សូ​ហ្វ​តិ​ន្នី​ស​សាងសង់​ទីលាន​ថ្មី​តម្លៃ​៣០​ម៉ឺន ស្របពេល​ពាន​សម្តេច ស ខេង រកឃើញ​ម្ចាស់​ជើងឯក​

​ទីលានកីឡា​សូ​ហ្វ​តិ​ន្នី​ស និង​វាយ​កូន​បាល់​កម្រិតស្តង់ដារ​អាមេរិក​តម្លៃ​ប្រមាណ​ជា ៣០​ម៉ឺន​ដុល្លារ ដែល​សាងសង់​នៅលើ​ទីលាន​ចាស់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បាន​នឹង​កំពុងធ្វើការ​សាងសង់​ក្រោយពី​បញ្ចុះបឋមសិលា​សាងសង់ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ ស្របពេល​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង លើក​ទី​៣ រកឃើញ​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ​២០១៦​។​

​ទីលានកីឡា​សូ​ហ្វ​តិ​ន្នី​ស និង​វាយ​កូន​បាល់​កម្រិតស្តង់ដារ​អាមេរិក ដែល​សាងស់ង​នៅលើ​ទីលាន​ចាស់​មាន​ទំហំ ៣,២០០ ម៉ែត្រការ៉េ កម្ពស់ ១៣ ម៉ែត្រ និង​មាន​ដំបូល​ទីលាន​ទំហំ ៤,២០០ ម៉ែត្រការ៉េ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បានចាប់ផ្តើម​ការដ្ឋាន​សាងសង់​ហើយ ដោយ​គ្រោង​នឹង​ចំណាយ​ថវិការ​ប្រមាណ​ជា ៣០​ម៉ឺន​ដុល្លារ និង​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​៦​ខែ​ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​។​

​ការសាងសង់​នេះ​ធ្វើឡើង​បន្ទាប់ពី លោក ឈឹម ជួន ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស បាន​និមន្ត​ព្រះសង្ឃ និង​លោក​អាចារ្យ សូត្រមន្ត​បញ្ចុះបឋមសិលា​សាងសង់​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ នាឱកាស​បិទ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
សូ​ហ្វ​តិ​ន្នី​ស​សាងសង់​ទីលាន​ថ្មី​តម្លៃ​៣០​ម៉ឺន ស្របពេល​ពាន​សម្តេច ស ខេង រកឃើញ​ម្ចាស់​ជើងឯក​

​លោក ជា ប៊ុនហេង បាន​បញ្ជាក់ថា ការសាងសង់​ទីលាន​ថ្មី​នេះ​ក្នុង​គោលបំណង ដើម្បី​ផ្តល់​ជា​កន្លែង​សម្រាប់​ហ្វឹកហាត់ និង​សម្រាប់​ត្រៀម​ប្រកួត​ប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ផ្សែងៗ ជាពិសេស ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៧ និង​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។ 

​ដោយឡែក ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង លើក​ទី​៣ ម្ចាស់​ឯក​ប្រចាំឆ្នាំ​២០១៦​ផ្នែក​វាយ​ទោល​ក្របខណ្ឌ​អក្សរ​«​ក​» បាន​ទៅលើ​កីឡាករ ឯក ចំរើន បន្ទាប់ពី​យកឈ្នះ​លើ​មិត្ត​រួម​ក្លិប​ក្រសួងមហាផ្ទៃ កាន់ សោ​ភ័​ណ្ឌ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ​មកពី​ក្លិប​ក្រសួងការពារជាតិ ប៉ិល វ​ណ្ណី និង យី គា​វិ​រៈ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ និង​លេខ​៤​។​

​យ៉ាងណាមិញ សម្រាប់​វាយ​គូ​បុរស​ក្របខណ្ឌ​អក្សរ​«​ក​» កីឡាករ ប៉ិល វ​ណ្ណី និង យី គា​វិ​រៈ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់ពី​ពួកគេ​រួមដៃគ្នា​យកឈ្នះ​លើ​កីឡាករ​ជប៉ុន​ជប៉ុន Masato និង Komdo Shunsuke របស់​ក្លិប​មហាជន ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ អន សម្បត្តិ និង សៀវ​ម៉ៅ ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ ចំណែក​កីឡាករ​ម្ចាស់​ជើងឯក និង​ជើងឯក​រង​វាយ​ទោល ឯក ចំរើន និង កាន់ សោ​ភ័​ណ្ឌ សម្រាប់​ការរួម​ដៃ​របស់​ពួកគេ​បាន​ត្រឹម​លេខ​៤ ដោយ​កីឡា​ករទាំង​៤ នេះ មកពី​ក្រសួងមហាផ្ទៃ​។  

​ជាមួយគ្នានេះ កីឡាករ ឌឹ​ម សម្បត្តិ យី សារ​សា​រិទ្ធី និង វិញ សុភា របស់​ក្រសួងមហាផ្ទៃ​ទទួលបាន​ចំណាត់​លេខ​១ លេខ​២ និង​លេខ​៣ សម្រាប់​វាយ​គូ​ទោល​បុរស​ក្របខណ្ឌ​អក្សរ​«​ខ​» ខណៈ​លេខ​៤ បាន​ទៅលើ​កីឡាករ​មកពី​ក្រសួងការពារជាតិ ប៉ិល វណ្ណា​។ វាយ​គូ​បុរស​ក្របខណ្ឌ​អក្សរ​«​ខ​» កីឡាករ ជា សែន​វិស្សុត និង ឌឹ​ម សម្បត្តិ បាន​ក្លាយជា​ម្ចាស់​ជើងឯក ក្រោយ​ឈ្នះ យី សារ​សា​រិទ្ធី និង ប៉ិល វណ្ណា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ឬ​ឯ​លេខ ៣ បាន​ទៅ វិញ សុភា និង ពៅ វាសនា ខណៈ​លេខ ៤ លី ស៊ុយ និង បូរ សុខ​រ័ត្ន​។

​ទន្ទឹមនឹងនេះ វាយ​គូ​ចម្រុះ កីឡាករ យី សារ​សា​រិទ្ធី និង​កីឡាការិនី យី សុទ្ធា​រី បានរួម​គ្នា​យកឈ្នះ​លើ​មិត្ត​រួម​ក្លិប ជា សែន​វិស្សុត និង​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ ខណៈ​លេខ ៣ បាន​ទៅ សុខ សំអាត និង ឈុន យូ​អេង ហើយ​លេខ ៤ លី ស៊ុយ និង បូរ សុខ​រ័ត្ន​។ 

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ដណ្តើម​ពានរង្វាន់ សម្តេច ស ខេង លើក​ទី​៣ ដែល​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាម់​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣ ខែមេសា មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ចំនួន​៦៨​នាក់ ដោយ​ពួកគេ​ប្រកួត​តំណាង​ឲ្យ​ក្លិប​ចំនួន​១០ ក្នុងនោះ​មាន  ក្លិប​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិប​អូឡាំពិក ក្លិប​ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ អគ្គស្នងការ​នគរបាល​ជាតិ ក្លិប I Can និង​ក្លិប​មហាជន​៕