ក្រសួង​ការបរទេស​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ការ​ចាប់​ខ្លួន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៤ មេសា ថា ក្រសួង​មិន​បាន​ដឹង​ព័ត៌មាន​ណា​មួយ​ឡើយ​ជុំវិញ​ការ​ឃាត់​ខ្លួន លោក ស៊ុត ឌីណា ដែល​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី អះអាង​បែប​នេះ​ក្រោយ​ពេល​សារព័ត៌មាន​ក្នុង​ស្រុក​ចេញ​ផ្សាយ​ព្រោងព្រាត​ថា លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មេសា ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុក​រលួយ និង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បំពេញ​មុខងារ៖ «»

ប្រធាន​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក យីម ស៊ីណន ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ពី​ប្រទេស​កូរ៉េ មក​ថា កាល​ពី​ថ្ងៃ​ទី​២ មេសា លោក ស៊ុត ឌីណា បាន​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ ទាំង​ទឹក​មុខ​ស្រពោន និង​ភ្លេច​មុខ​ភ្លេច​ក្រោយ ដែល​ទំនង​ជា​លោក​បាន​ដឹង​ខ្លួន​ជា​មុន​ថា នឹង​ត្រូវ​អាជ្ញាធរ​កម្ពុជា ឃាត់​ខ្លួន៖ «»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ទេ​នៅ​ថ្ងៃ​ទី​៤ មេសា ដើម្បី​បកស្រាយ​បន្ថែម​ចំពោះ​ការ​ឃាត់​ខ្លួន លោក ស៊ុត ឌីណា ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​ឬ​យ៉ាង​ណា?

លោក ស៊ុត ឌីណា គឺ​ជា​អតីត​ប្រធាន​រណសិរ្សប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​គាំទ្រ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​ជា​សកម្មជន​នយោបាយ​ម្នាក់​ដែល​ធ្លាប់​ដឹក​នាំ​បាតុកម្ម​នានា ប្រឆាំង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ តែ​ក្រោយ​មក លោក ស៊ុត ឌីណា ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រោយ​ពី​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រោយ​ពេល​លេច​ឮ​ព័ត៌មាន​ការ​ឃាត់​ខ្លួន លោក ស៊ុត ឌីណា និង​បញ្ជូន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​៤ មេសា មជ្ឈដ្ឋាន​នានា​ដែល​រួម​មាន​មិត្តភ័ក្ដិ និង​ក្រុម​យុវជន​នៅ​ប្រទេស​កូរ៉េ បាន​បញ្ចេញ​យោបល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ពួក​គេ​ភ្ញាក់​ផ្អើល និង​សោកស្ដាយ​ចំពោះ​ចំណាត់​ការ​នេះ ព្រម​ទាំង​ទទូច​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ដល់ លោក ស៊ុត ឌីណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។