ពលរដ្ឋវៀតណាមប្រមាណ១លាន៥សែននាក់ប្រឈមនឹងការខ្វះទឹកផឹក

អង្គការសហប្រជាជាតិ​លើកឡើងថាតំបន់កំពុងអភិវឌ្ឍន៍នៅភាគកណ្តាលនិងភាគខាងត្បូងនៅក្នុងប្រទេស​វៀតណាមកំពុងរងគ្រោះខ្លាំងដោយសារភាពរាំងស្ងួត ហើយមនុស្សប្រមាណ១លាន៥សែននាក់កំពុងប្រឈមនិងការខ្វះទឹកផឹក។​

របាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា​ខេត្តចំនួន១២ក្នុងចំណោមខេត្តទាំង៦៣របស់​វៀត​ណាម​កំពុងប្រកាសអាសន្នដោយសារខ្វះទឹកប្រើប្រាស់។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

បច្ចុប្បន្នទីក្រុងហាណូយកំពុងប្រើប្រាស់ទឹកប្រាក់ចំនួន​២៣លានដុល្លារសម្រាប់ការប្រើប្រាស់ក្នុងការជីកអណ្តូងទឹកនិងការជញ្ជូនទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់និងស្រោចស្រពដំណាំ។​

បុរសជាកសិករម្នាក់លោក​ Ta Dinh Hao ថ្លែងថាលោកជួបការលំបាកខ្វះខាតទឹកប្រើប្រាស់តាំងពីពេលឈប់ភ្លៀងកាលពីដើមខែកញ្ញាឆ្នាំមុនធ្វើឲ្យជីវិតជួបការលំបាកខ្លាំង។​ បុរសមានវ័យ៤៧ឆ្នាំដែលមានផ្ទះនៅភាគកណ្តាលនៃប្រទេសរូបនេះបញ្ជាក់ថាត្រពាំងទឹកនៅជិតផ្ទះគាត់ធ្លាប់មានត្រីបានគោកយ៉ាងឆាប់រហ័ស ហើយស្រូវរបស់គាត់បានងាប់អស់ជាច្រើនខែមកហើយ។​ លោក​បញ្ជាក់ថាប្រសិនជាភាគរាំងស្ងួតអូសបន្លាយដល់​២ឬ​ ៣ខែទៀតដែលត្រូវឲ្យគាត់ចំណាយលុយច្រើនទិញទឹកផឹកទៀតនោះ គាត់ប្រាកដជាមិនអាចឆ្លងរួចទេ។​

ទោះយ៉ាងណា​ក្រុមមន្ត្រីជំនាញរបស់វៀតណាម​បានព្យាករណ៍ថាភាពរាំងស្ងួតនឹងអូសបន្លាយដល់ត្រឹមខែមេ​សាឬឧសភាប៉ុណ្ណោះ​គឺមិនអូសបន្លាយដល់ខែមិថុនានោះទេ។​

មន្ត្រីអង្គការសហប្រជាជាតិ​ប្រចាំនៅវៀតណាម​លោកស្រី Pratibha Mehta ថ្លែងថាថ្វីបើគ្រោះរាំងស្ងួតកើតយឺត តែករណីនៅវៀតណាមនេះ​វាបង្កគ្រោះថ្នាក់ខ្លាំងជាងរញ្ជួយដីនិងខ្យល់ព្យុះទៅទៀត៕

ពលរដ្ឋវៀតណាមប្រមាណ១លាន៥សែននាក់ប្រឈមនឹងការខ្វះទឹកផឹក(រួបភាពពី Vietnam News)

ប្រភពៈ VOD