អតីត​កំពូល​អ្នក​ជេរ​ថ្ងៃ​៧​មក​រា​ និង​បច្ចុប្បន្ន​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង​ ក្លាយជា​ជនសង្ស័យ​ពុក​រលួយ​ក្នុង​សំណុំរឿង​ ACU

​អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ ថា​ "​ជា​ថ្ងៃ​យួន​ឈ្លានពាន​កម្ពុជា​"​ និង​បច្ចុប្បន្ន​កាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ (​កូរ៉េ​ខាងត្បូង​)​ បន្ទាប់​ពី​បាន​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ អតីត​ប្រធាន​ក្រុមប្រឹក្សា​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​ បញ្ញវន្ត​ខ្មែរ​ (​រប​នប​ខ​)​ និង​អតីត​ជា​គណបក្ស​រណសិរ្ស​ជនជាតិ​ខ្មែរ​ បាន​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​សំណុំរឿង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ហើយ​ត្រូវ​ ACU​ ឃាត់ខ្លួន​សាកសួរ​យក​ចម្លើយ​ជា​លើក​ទី​២​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ ខណៈ​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ទើបបាន​ចាក​ចេញពី​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ដល់​ និង​បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ។​

​ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ ACU​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មាន​បណ្តឹង​ជា​ច្រើន​ទាំង​នៅ​ប្រទេស​កម្ពុជា​ផង​ ទាំង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុក​រលួយ​ប្រឆាំង​លើ​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ធ្វើ​ឲ្យ​ ACU​ រក​ឃើញ​តម្រុយ​ បន្ទាប់​ពី​ ACU​ ធ្លាប់​បាន​ចាត់​បញ្ជូន​មន្ត្រី​ទៅ​ធ្វើការ​ស៊ើបអង្កេត​ និង​ប្រមូល​ព័ត៌មាន​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​រួច​មក​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ ស៊ុត​ ឌី​ណា​ ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១១៣/១២១៣​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​ មុន​ពេល​ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​ ឯកឧត្តម​ ស៊ុត​ ឌី​ណា​ អតីត​កំពូល​អ្នក​ជេរ​ប្រមាថ​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ ដោយ​ឥត​សំចៃមាត់​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៧០៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០០៩​ និង​ទទួល​បានការ​តែងតាំង​នា​ថ្ងៃ​ដដែល​ ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៧០៤​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០០៩​ បន្ទាប់​ពី​ចេះ​កែប្រែ​អត្ត​ចរិត​ ឬ​មនសិការ​ឈប់​ជេរ​ប្រមាថ​ និង​ត្រឡប់​មក​គាំទ្រ​ដង្ហែ​ថ្ងៃ​៧​ មក​រា​ ១៩៧៩​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពេញទំហឹង​វិញ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ តំណែង​ជា​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​របស់​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ អាច​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ ដោយសារ​មាន​សំណុំរឿង​អាស្រូវ​សង្ស័យ​ពុក​រលួយ​នៅ​ ACU​ ៕​

អតីត​កំពូល​អ្នក​ជេរ​ថ្ងៃ​៧​មក​រា​ និង​បច្ចុប្បន្ន​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង​ ក្លាយជា​ជនសង្ស័យ​ពុក​រលួយ​ក្នុង​សំណុំរឿង​ ACU អតីត​កំពូល​អ្នក​ជេរ​ថ្ងៃ​៧​មក​រា​ និង​បច្ចុប្បន្ន​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង​ ក្លាយជា​ជនសង្ស័យ​ពុក​រលួយ​ក្នុង​សំណុំរឿង​ ACUអតីត​កំពូល​អ្នក​ជេរ​ថ្ងៃ​៧​មក​រា​ និង​បច្ចុប្បន្ន​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង​ ក្លាយជា​ជនសង្ស័យ​ពុក​រលួយ​ក្នុង​សំណុំរឿង​ ACU

Related