ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​១៣​កន្លែង​ទាមទារ​ឲ្យ​សាលា​ខេត្ត​សៀមរាប​ពន្លឿន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា សហគមន៍​ទំនាស់​ដីធ្លី​ចំ​នួន ១៣​កន្លែង​មក​ពី​ស្រុក​ជាច្រើន បាន​លើក​គ្នា​មក​ស្វែងរក​ជួប​អភិបាល​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ និង​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។

ការ​មក​ជួប​អភិបាល​ខេត្ត​នេះ ដោយសារ​តែ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​របស់​គាត់ បាន​កើត​មាន​ចាប់​តាំង​ពី ៤-៥​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ ទំនាស់​ដីធ្លី​ដែល​កើត​មាន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​សៀមរាប នៅ​តែ​បន្ត​អូស​បន្លាយ បើ​ទោះ​បី​ជា​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ស្រុក​ជាច្រើន ធ្លាប់​ប្រឹងប្រែង​ដោះស្រាយ​យ៉ាង​ណា​ក៏ដោយ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ពី​សហគមន៍​ទំនាស់​ដីធ្លី​នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន​របស់​ខេត្ត​សៀមរាប បាន​បង្ហាញ​ពី​បំណង​ថា ពួក​គេ​ចង់​រស់នៅ​ដោយ​សេរីភាព មិន​ខ្វល់ខ្វាយ​ចំពោះ​ការ​បាត់បង់​ដី​ស្រែ​ចម្ការ ព្រម​ទាំង​កូនៗ​បោះបង់​ចោល​ការ​សិក្សា​ដោយសារ​តែ​ជាប់​រវល់​នឹង​ការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ត​ទៅ​ទៀត​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​ពី​សហគមន៍​ទំនាស់​ដីធ្លី​ចំនួន ១៣​កន្លែង​ក្នុង​ស្រុក​បន្ទាយស្រី ស្រុក​វ៉ារិន ស្រុក​ប្រាសាទបាគង ស្រុក​ស្វាយលើ និង​ស្រុក​ជីក្រែង បាន​លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​មក​ពី​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្ក នៃ​ស្រុក​ប្រាសាទបាគង គឺ​លោកស្រី សៀន រី។ លោកស្រី​មាន​ប្រសាសន៍​ថា រយៈពេល ៤​ឆ្នាំ​ហើយ រូប​គាត់ និង​អ្នក​ភូមិ​ចំនួន ៤៤​គ្រួសារ បាន​ដើរ​ប្ដឹង​ពី​រឿង​ដី​ដែល​ប៉ះពាល់​ដោយសារ​តែ​ការ​សាងសង់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ និង​ប៉ះពាល់​ជាមួយ លោក សៅ រ៉ានី ដែល​ជា​មន្ត្រី​មួយ​រូប ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន លោកស្រី​នៅ​តែ​ភ័យ​ព្រួយ​ពី​រឿង​បាត់បង់​ដី​ស្រែ​ចម្ការ ដោយសារ​តែ​អាជ្ញាធរ​ដោះស្រាយ​បាន​ត្រឹម​តែ​សន្យា ហើយ​មិន​ទាន់​ផ្ដល់​អ្វី​ឲ្យ​មាន​ការ​កក់​ក្ដៅ។

លោកស្រី សៀន រី ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប គួរ​តែ​ប្រញាប់​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មក​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ចប់​បញ្ហា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​នេះ៖ «ដូច​ខ្ញុំ​អ៊ីចេះ កាល​ត្រាក់ទ័រ​ឈូស​ដី​ឆ្នាំ​២០១២-២០១៤ រវល់​តែ​យក​កូន​មក​កាក់​ឃាត់ គឺ​កូន​ឈប់​ទៅ​រៀន​អស់។ ម៉្លោះ​ហើយ​ខ្ញុំ​ចង់​បាន​សិទ្ធិ​សេរីភាព គឺ​ចង់​ឲ្យ​កូន​បាន​ទៅ​សាលា​រៀន ឯ​ប្រជាពលរដ្ឋ​ក៏​មាន​ដី​ធ្វើ​កសិកម្ម»

ចំណែក​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ឃុំ​រំចេក នៃ​ស្រុក​បន្ទាយស្រី លោកស្រី ទេស ជឿន មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​ហើយ រូប​គាត់ និង​អ្នក​ភូមិ​ចំនួន ៤៧​គ្រួសារ បាន​កើត​មាន​ទំនាស់​ដីធ្លី​ជាង ១៤០​ហិកតារ​ជាមួយ​ក្រុមហ៊ុន លី អ៊ុំ អេង និង​ក្រុមហ៊ុន អ៊ុំ ឆាយ។ អ្នក​ភូមិ​បាត់បង់​ដី​ធ្វើ​ស្រែ​ចម្ការ​សម្រាប់​ចិញ្ចឹម​ជីវិត​ជា​យូរ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​លើក​គ្នា​ទៅ​ជួប​អភិបាល​ស្រុក​បន្ទាយស្រី គឺ​បាន​ត្រឹម​តែ​សន្យា​ថា​នឹង​ដោះស្រាយ​ដោយ​ឲ្យ​រង់ចាំ៖ «សលាកបត្រ​បណ្ដោះអាសន្ន​គាត់​ថា​មាន​ហើយ ឲ្យ​ទុកៗ​ទៅ ចាំ​ថ្ងៃ​ណា​គាត់​ចុះ​វាស់វែង​ឲ្យ គឺ​ចេញ​ប័ណ្ណ​រឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សាលា​ខេត្ត​សៀមរាប ណា​ម្នាក់​ដើម្បី​ចង់​ដឹង​ពី​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន ឲ្យ​ដឹង​ថា សហគមន៍​ទំនាស់​ដីធ្លី​ទាំង ១៣​កន្លែង ដែល​លើក​គ្នា​មក​ស្វែងរក​ជួប​អាជ្ញាធរ​ខេត្ត​សៀមរាប នេះ គឺ​ខ្លះ​មាន​ទំនាស់​ជាមួយ​កង​ទាហាន ខ្លះ​មាន​ទំនាស់​ជាមួយ​អ្នក​មាន​អំណាច ហើយ​ពិបាក​ដោះស្រាយ​បំផុត។ លោក សួស ណារិន បញ្ជាក់​ថា ការ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ឡើង​មក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ពន្លឿន​ការ​ដោះស្រាយ​នេះ គឺ​ជា​សិទ្ធិ​សមស្រប ពីព្រោះ​លោក​ដឹង​ថា ការ​សន្យា​របស់​អាជ្ញាធរ​ថា​នឹង​ដោះស្រាយ​នោះ វា​ច្រើន​ដង​ពេក​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។