង្ឃ​នោះ ជា​តំបន់​ជួញដូរ​ចែកចាយ​និង​ប្រើ​ប្រាស់​ថ្នាំញៀន​ដ៏​ល្បីឈ្មោះ​ និង ​មាន​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​ដូច​ទីផ្សារ​លក់ដូរ​ម្ហូប​អាហារ​ដែរ​ ប៉ុន្តែ​គ្រាន់តែ​មានការ​បិទបាំង​ខ្លះ​ៗ​ប៉ុណ្ណោះ។ ប្រជាជន​នៅ​ទីនោះ​បាន​និយាយ​
​ដូចៗ​គ្នា​ថា តំបន់​នេះ​ជាទី​ផ្សារ​លក់ដូរ​ថ្នាំញៀន​យ៉ាង​គគ្រឹកគគ្រេង​គ្រប់ពេលវេលា ហើយ​ថា​ ​ប្រជាជន​រស់នៅ​ទីនោះ​ពោរពេញ​ដោយ​ការ​ភ័យខ្លាច តែ​គ្មាន​ជ​ម្រើស ព្រោះតែ​ជម្រក។

បើ​តាម​ប្រវត្តិ​នៃ​ការ​កើត​ឡើង​ និង​ការ​បង្ក្រាប​ថ្នាំញៀន​នៅ​ទីនោះ​គិត​រហូត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ប្រហែល​២០​ឆ្នាំហើ​យ តែ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បរាជ័យ​ក្នុង​ការ​កំ​ចាត់​និង​បង្ក្រាប​បទ​ល្មើស​នៅ​ទីនោះ ពោល​គឺ​បង្ក្រាប​បានតែ​ម្ដងម្កាលៗ ឲ្យ​តែ​ល្អ​មើល ប៉ុន្តែ​វា​នៅតែ​កើត​មាន​បទ​ល្មើស​នេះ​នៅ​ទី​នេះ​រហូត​ហើយ​វា​កាន់តែ​រីក​រាល​ធំ​ឡើងៗ​នៅ​ទីនោះ រហូត​ដល់​ពេល​នេះ ដូច​ជំងឺ​មហារីក​គ្មាន​ថ្នាំ​ព្យាបាល​អោយ​ជា​សះ​ដាច់​ស្រឡះ។

​ប្រជាជន​ភាគ​ច្រើ​ន​តែង​យល់ថា មេខ្លោង​ជួញដូរ​ថ្នាំញៀន នៅ​ស្រុក​ខ្មែរ មិន​ខ្លាច​សមត្ថកិច្ច​​ដោយមាន​ភាព​អាថ៌កំបាំង​ ឬ​ អ្នកខ្លះ​ចោទ​ថា ​មេខ្លោង​ជួញដូរ​ធំ​ជាង​គេ​ជា​ខ្សែស្រឡាយ​កូនចៅ​លោកធំ​នៅ​ស្រុក​ខ្មែរ ​ទើ​ប​ត្រឹមតែ​សមរភូមិ​ថ្នាំញៀន​ប៉ុណ្ណឹង​សោះ ខ្លាំង​ជាង​សមរភូមិ​សង្គ្រាម​​ដ​ណ្តើ​ម​ទឹកដី​និង​អំណាច​ទៅទៀត​នោះ។

​មេៗ​ប៉ូលិស ប៉េអឹម តែងតែ​នាំ​អួតអាង​ថា នឹង​បង្ក្រាប​ថ្នាំ​ញៀន​ឲ្យ​អស់​តែ​ទីបំផុត​ថ្នាំញៀន​បាន​រីក​រាលដាល​ពេញ​ប្រទេស​ ហើយ​សព្វ​ថ្ងៃ​នេះ ដែល​កំពុង​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់​ដោយសារ​ឥទ្ធិពល​ថ្នាំញៀន​ពង្វក់ ខួរក្បាល​យុវជន​ទំពាំង​ស្នង​ប្រទេសជាតិ​របស់​កម្ពុជា នៅ​គ្រប់​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ទាំងអស់ ថ្នាក់​ដឹក​នាំ​ក្រសួងមហាផ្ទៃ​គួរ​ប​ង្កើត​យុ​ទ្ធសាស្ត្រ​បែប​ណា ដើម្បី​បង្ក្រាប​បទ​ល្មើ​ស​ថ្នាំញៀន​ឲ្យ​អស់​ទូទាំង​ប្រទេស ដូច​នៅ​ប្រទេស​គេ​៕

គ​ណៈ​បញ្ជា​ឯកភាព​ខណ្ឌ​សែន​សុខ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​២៦​នាក់ គ​ណៈ​បញ្ជា​ឯកភាព​ខណ្ឌ​សែន​សុខ​បង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​២៦​នាក់