​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន​១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​

ភ្នំពេញ:
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​ពិភាក្សា​និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី សហជីព នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ នៅក្នុង​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ស​មេ្ត​ច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ រដ្ឋសភា​បានអនុម័ត​លើ សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ទទួលបាន​ការគាំទ្រ ចំនួន ៦៧​សំឡេង​។​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន ១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​ធ្វើការ​ពិភាក្សា​និង​អនុម័ត​ម្ដង​មួយ​ជំពូកៗ ។ លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល នៃ​ការពិនិត្យ​សិក្សា​សេចក្ដីព្រាងច្បាប់ និង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សហការី តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្ដីព្រាង​ច្បាប់​។​

​លោក​បណ្ឌិត ប៉ែន បញ្ញា បាន​មានប្រសាសន៍​ជម្រាបជូន​អង្គសភា​ថា ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សេចក្ដីព្រាងច្បាប់​នេះ មាន​ភាពល្អប្រសើរ​និង​អាច​ទទួលយកបាន ពី​គ្រប់ភាគី​ពាក់ព័ន្ធ នៅពេល​សេចក្ដីព្រាងច្បាប់​នេះ​បញ្ជូន​មកដល់​រដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​ប្រគល់​មក​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ និង​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា សហការគ្នា​ពិនិត្យ​និង​សិក្សា ហើយ​គណៈកម្មការ​ទាំង​ពីរ បានធ្វើការ​ពិភាក្សាគ្នា​ជា​បន្តបន្ទាប់​លើ​សេចក្តីព្រាងច្បាប់​នេះ​។​

​លោក​បណ្ឌិត បាន​មានប្រសាសន៍​បន្ថែមថា លើសពីនោះ​ទៀត​រដ្ឋសភា ក៏បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​រដ្ឋសភា ដែលមាន​សមាសភាព​ម​ក​ពី​គណបក្សនយោបាយ​ទាំងពីរ មាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​សិក្សា​ផ្ដល់យោបល់​ថែមទៀត និង​ក៏មាន​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រជុំ​ជាមួយ​តំណាង​សហជីព ប្រជុំ​ជាមួយ​សហព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា រហូត​មានការ​រៀបចំ​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាងច្បាប់​ស្តីពី​“​សហជីព​”​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ នៅ​វិមាន​រដ្ឋសភា ក្នុង​គោលបំណង​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មានឱកាស​គ្រប់គ្រាន់ លើកឡើង​នូវ​ចម្ងល់​នានា និង​ផ្តល់យោបល់ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​សេចក្តីព្រាងច្បាប់ ដ៏​មាន​សារៈសំខាន់​នេះ​ចេញទៅ បម្រើ​ផលប្រយោជន៍​ជូន​សហជីព កម្មករ និយោជក និង​សង្គមជាតិ​ទាំងមូល​។​

​នៅក្នុង​សេចក្ដីថ្លែងហេតុ​របស់​រា​ជ​រដ្ឋាភិបាល​បានលើកឡើង​ថា បច្ចុប្បន្ន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សហជីព​មូលដ្ឋានចំនួន ៣២១៤​សហជីព សហព័ន្ធ​សហជីព ចំនួន​៨៤​សហព័ន្ធ សហភាព​សហព័ន្ធ​សហជីព ចំនួន​១៣​សហភាព និង​សមាគម​និយោជក ចំនួន​៥​សមាគម ហើយ​រាជរដ្ឋាភិបាល​ចាត់ទុក បណ្តា​សហជីព និង​អង្គការ​វិជ្ជាជីវៈ ទាំងអស់ ជា​ដៃគូ​សង្គម ដោយ​សហជីព និង​អង្គការ​វិជ្ជាជីវៈ ទាំងនេះ​ក៏បាន​ចូលរួមចំណែក ក្នុងការ​ការពារ​សិទ្ធិ ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ និយោជិត និង​លើកកម្ពស់​ការអភិវឌ្ឍ​ជាតិ បើទោះបីជា​នៅមាន​ការ​ប្រឈម​ខ្លះ​ក៏ដោយ ។​

​សេចក្ដីថ្លែងហេតុ បានលើកឡើង​ទៀតថា ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បានរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី សហជីព ដោយ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៣៦ និង​ច្បាប់​ស្តីពី​ការងារ ត្រង់​ជំពូក​ទី​១១ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ និង​៩៨​។​

​រាជរដ្ឋាភិបាល​បានចាត់ទុក​សេចក្តីព្រាងច្បាប់​ស្ដីពី សហជីព គឺជា​សមិទ្ធផល​ថ្មី​មួយ​ក្នុងការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គតិយុត្ត ក្នុង​គោលបំណង​ដើម្បី​គាំទ្រ ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​៕​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន​១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន​១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន​១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន​១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន​១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​

​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព មាន​១៧​ជំពូក ចែកចេញជា ១០០​មាត្រា ត្រូវបាន​រដ្ឋសភា​អនុម័ត​