លោក ថាក់ស៊ីន ប្រាប់​រដ្ឋាភិបាល​យោធាថៃ​ដោះស្រាយ​បញ្ហា​គ្រោះរាំង​ស្ងួត​ជា​ជាង​កាដូ​ឆ្នាំ​ថ្មី​របស់​លោក​

អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលយោធាថៃ​គួរផ្តោតលើការដោះស្រាយបញ្ហា​ប្រទេស​ បន្ទាប់ពីទាហានរឹបអូសយកផ្តិល​​ជ័រ​​ពណ៌ក្រហម​រាប់ពាន់ ដែល​លោក​ ថាក់ស៊ីន និងប្អូនស្រីរបស់លោក​បានផ្ដល់​ឲ្យ​អ្នកគាំទ្រជាកាដូ​ឆ្នាំថ្មី។

កាល​ពី​ថ្ងៃសៅរ៍ កងទ័ពថៃ​បាន​រឹបអូស​យកផ្តិល​ទាំង​នោះ​ពីការិយាល័យរបស់អតីតសមាជិកសភា​៣​នាក់របស់គណបក្ស​ភឿថៃ​ ដែល​ជា​គណបក្ស​គាំ​ទ្រ​ដោយ​ត្រកូល​ ស៊ីណាវ៉ាត្រា នៅ​ក្នុង​ខេត្ត​ណាននៅ​ភាគខាងជើង​។

លោក ថាក់ស៊ីន ដែល​ត្រូវបានគេបណ្តេញចេញពី​អំណាច​​ក្នុងរដ្ឋប្រហារឆ្នាំ២០០៦​ និង​កំពុង​និរទេសខ្លួននៅ​ក្រៅ​ប្រទេស​ បានបង្ហោះនៅលើ Instagram របស់លោក​ពី​ទីក្រុងកងចូវ ប្រទេសចិនថា ​ខ្ញុំបានផ្តល់នូវអំណោយជារៀងរាល់ឆ្នាំ​

លោក ថាក់ស៊ីន ប្រាប់​រដ្ឋាភិបាល​យោធាថៃ​ដោះស្រាយ​បញ្ហា​គ្រោះរាំង​ស្ងួត​ជា​ជាង​កាដូ​ឆ្នាំ​ថ្មី​របស់​លោក​

ផ្តិល​​ជ័រ​​ពណ៌ក្រហម​ដែល​លោក​ ថាក់ស៊ីន និងប្អូនស្រីរបស់លោក​បានផ្ដល់​ឲ្យ​អ្នកគាំទ្រជាកាដូ​ឆ្នាំថ្មី (រូបភាពពី thairath.co.th)

លោក​បន្ថែម​ថា​៖ ​ខ្ញុំមិនគិតថា វានឹងបង្កឱ្យមានបញ្ហាណាមួយ ឬធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខរបស់ប្រទេសនោះ​ទេ​។ ពួកគេគួរចំណាយពេលវេលា​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយបញ្ហាដែលប្រជាជន​ថៃ​ប្រឈម ដូចជាគ្រោះរាំងស្ងួត អំពើហិង្សានៅភាគខាងត្បូង និងថ្នាំញៀន​

យោងតាម​​រូបភាពដែលលោក ថាក់ស៊ីន បានបង្ហោះនៅលើ Instagram ផ្តិល​​ក្រហម​នោះ​មាន​សរសេរ​អក្សរ​ពណ៌ស​​ជា​ភាសា​ថៃ​ថា ​សួស្ដីឆ្នាំថ្មី

ចំណែក​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញសារ​ជា​អក្សរ​ថៃ​នៅលើផ្នែកម្ខាងទៀតនៃចានដែលសរសេរ​ថា៖ ​ទោះបីជាស្ថានការណ៍​ក្តៅ ខ្ញុំសង្ឃឹមថា បង​ប្អូន​នឹងនៅ​រក្សាភាព​ត្រជាក់ដោយ​ទឹកដែលចេញ​ពីផ្តិល​នេះ​

កាល​ពី​សប្តាហ៍មុន ស្ត្រីម្នាក់ត្រូវបានចោទពីបទបះបោរ ដោយ​សារ​ស្ត្រី​រូប​នោះ​បាន​បង្ហោះរូបភាពរបស់នាងកាន់​ផ្តិល​​នេះ​នៅលើហ្វេសប៊ុក។

អ្នកនាំពាក្យនគរបាល​ថៃ​លោក ដិចណារ៉ុង សុធីចាន់បានឆា (Dejnarong Suthicharnbancha) បាន​ប្រាប់ភ្នាក់ងារ​ព័ត៌មានរ៉យទ័រ(Reuters) ថា អាជ្ញាធរកំពុងស៊ើបអង្កេតលើ​ផ្ដិល​ដែល​ត្រូវ​បាន​រឹប​អូស​នៅ​ក្នុង​ខេត្ត​ណាន ហើយថា​​មិនទាន់​បានចោទប្រកាន់អតីតអ្នកតំណាងរាស្ត្រនោះ​ទេ​។

ប្រទេស​ថៃ​កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏​អាក្រក់បំផុតរបស់ខ្លួនក្នុង​រយៈពេលជាង​២០ឆ្នាំមក​នេះ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅ​តាម​ជនបទ​ដែលកំពុងត្រដាបត្រដួស​ជាមួយ​បំណុល​ស្រាប់។

នៅក្នុងបណ្តាខេត្តភាគខាង​ត្បូង​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​មូស្លីម ចំនួននៃការវាយប្រហារដោយក្រុមបះបោរបានកើនឡើងនៅប៉ុន្មានខែចុងក្រោយនេះ ក្រោយ​ពីចំនួន​វាយប្រហារ​បាន​ធ្លាក់ចុះអស់​រយៈពេល​មួយទសវត្សរ៍មក ដោយសារតែមាន​កិច្ចខិតខំប្រឹងប្រែងបង្កើន​សន្តិសុខនៅក្នុងតំបន់នេះ​៕

លោក ថាក់ស៊ីន ប្រាប់​រដ្ឋាភិបាល​យោធាថៃ​ដោះស្រាយ​បញ្ហា​គ្រោះរាំង​ស្ងួត​ជា​ជាង​កាដូ​ឆ្នាំ​ថ្មី​របស់​លោក​អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបភាពពី Reuters)

 

ប្រភពៈ VOD