លោក ហោ ណាំហុង ចង់​ឈប់​ពី​ការងារ​ទាំងអស់ ប៉ុន្តែ​សម្តេច ហ៊ុន សែន រក្សាទុក​តំណែង​ឧបនាយករដ្ឋមន្ត្រី​

​លោក ហោ ណាំហុង វ័យ​៨០​ឆ្នាំ បានបញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​លោក​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៨​មក​។ ប៉ុន្តែ​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ដែល​ត្រូវបានតែងតាំង​ចាប់ពី​ឆ្នាំ ២០០៤​មក ត្រូវ​រក្សា​នៅ​ដដែល​។ ជាមួយគ្នានេះ លោក​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ផងដែរ​។​តំណែង​លោក ហោ ណាំហុង ត្រូវបាន​ជំនួស​ដោយ លោក ប្រាក់ សុខុន ដែល​ផ្ទេរ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​នា​កិច្ចប្រជុំសភា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា លោក ហោ ណាំហុង បានស្នើ​លាលែង​ពី​ការងារ​ទាំងអស់​ក្នុង​រដ្ឋាភិបាល ប៉ុន្តែ​សម្តេច​ស្នើ​ឲ្យ​រក្សា​តំណែង​ឧបនាយករដ្ឋមន្ត្រី ដើម្បី​ផ្តល់​ការប្រឹក្សា​យោបល់​នានា​។​

​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន​៖

​ក្រៅពី​លោក ហោ ណាំហុង ឥស្សរជន​នយោបាយ​ជើងចាស់​ពីររូប​ទៀត គឺ លោក គាត ឈន់ និង​លោក អ៊ឹម ឈុនលឹម បាន ស្នើសុំ​បញ្ចប់​មុខងារ​របស់ខ្លួន​ពី​ស្ថាប័ន​ជាតិ​។  លោក គាត ឈន់ វ័យ​៨១​ឆ្នាំ បានបញ្ចប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​។ លោក​គឺជា​អ្នកនយោបាយ​ជើងចាស់​ម្នាក់ ហើយ​បាន​កាន់កាប់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៣ មុននឹង​ទទួលបាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​។ បច្ចុប្បន្ន​លោក​ក៏​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​។​

 ដោយឡែក លោក អ៊ឹម ឈុនលឹម ដែលមាន​វ័យ​ជិត​៨០​ឆ្នាំ​ផងដែរ​នោះ បានបញ្ចប់​មុខងារ​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ន​ដី​នគរូបនីយកម្ម និង​សំណង់ ដែល​លោក​បាន​កាន់កាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​តំណែង​របស់លោក​ត្រូវបាន​ជំនួស​ដោយ​លោក ជា សុផារ៉ា ដែល​ផ្ទេរ​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ លោក អ៊ឹម ឈុនលឹម ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​៕