សៀវភៅ​និយាយ​ពី​អំណាច​សម្តេច​តេ​ជោ​ ហ៊ុន សែន​ សម្ពោធ​នៅ​ថ្ងៃ​៤​មេសា

សៀវភៅ​និយាយ​ពី​អំណាច​សម្តេច​តេ​ជោ​ ហ៊ុន សែន​ សម្ពោធ​នៅ​ថ្ងៃ​៤​មេសា



ភ្នំពេញ ​៖​ លោក ឆាយ សុផល អ្នកនិពន្ធ​សៀវភៅ និង​ជា​សាស្ត្រាចារ្យ​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​មេសា នេះ បានចេញ​ផ្សាយ​សៀវភៅ​មួយទៀត​ ដែល​មាន​ចំណងជើង​ថា “​ហ៊ុន សែន – នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​” ដែល​បាន​បង្ហាញ​ពី​អំណាច​គ្រប់គ្រង ​ជា​នាយករដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រយៈពេល​៣១​ឆ្នាំ​មកនេះ (៤ មេសា ១៩៨៥ – ៤ មេសា ២០១៦)​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯក​ទីស្នាក់ការ​ក្លិប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល បាន​លើក​ឡើង​ថា សៀវភៅ​នេះ​គឺជា​ឯកសារ​ជំនួយស្មារតី​ផ្នែក​នយោបាយ​ក៏ដូចជា​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត ព្រោះ​លោក​បាន​រៀបរាប់​ដោយ​សង្ខេប​ស្តីពី​របត់​នយោបាយ យោធា សេដ្ឋកិច្ច និង បញ្ហា​សង្គម​មួយចំនួនទៀត​ ដែល​កើតមាន​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុ​ជានា​អំឡុង​ពេល​នៅ​ចន្លោះ​មុន​ឆ្នាំ​១៩៧០ រហូតមកដល់​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០១៦។

លោក​បាន​បញ្ជាក់​ថា “​ថ្វីបើ​សៀវភៅ​មាន​ចំណងជើង​ធំៗ​សរសេរ​ថា ហ៊ុន សែន ក៏ដោយ តែ​ខ្លឹមសារ​ដែល​មាន​កម្រាស់​ជិត​៥០០​ទំព័រ​នេះ​បាន​រៀបរាប់​ពី​នយោបាយ​ និង​អំណាច​ប្រទាក់​ក្រឡា​គ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ផង ​និង​ពិភពលោក​ផង ដោយមាន​ពាក់ព័ន្ធ​នឹង​ឥស្សរជន​ជាច្រើន​ទាំង​ខ្មែរ​និង​បរទេស​ដែល​មាន​នៅមុន​ឆ្នាំ​១៩៧០ រហូតមកដល់​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៦ ក្នុង​នោះ​ក៏មាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក សម រង្ស៊ី និង​លោក កឹម សុខា ផងដែរ​”​។

លោក ឆាយ សុផល បាន​រៀបរាប់​ថា នេះ​ជាការ​ចេញផ្សាយ​លើក​ទី​២ ហើយ​មាន​ចំណុច​ថ្មីៗ​ជាច្រើន ​ព្រោះ​ថា​ កាលពី​ពេល​បោះពុម្ព​លើកទីមួយ​គិត​ព្រឹត្តិការណ៍​ត្រឹម​ឆ្នាំ​២០១១ មាន​ជាង​៣០០​ទំព័រ តែ​លើក​ទី​២​នេះ​គឺ​គិត​ព្រឹត្តិការណ៍​រហូតមកដល់​ពាក់​កណ្តាល​ខែមីនា​ឆ្នាំ​២០១៦ មាន​ដល់​ទៅ​៤៩៤​ទំព័រ​។​

​លោក ឆាយ សុផល បន្តថា នៅក្នុង​ភាពជា​អ្នកដឹកនាំ​រដ្ឋាភិបាល​ក្នុង​រយៈពេល​៣១​ឆ្នាំ​មកនេះ សម្តេច ហ៊ុន សែន ពិត​ជា​មាន​អ្នកគាំទ្រ ​និង​អ្នកប្រឆាំង ដែល​បញ្ហា​នេះ​មិនមែន​ចម្លែក​ទេ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៤ ខែ​មេសា ​ឆ្នាំ​១៩៧០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ចលនា​តស៊ូ​ក្រោយ​មានការ​អំពាវនាវ​រប​ស់​ស​ម្តេច នរោត្តម សីហនុ ឲ្យ​ជនរួមជាតិ​ងើបឡើង​ប្រឆាំង​ពួក​ចក្រពត្តិ​អាមេរិក​ និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក លន់ នល់ ហើយ​សម្តេច​បាន​យក​ថ្ងៃទី​៤ មេសា ជា​ថ្ងៃកំណើត​ផ្លូវការ​នៅ​ក្នុង​ប្រវត្តិរូប​រហូត​មក តែ​ថ្ងៃកំណើត​របស់​លោក​គឺ​ថ្ងៃ​ទី​៥ សីហា​១៩៥២​។ បើ​គិតពី​ថ្ងៃទី​៤ ខែ​មេសា ​ឆ្នាំ​១៩៧០ មកដល់ ថ្ងៃទី​៤ មេសា ២០១៦ គឺ​សម្តេច​តេ​ជោ​បាន​បម្រើ​ប្រទេស​អស់​រយៈពេល​៤៦​ឆ្នាំ​ហើយ ក្នុងនោះ​ជា​នាយករដ្ឋមន្ត្រី​បាន​៣១​ឆ្នាំ។

មកដល់ពេលនេះ លោក ឆាយ សុផល បាន​ចងក្រង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រមាណ​៥​ក្បាល​ហើយ ហើយ​នៅពេលដែល​សួរថា តើ​ការ​បោះពុម្ព​សៀវភៅ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ទេ លោក សុផល បាន​ឆ្លើយ​មួយៗ​ថា “​ជាការ​ពិត គឺ​មិន​ទទួល​កម្រៃ​ច្រើន​ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​នោះ​ទេ តែ​ធ្វើ​ម៉េច​បើ​នេះ​ជា​ជំនាញ​របស់ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​កិច្ចការ​នេះ និង​បន្ត​ធ្វើ​ទៀត​។ ខ្ញុំ​មាន​គម្រោង​ចេញ​សៀវភៅ​ពីរ​ទៀត​នៅមុន​ឆ្នាំ​២០១៨​ខាងមុខនេះ​នេះ​”៕