ដី និង​ព្រៃឈើ​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​សហគមន៍​មូលដ្ឋាន​

​សៀមរាប​៖ ដីធ្លី និង​ព្រៃឈើ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់ សម្រាប់​សហគមន៍​មូលដ្ឋាន​។ តាម​ការសិក្សា​ក៏បាន​រកឃើញថា សហគមន៍​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាច្រើន​រស់នៅ​ជនបទ និង​ភាគច្រើន​នៅ​តំបន់​ព្រៃភ្នំ​នេះដែរ​។​

​កិច្ចសន្ទនា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​គោលនយោបាយ លិខិតបទដ្ឋាន​ច្បាប់ សិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សៀមរាប​។ កិច្ចសន្ទនា ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៤ មេសា មាន​គោលបំណង ដើម្បី​រៀបចំ​ផែនការ​ជាក់លាក់​មួយ ដើម្បី​ពង្រឹង​គោលនយោបាយ សិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ និង​សមត្ថភាព​ស្ថាប័ន​នៅ​ប្រទេស​កម្ពុជា​។ ក្នុងនោះ ការកសាង​យុទ្ធសាស្ត្រ និង​ការបង្កើន​ការយល់ដឹង ស្តីពី​សិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ គឺ​សុទ្ធសឹង​ជា​គោលបំណង​នៃ​កិច្ចសន្ទនា​លើក​ទី​២​នេះ​។​

​ជំនួយការ​កម្មវិធី​អង្គការ FAO កម្ពុជា លោក អ៊ុំ កុសល បាន​ថ្លែងថា ព្រៃឈើ និង​ដីធ្លី ជា​ប្រភព​ចំបង​នៃ​អាហារ ជា​ជម្រក​ចំណូល និង​ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិ​លើ​ផ្នែក​សង្គម វប្បធម៌ និង​សាសនា​។ លោក កុសល បន្ត​ប្រាប់​អង្គប្រជុំ​ថា មិន​អាចមាន​កំណើនសេដ្ឋកិច្ច​មួយ​ប្រកបដោយ​និរន្តរភាព និង​ដោយមាន​ការអភិវឌ្ឍ ដោយ​គ្មាន​ការគ្រប់គ្រង​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព​មួយ​បានឡើយ​។ លោក​បន្ថែមថា ការការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ពឹងផ្អែក​ចំបង​ទៅលើ​សិទ្ធិ​ទទួលផល និង​ដោយមាន​ការធានា គ្រប់គ្រង​ដោយ​ប្រជាជន លើ​ធនធានធម្មជាតិ​ទាំងមូល​។​

​លោក បណ្ឌិត Ganga Dahal បាន​លើកឡើងថា ការស្រាវជ្រាវ​ក្នុង​ថ្នាក់​តំបន់ និង​ពិភពលោក បាន​រកឃើញថា សិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ ជា​បញ្ហាសំខាន់​មួយ​ដែល​ធានា​ដល់​ជីវភាព​រស់នៅ និង​បង្កើន​ចំណូល​ដល់​សហគមន៍​។ បញ្ហា​ប្រឈម​ដែល​លោក Ganga Dahal ថា​ការអនុវត្ត​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ព្រៃឈើ​នាពេល​កន្លងមក មាន​ពីរ​។ ទីមួយ គឺ​ការខ្វះខាត ឫ​ភាពទន់ខ្សោយ​ពាក់ព័ន្ធ​សិទ្ធិ​កាន់កាប់​។ ទី​ពីរ កង្វះខាត ឫ​ភាពទន់ខ្សោយ​របស់​ស្ថាប័ន​ដែល​ធ្វើការ​លើ​សិទ្ធិ​កាន់កាប់ ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​ក្នុង​តំបន់​កាន់កាប់​នោះ​។​

​យោងតាម​របាយការណ៍​របស់​អង្គការ​ពាក់ព័ន្ធ ការបង្កើន​ប្រាក់ចំណូល និង​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន នៅ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ សហគមន៍​ក្រីក្រ និង​ងាយ​រងគ្រោះ​ភាគច្រើន​នៅ​ជនបទ និង​នៅ​តំបន់​ព្រៃភ្នំ​។ ភាគច្រើន​ប្រជាជន​នៅ​ប្រទេស​កំពុង​សាកល្បង​ទាំងនេះ រស់នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល ដូចជា ៧៩%​នៅ​កម្ពុជា ៨៣% នៅ​ណេ​ប៉ាល់ និង​៧២% នៅ​ប្រទេស​វៀតណាម​។ ជីវភាព​របស់​ពួកគេ​កំពុង​អាស្រ័យ​ផល​យ៉ាងច្រើន​ទៅលើ​ព្រៃឈើ និង​កសិកម្ម ដូចនេះ​ទើប​ដី និង​ព្រៃឈើ គឺជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ពួកគេ​។​

​គួរ​បញ្ជាក់ថា កិច្ចសន្ទនា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​គោលនយោបាយ លិខិតបទដ្ឋាន​ច្បាប់ សិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ ដែល​ធ្វើឡើង​រយៈពេល​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី​៤ មេសា​នេះ​។ បន្ទាប់មក នឹងមាន​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើក​ទី​២ ស្តីពី​ការពង្រឹង​ប្រព័ន្ធ​សិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ ដើម្បី​និរន្តរភាព​ជីវភាព និង​ប្រាក់ចំណូល ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី​៨ មេសា នៅ​ខេត្តសៀមរាប​។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្ក​ការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា FAO និង​អង្គការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​អនុផល​ព្រៃឈើ​ប្រចាំ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា NTFP-EP Cambodia៕