ព្រះមហាក្សត្រ ៖ កម្ពុជា​កំពុង​ប្រឈម​បញ្ហា​កំណើន​វិសមភាព​លើ​ប្រាក់ចំណូល និង​ការ​ចំណាកស្រុក

ព្រះមហាក្សត្រ ៖ កម្ពុជា​កំពុង​ប្រឈម​បញ្ហា​កំណើន​វិសមភាព​លើ​ប្រាក់ចំណូល និង​ការ​ចំណាកស្រុក



ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី មាន​បន្ទូល​បែបនេះ​នៅ​ក្នុង​ព្រះរាជសារ បើក​បវេសនកាល​នៃ​រដ្ឋសភា និង​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៦។

ព្រះរាជសារ​បាន​លើក​ឡើង​ថា កំណើន​សេដ្ឋកិច្ច​មាន​កា​រ​កើន​ឡើងជា​បន្តបន្ទាប់ កំពុង​នាំ​កម្ពុជា​ចេញពី ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច ទៅជា​ប្រទេស​ដែល​មាន ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ពេល​ឆាប់​នេះ ប៉ុន្តែ​ទន្ទឹម​នេះ កម្ពុជា​កំពុង​ប្រឈម បញ្ហា​សង្គម​មួយ​ចំនួន ដែល​រួមមាន កំណើន​វិសមភាព​លើ​ប្រាក់ចំណូល​រវាង​ទីប្រជុំជន និង​ជនបទ ព្រមទាំង​ការ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ទីប្រជុំជន និង​ក្រៅប្រទេស។

ព្រះរាជសារ​បាន​លើក​ឡើង​ទៀត​ថា ” ខ្ញុំ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​លើក​កម្ពស់​សេវា​សុខាភិបាល ពង្រឹង​គុណភាព​វិស័យ​អប់រំ វិស័យ​កសិកម្ម ការធានា​សន្តិសុខ​ស្បៀង ជាពិសេស​កា​កែលំអ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប្រមាណ​២០ ភាគរយ ដែល​កំពុង​រស់​ក្នុង​ភាព​ក្រីក្រ​។ អត្រា​ភាព​ក្រីក្រ​មាន​កម្រិត​ខ្ពស់ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​តំបន់​ជនបទ​។ ការ​បង្កើន​ល្បឿន​ក្នុង​កំណើន​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ​នៅ​តំបន់​ជនបទ នឹង​ជួយ​ដោះស្រាយ​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​ច្រើន និង​ឆាប់រហ័ស ហើយ​វិស័យ​កសិកម្ម​នៅតែ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​បង្កើន​ប្រាក់ចំណូល​នៅ​ជនបទ។

ជាមួយគ្នា​នោះ​ព្រះរាជសារ​ព្រះមហាក្សត្រ ក៏បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សមាជិក សមាជិកា ទាំងអស់​នៃ​រដ្ឋសភា ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ បំពេញការងារ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​បម្រើ​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ហើយ​ព្រះរាជសារ​ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកបដោយ​ភាព​រឹងមាំ និង​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ប្រទេសជាតិ៕