នាវា​មុជ​ជប៉ុន​មួយគ្រឿង​សម្ញែងខ្លួន​នៅ​ផែ​ហ្វីលីពីន បញ្ឆេះ​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

ប្រភពរូបភាព៖ The Japan Times​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​ដែនសមុទ្រ​ចិន​ខាងត្បូង បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ប្តូរ​យុទ្ធសាស្ត្រ ក្នុងការ​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយនឹង​ស​ម្ព័​ពន្ធ​មិត្ត​កាន់ តែ​ស៊ីជម្រៅ​។ ខណៈពេលដែល​បញ្ហា​ជម្លោះ​សមុទ្រ​កំពុងតែ​តានតឹង​ស្រាប់​នោះ នាវា​មុជ​ជប៉ុន​មួយគ្រឿង បា​នស​ម្ងែ​ង​ខ្លួន នៅ​កំពង់ផែ​ហ្វីលីពីន ដែល​នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរ​របស់​ចិន​ប៉ុន្មាន​នោះទេ​។​

​នាវាមុជទឹក​ជប៉ុន​មួយគ្រឿង​ប្រភេទ Oyashio អម​ជាមួយនឹង​នាវា​ពិឃាត​ពីរ​គ្រឿង​គឺ​JS Ariake និង​JS Setogiri បាន​មកដល់​កំពង់ផែ​ហ្វីលីពីន​នៅ​ថ្ងៃទី​០៣ ខែមេសា ម្សិលមិញ​ហើយ​។ វត្តមាន​របស់​កងទ័ព ជប៉ុន​នេះដែរ គឺជា​ទស្សនកិច្ច​ដែល​តែងតែ​ធ្វើ​ឡើងជា​ទម្លាប់​របស់​ក​ង​ទ័ព​ជប៉ុន​នៅក្នុង​អតីត​មូលដ្ឋានទ័ព​នាវា​ល្បាត​របស់​អាមេរិក​ដែលមាន​ចម្ងាយ​ត្រឹមតែ​២០០​គីឡូ​ម៉ែត​ពី​ឆ្នេរ​របស់​ចិន​តែប៉ុណ្ណោះ​។

​លោក​មេបញ្ជាការ Lued Lincuna អ្នកនាំពាក្យ​កងទ័ពជើងទឹក​ហ្វីលីពីន បាន​អះអាងថា​ទស្សនកិច្ច​របស់​ជប៉ុន បានបង្ហាញ​ពី​ការលើកកម្ពស់​នៃ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ការពង្រឹង​នៃ​កិច្ចសហប្រតិបត្តិការ​ដែ​ន​សមុទ្រ​ជាមួយនឹង​ទាហានជើងទឹក​ប្រទេសជិតខាង​។

​យ៉ាងណាក៏ដោយ វត្តមាន​របស់​កងទ័ព​ជើង​ទឹក​ជប៉ុន ក្នុង​ដែនទឹក​ហ្វីលីពីន​ដែល​ក្បែរ​តំបន់​ដែនសមុទ្រ​ជម្លោះ លេចឡើង​ស្របពេល​ស្ថានភាព​កំពុងតែ​តានតឹង ជាពិសេស​នោះ គឺ​នៅពេល​ចិន កំពុងតែបន្ត​វាតទី និង​បំពាក់​គ្រឿង​សព្វាវុធ​ក្បែរ​តំបន់​ជម្លោះ​ផងដែរ​នោះ​។ ហើយ​វា អាច​នឹងធ្វើ​ឲ្យ​ចិន កាន់តែ​ក្តៅស្លឹកត្រចៀក ដ្បិត​គោលនយោបាយ​ការពារជាតិ​កាន់តែ​ជិតស្និទ្ធ​របស់​ហ្វីលីពីន​ជាមួយនឹង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​។​

