សេចក្តី​ព្រាងច្បាប់​សហជីព​ត្រូវ​បាន​រដ្ឋសភា​បើក​កិច្ចពិភាក្សា និង​អនុម័ត​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦​នីតិកាល​ទី​៥

សេចក្តី​ព្រាងច្បាប់​សហជីព​ត្រូវ​បាន​រដ្ឋសភា​បើក​កិច្ចពិភាក្សា និង​អនុម័ត​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦​នីតិកាល​ទី​៥



ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ស​មេ្ត​ច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​សមាជិក​រដ្ឋសភា​ចំនួន​១០៧​រូប ដើម្បី​អនុម័ត​របៀបវារៈ​ចំនួន​៥។
របៀបវារៈ​ទាំង​០៥ ដែល​រដ្ឋសភា​បាន​អនុម័ត​លើក​យក​មក​ពិភាក្សា និង​អនុម័ត​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦ នោះ​រួមមាន ១-​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៥។ ២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៥​។ ៣-​ការបោះឆ្នោត​ផ្តល់​សេចក្តី ទុកចិត្ត សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវ​បាន​កែសម្រួល និង​បំពេញ​បន្ថែម ចំនួន ២៦​រូប​។ ៤-​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ក្រុមប្រឹក្សា ធម្មនុញ្ញ ចំនួន​០១​រូប និង​៥-​ការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព។

បន្ទាប់ពី​អនុម័ត​របៀបវារៈ​មួយ​ចំនួន​ខាងលើ​រួច សេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព ដែល​មាន​១៧ ជំពូក​និង​១០០ មាត្រា ក៏​ត្រូវ​បាន​សភា​ពេញអង្គ​លើក​យក​មក​ពិភាក្សា និង​អនុម័ត​ផង​ដែរ។

លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​រដ្ឋសភា​មានប្រសាសន៍ថា សេចក្តី​ព្រាងច្បាប់​ដែល​សភា និង​លើក​យក​ទៅ​ពិភាក្សា​អនុម័ត​នោះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការពារ​ផល​ប្រយោជន៍​ស្របច្បាប់​ដល់​កម្មករ ពលករ និង​ការពារ​ភាព​ស្របច្បាប់​សម្រាប់​ថៅកែ​ក្រុមហ៊ុន​ផង​ដែរ ព្រោះ​សេចក្តី​ព្រាងច្បាប់​នោះ​បាន​បញ្ចូល​មតិយោបល់ ពី​គ្រប់​មជ្ឈដ្ឋាន មុន​និង​ដាក់​មក​សភា​ពិនិត្យ អនុម័ត។

សូម​បញ្ជាក់​ថា ខណៈ​ដែល​រដ្ឋសភា​ជាតិ កំពុង​ប្រជុំ​ពិភាក្សា​សេចក្តីព្រាងច្បាប់​សហជីព​នោះ ក៏​មាន​ការ​តវ៉ា​ជំទាស់​និង​ការពិភាក្សា​សេចក្តីព្រាងច្បាប់​សហជីព​នេះ ដែល​ដឹកនាំ​ដោយ​តំណាង​សហជីព​មួយចំនួន។

លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោកស្រី អ៊ុក ឆា​ណាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​លើ​សេចក្តីព្រាងច្បាប់​សហជីព​ដែល​សភា​កំពុង​ពិភាក្សា​នោះទេ ដោយ​យល់ថា នៅក្នុង​ច្បាប់​សហជីព​នោះ​មាន​មាត្រា​ខ្លះ មានការ​រឹតត្បិត​ដល់​សេរីភាព​ និង ​ការ​តវ៉ា​ធ្វើបាតុកម្ម ឬ​កូដកម្ម ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ ដើម្បី​សហជីព។

ចំណែក​លោក​សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​មានប្រសាសន៍​ថា សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សូម​គាំទ្រ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព ដែល​រដ្ឋសភា​បាន​ធ្វើ​សិក្ខាសាលា​ថ្នាក់​ជាតិ ដាក់បញ្ចូល​គ្រប់​គំនិត យោបល់​ល្អៗ​ទៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​នោះ​។ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សូម​ឲ្យ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​នោះ​ឲ្យ​បាន​ឆាប់ ព្រោះ​ច្បាប់​នោះ មាន​សារៈសំខាន់​ការពារ​ផល​ប្រយោជន៍​កម្មករ និយោជក និង​ថៅកែ​រោងចក្រ និង​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ បាន​ផ្តល់​ការងារ​ដល់ក​ម្មករ កម្មការិនី​ប្រមាណ​៨០ ម៉ឺន​នាក់ និង​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ទទួល​បាន​ផល​ប្រ​យោ​ជ​ន៍ ដោយ​ប្រយោល​ពី​វិស័យ​នេះ ហើយ​បាន​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​ធំៗ​ឲ្យ​ចូល​មក​បណ្តាក់ទុន​លើ​វិស័យ​កាត់ដេរ​និង​ស្បែកជើង។

នៅ​ក្នុង​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៥ ព្រះអង្គ​បាន​មាន​ព្រះ​រាជបន្ទូល​ដោយ​សង្ឃឹមថា រដ្ឋសភា​នឹង​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ធានា​ឲ្យ មាន​អភិបាលកិច្ច​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់​លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ភាព​ត្រឹមត្រូវ​និង​ជឿនលឿន​។ ព្រះរាជសារ​បន្ត​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​សមាជិក សមាជិកា​នៃ​រដ្ឋសភា​គ្រប់រូប ក្នុង​សកម្មភាព​បម្រើ​ជាតិ​មាតុភូមិ នឹង​ញ៉ាំង​ឲ្យ​ប្រទេសជាតិ​យើង រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ប្រាថ្នា​ចង់បាន និង​ត្រូវការ​ជា​ចាំបាច់ ដើម្បី​រស់នៅ​ដោយ​ភាព​សុខសាន្ត។

ព្រះមហាក្សត្រ​ក៏បាន​បង្ហាញ​នូវ​ជំនឿ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រដ្ឋសភា និង​រាជរដ្ឋាភិបាល នឹង​សម្រេច​បាន​នូវ​ទិសដៅ​រួម​របស់​កម្ពុជា គឺ​កសាង នូវ​សង្គម​កម្ពុ​ជាមួយ​ដែល​រឹងមាំ មាន​សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង សមធម៌​។ នៅ​ក្នុង​ព្រះរាជសារ​ក៏បាន​បន្ត​កត់សម្គាល់ ទៅលើ​ការខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ទៅលើ​ការចាត់វិធានការ លើកកម្ពស់​សេវា សុខភាព ពង្រឹង គុណភាព​វិស័យ​អប់រំ កសិកម្ម ការធានា​សន្តិសុខ​ស្បៀង ការផ្ដោត​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាព​ក្រីក្រ​៕

សេចក្តី​ព្រាងច្បាប់​សហជីព​ត្រូវ​បាន​រដ្ឋសភា​បើក​កិច្ចពិភាក្សា និង​អនុម័ត​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦​នីតិកាល​ទី​៥ សេចក្តី​ព្រាងច្បាប់​សហជីព​ត្រូវ​បាន​រដ្ឋសភា​បើក​កិច្ចពិភាក្សា និង​អនុម័ត​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦​នីតិកាល​ទី​៥