សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំ​រឿង​មនុស្ស​៧​នាក់​ធ្លាក់​ចូល​កំពង់​ចម្លង​ស្លាប់​ទៅ​តុលាការ

អាជ្ញាធរ​នឹង​​បញ្ជូន​អ្នកបើកបរ​រថយន្ត និង​ម្ចាស់​កំពង់ចម្លង​មួយ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ទៅ​តុលាការ នៅ​ថ្ងៃ​ទី​៥ មេសា ក្រោយ​ពីមនុស្ស​៧​នាក់​ស្លាប់​ក្នុង​ទឹក​ទន្លេ ពេល​រថយន្ត​បើក​ធ្លាក់​ចុះ​ពី​ទូក​ដ។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ មេសា ថា អ្នក​ជាប់​ពាក់ព័ន្ធ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្អាង​ឃាត់​ខ្លួន​ភ្លាមៗ កាល​យប់​ពី​ថ្ងៃ​ទី៣ មេសា បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ធ្វើ​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​នេះ ដោយសារ​អ្នក​បើកបរ​រថយន្ត​ម៉ាក​ឡិចស៊ីស (Lexus) ៣០០ បើក​ចុះ​​កំពង់​ចម្លង ក្នុង​ស្ថានភាព​ងងឹត និង​បន្ទះ​ក្ដារ​ឆ្លង​តូច ខណៈ​អ្នក​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បន្តិច​ផង ក៏​ជាន់​ហ្គែរ ច្រឡំ​ថា ហ្រាំង​ស្ទុះ​ទៅ​ប៉ះ​កំណល់​ទូក​ដ ធ្លាក់​ចុះ​ទឹក​ទន្លេបាសាក់​តែ​ម្ដង៖ «ពេល​ហ្នឹង​សមត្ថកិច្ច​យើង ទាំង​នគរបាល ទាំង​អាវុធហត្ថ​ស្រុក​បាន​ចុះ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​នៅ​ជុំវិញ​ហ្នឹង​ជួយ​ជ្រោមជ្រែង​មុជ​ទឹក​រក​សាកសព ក្រែង​លោ​អាច​ជួយ​បាន​ដោយ​វិធី​ធ្វើ​ចលនា​ដៃជើង ដែល​យើង​បាន​រៀន​សូត្រ​កន្លង​មក។ ដល់​ពេល​រថយន្ត​សង្គ្រោះ​មក​ដល់ ហើយ​យើង​មិន​អាច​សង្គ្រោះ​បាន​ផង ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​វា​ហួស​ពេល​ទៅ​ហើយ ដោយ​មិន​អាច​សង្គ្រោះ​បាន​ដដែល អ្នក​ទាំង​៧​នោះ​បាន​ស្លាប់​ហើយ»។

ក្នុង​រថយន្ត​ដែល​មនុស្ស​ទាំង​៧​នាក់​ស្លាប់​នោះ មាន​គ្នា​១១​នាក់ តែ​៣​នាក់ បាន​ចុះ​ចេញ​ពី​រថយន្ត​ពេល​ចុះ​កំពង់​ចម្លង នៅ​ពេល​ពួកគេ​ធ្វើ​ដំណើរ​ចេញពី​សែន​ដូនតា ឬ​ឆេងម៉េង​វិញ វិល​ទៅ​គេហដ្ឋាន​របស់​ខ្លួន នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្តកណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។