រដ្ឋសភា​អនុម័ត​ច្បាប់​សហជីព​ដោយ​គ្មាន​សំឡេង​គាំទ្រ​ពី​បក្ស​ប្រឆាំង

រដ្ឋសភា​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដោយ​សំឡេង​៦៧ លើ​៩៨ ដែល​ការ​អនុម័ត​នេះ គ្មាន​សំឡេង​ពី​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​សភា​ថា ច្បាប់​នេះ ភាគ​ច្រើន​មិន​បាន​ដាក់​នូវ​អ្វី​ដែល​សហជីព​ទាមទារ និង​ក្រុម​ការងារ​ចំពោះ​កិច្ច​បាន​ធ្វើ​ទេ។ លោក​ថា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ មិន​លើក​ដៃ​អនុម័ត នៅ​ពេល​នេះ មិន​មែន​ចង់​កេង​ចំណេញ​នយោបាយ​ទេ ប៉ុន្តែ​គណបក្ស​សង្រ្គោះជាតិ គិត​គួរ​វែងឆ្ងាយ​ពី​បញ្ហា​របស់​កម្មករ សហជីព និង​អ្នក​បញ្ជាទិញ។

 

កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា នៅថ្ងៃទី០៤ ខែ​មេសា សំណើ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព ជា​របៀប​វារៈ​ចុងក្រោយ​គេ ក្នុង​ចំណោម​របៀបវារៈ​ទាំង៥។

តំណាង​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង មន្ត្រី​ទាក់ទង មក​ពី​ក្រសួង​យុត្តិធម៌ ជា​អ្នក​ចេញ​មុខ​ការពារ​សេចក្ដី​ព្រាង​នេះ ខណៈ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សុន ឆ័យ លោក អេង ឆៃអ៊ាង និង​លោក លីម គឹមយ៉ា ទាមទារ​ឲ្យ​ពន្យល់ និង​កែប្រែ​បន្ថែម។ ប៉ុន្តែ​រដ្ឋសភា មិន​បាន​កែប្រែ​តាម​សំណើ​ទេ ហើយ​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច អនុម័ត​ដោយ​សំឡេង ៦៧ សំឡេង​លើ​៩៨​សំឡេង។

កិច្ច​ប្រជុំ​សភា នៅ​រសៀល​ថ្ងៃ​នេះ​ដដែល ពុំ​ឃើញ​មាន​វត្តមាន​លោក ហ៊ុន សែន។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​មាន​១៧​ជំពូក ១០០មាត្រា ហើយ​សង្គម​ស៊ីវិល អ្នក​ច្បាប់ និង​គណបក្ស​ប្រឆាំង ថា មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ គឺ​ជា​ការ​រឹតត្បិត​ខ្លាំង​ដល់​កម្មករ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។