លោក ស៊ុត ឌី​ណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​សាកសួរ​ទាក់ទង​ករណី​អំពើពុករលួយ

លោក ស៊ុត ឌី​ណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កោះហៅ​សាកសួរ​ទាក់ទង​ករណី​អំពើពុករលួយ



ភ្នំពេញ ៖ លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កោះហៅ​ទៅ​សាកសួរ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៦ ទាក់ទង​នឹង​អំពើពុករលួយ តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់។

លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ថា លោក ស៊ុត ឌី​ណា ពិតជា​ត្រូវ​បាន​កោះហៅ​មក​សាកសួរ​មែន ទាក់ទង​នឹង​ករណី​ដែល​មាន​ការចោទប្រកាន់​ពី​អំពើពុករលួយ ហើយ​ពេលនេះ​កំពុង​តែ​ធ្វើការ​សាកសួរ ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​ការ​ហៅ​មក​សួរ​នេះ​បាន​ធ្វើឡើង ខណៈ​ពេល​លោក​ស៊ុត ឌី​ណា បាន​ត្រឡប់​មកពី​ប្រទេស​កូរ៉េ​មកកាន់​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ២០១៦។

ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ​កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​ជុំ ស​ន្ទ​រី បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន។

តាម​ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហើប​ថា លោក ស៊ុត ឌី​ណា ដែលជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​នេះ បើទោះជា​មិនទាន់​ចាប់ខ្លួន​ក៏ដោយ ប៉ុន្តែ​លោក ស៊ុត ឌី​ណា ជៀស​មិន​ផុត​ពី​ឃាត់ខ្លួន​នោះទេ ដោយសារ​តែ​មាន​ពាក្យ​បណ្តឹង​ជាច្រើន​បាន​ប្តឹង​លោក​ជុំវិញ​ភាព​មិន​ប្រក្រតី ក្នុង​ការ​បំពេញ​ការងារ​។

តាម​ប្រភព​ដដែល​នោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ACU បាន​រក​ឃើញ​តម្រុយ​ជាច្រើន​អំពី​ភាព​មិន​ប្រក្រតី​របស់​លោក ឌី​ណា ព្រមទាំង​មាន​ពាក្យ​ប្តឹង​ពី​ក្រសួង​នៅ​ភ្នំពេញ និង​កូរ៉េខាងត្បូង​ផងដែរ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​ធ្លាប់បាន​បញ្ជូន​មនុស្ស​៦ នាក់​ទៅ​ប្រមូល​ព័ត៌មាន​នៅ​កូរ៉េ​ផងដែរ​។​

គួររំលឹកថា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅ លោក អ៊ា សែ ប្រធាន​ការិយាល័យ​អូស្ត្រាលី ញូ​វ​ហ្សេ​ឡេ​ន នៃ​នាយកដ្ឋាន​អាស៊ី​២ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ត្រូវបាន​អង្គ​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ការ​រត់​ឯកសារ​មិន​ប្រក្រតី និង​យក​លុយ​ពី​ក្រុមហ៊ុន​បរទេស ហើយ​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។ ដោយឡែក​ករណី​លោក ស៊ុត ឌី​ណា គេ​មិនទាន់​ដឹង​ថា អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​ខាងលើ​នេះ ឬ​យ៉ាងណា​នោះ​ទេ តែ​បើ​ផ្អែក​តាម​ក្រសួងការបរទេស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា សំណុំរឿង​លោក អ៊ា សែ កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​បន្ត​៕