១. ហ្វីលីពីន ប្រកៀក​ស្មា​ជាមួយនឹង​ជប៉ុន ប្រឆាំង​ចិន​ដែលជា​ដៃគូ​ជម្លោះ​រួម​?
​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ការបង្ហាញ​គោលជំហរ​ជិតស្និទ្ធ​រវាង​ជប៉ុន និង​ហ្វីលីពីន មិនមែន​ត្រឹមតែ​បង្កើន ទំនាក់ទំនង​ជិតខាង​ប៉ុណ្ណោះ​នោះទេ តែ​វា ក៏​អាចជា​ផ្នែក​មួយ​នៃ​ការ​ចាប់ដៃគ្នា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី ប្រឆាំង​ចិន​ដែល​សត្រូវ​រួម​ក្នុង​ជម្លោះ​ដែន​អធិបតេយ្យ​នោះ​។ ចិន មិន​ត្រឹម​តែមាន​ជម្លោះ​ជាមួយនឹង​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ តែមាន​ជម្លោះ​ជាមួយនឹង​ជប៉ុន​ក្នុង​ដែន​កោះ​ស៊ិន​កា​គុ​ជាច្រើន​ទសវត្សរ៍​ផងដែរ​។​

​ជុំវិញ​ទំនាក់ទំនង​ហ្វីលីពីន និង​ជប៉ុន​ដែរ នៅ​ថ្ងៃទី​០៩ ខែមីនា​កន្លងទៅ លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ (Benigno Aquino) ក៏បាន​ប្រកាសថា ហ្វីលីពីន ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ជួល​យន្តហោះ​ចម្បាំង​៥​គ្រឿង​ពី​ជប៉ុន​ដើម្បី សម្រួល​ប្រតិបត្តិការ ការពារ និង​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

២. អាមេរិក ត្រៀម​ដាក់​មូលដ្ឋាន​យោធា​នៅ​ហ្វីលីពីន ជួយ​ការពារ​ហ្វីលីពីន​ធានា​សន្តិសុខ​ដែនសមុទ្រ​
​អ្វី​គួរកត់សម្គាល់​នោះ ក្នុងស្ថានភាព​កាន់តែ​តានតឹង​ខ្លាំង ហ្វីលីពីន កាន់តែ​បើកចំហ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ក្នុងការ​ស្វាគមន៍​សម្ព័ន្ធ​មិត្ត​ដើម្បី​ជួយ​សម្រួល និង​ការពារ​សុវត្ថិភាព​ដែនសមុទ្រ ក៏ដូចជា ហ្វឹកហ្វឺន​កងទ័ព​ហ្វីលីពីន​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​។ កាលពី​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ម៉ានីល ក៏បាន​ព្រម ឲ្យ​អាមេរិក មក​ដាក់​មូលដ្ឋានទ័ព​ប្រាំ​កន្លែង​នៅក្នុង​ទឹកដី​ហ្វីលីពីន​ដែល​ស្ថិត​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

​ការផ្តល់​មូលដ្ឋាន​យោធា​ប្រាំ​កន្លែង​នោះដែរ ធ្វើឡើង​ក្រោម កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៤​។ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ពង្រឹង​វិស័យ​ការពារ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​កងទ័ព​អាមេរិក​អាច​បំពាក់​សព្វាវុធ និង​បញ្ជូន​កងទ័ព​របស់ខ្លួន​មកកាន់​ទឹកដី​ហ្វីលីពីន​បាន​ដោយ​ស្របច្បាប់​។ បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កងទ័ព​ហ្វីលីពីន ក្នុងការ​ទទួលបាន ការហ្វឹកហ្វឺន​បន្ថែម​ពី​អាមេរិក ការការពារ​សន្តិសុខ​ដែនសមុទ្រ និង​ប្រតិបត្តិការ​មនុស្សធម៌ និង​មហន្ត រាយ​ផ្សេងៗ​ទៀតផង​។

​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ អវត្តមាន​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​រវាង​ភាគី​ពាក់ព័ន្ធ បាន ធ្វើ​ឲ្យ​ជម្លោះ​នេះ ឈានទៅដល់​ការប្រឈមមុខ​ទាំង​ផ្នែក​ការទូត និង​ការបង្ហាញ​សាច់ដុំ​ផ្នែក​យោធា​ជាពិសេស​នោះ នៅពេលដែល​ចិន បាន​និង​បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ​ដោយ​ឯកតោភាគី​ក្រោម​ហេតុផល​នៃ​ការកើនឡើង​នៃ​តម្រូវការ​របស់ ប្រជាជន​ភ្ជាប់​ជាមួយនឹង​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ​នៃ​ការកាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​នោះ​៕