៣​ខែ​ដើម ឆ្នាំ​២០១៦ ភ្ញៀវ​ទៅលេង​តំបន់​អង្គរ មាន​ប្រមាណ ៧០ ម៉ឺន​នាក់ កើន​១.៧៧%

៣​ខែ​ដើម ឆ្នាំ​២០១៦ ភ្ញៀវ​ទៅលេង​តំបន់​អង្គរ មាន​ប្រមាណ ៧០ ម៉ឺន​នាក់ កើន​១.៧៧%



ភ្នំពេញ ​៖ ចំនួន​ភ្ញៀវទេសចរ ទៅលេង​តំបន់​អង្គរ​នៅ​រយៈពេល ៣​ខែ​ដើមឆ្នាំ​២០១៦​នេះ​មានការ​កើនឡើង​១.៧៧% បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​។​ចំពោះ​ភ្ញៀវ​អន្តរជាតិ​ដែល​បានមក​ទស្សនា​តំបន់​អង្គរ​គិត​ត្រឹម​៣​ខែ​ដើមឆ្នាំ​២០១៦ នេះ​មាន​ប្រមាណ ៧០​ម៉ឺន​នាក់ និង​បើ​ធៀប​កាលពី​ឆ្នាំ ២០១៥ កន្លងមក​ទៅ​មាន​ត្រឹមតែ​ជិត ៦៩ ម៉ឺន​នាក់​មាន​កំណើន ១.៧៧% ហើយ​ភ្ញៀវ​ចិន​ឈានមុខ​គេ​នៅឡើយ​។​

លោក ឡុង កុសល អ្នកនាំពាក្យ​អជ្ញាធរ​អប្ប​រា​បាន​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​នៅ​ថ្ងៃ​ចន្ទ​ទី ៤​ខែមេសា​នេះ​ថា ខាង​អាជ្ញាធរ​ជាតិ​អប្ប​រា ជាពិសេស​នាយកដ្ឋាន​ជំនាញ និង​នាយកដ្ឋាន​ទេសចរ បាន​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ភ្ញៀវ​មក​ទស្សនា​មាន​ភាព​រីករាយ ហើយ​បានរៀបចំ​កែលម្អ​ផ្លូវ​គមនាគមន៍​ឲ្យ​មាន​ក្រាល​កៅស៊ូ និង​មាន​រៀបចំ​ផ្លូវ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បានល្អ​។​

លោក ឡុង កុសល បាន​អះអាងថា នេះ​ជាការ​លើកកម្ពស់​ដើម្បី​ឲ្យ​មានការ​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​អង្គ​រហើយ​នេះ​ជាការ​ខិតខំ​របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ និង​ការ​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់​ដល់​ភ្ញៀវ ការពារ​សុខ​សុវត្ថិភាព​ដល់​ភ្ញៀវ ដែលមាន​បញ្ហា​កើតឡើង​។ លោក​បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៦ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​ភ្ញៀវ នឹងមាន​ការកើនឡើង នៅ​តំបន់​អង្គរ ហើយ​បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ជាមួយ​ខាង​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​រៀបចំ​ធ្វើ​ពិធី​ផ្សេងៗ ក្នុង​ពិធី​អង្គ​រស​ង្គ្រា​ន្ត​នាពេល​ខាងមុខនេះ ដើម្បី​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​តំបន់​អង្គរ​មានការ​ទាក់ទាញ​។​

ចំណែក លោក ហូ វណ្ឌី អ្នកជំនាញ​ផ្នែក​ទេសចរ និង​ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា តួលេខ​នៃ​កំណើន​ទេសចរ​អន្តរជាតិ​នេះ គឺជា​ការបង្ហាញ​ពី​ភាព​វិជ្ជមាន​វិស័យ​ទេសចរ​កម្ពុជា ពិសេស​នោះ​កម្មវិធី​អង្គ​រស​ង្គ្រា​ន្ត​តែម្តង ដែលជា​ប្រពៃណីជាតិ ហើយ​ការរៀប​ចំនេះ​ជាការ​ទាក់ទាញ​មួយ​ចំពោះ​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។

លោក ហូ វណ្ឌី បានបញ្ជាក់​ទៀ​ថា ក្រៅពីនេះ​កម្ពុជា​មានការ​កែច្នៃ​ផលិតផល​ទេស ចរ​ជាច្រើន​ទៀត ក្រៅពី​ការ​មក​ទស្សនា​តំបន់​អង្គរ ហើយ​អ្វីដែល​គួរ​រៀប ចំ​ក្នុង នាម​ម្ចាស់ផ្ទះ​នោះ​គឺ​ផាសុខភាព ដែលជា​រឿង​សំខាន់ សម្រាប់អ្នកទេសចរ ពោលគឺ ការរៀប ចំ សណ្តាប់ ធ្នាប់​ល្អ និង​ការរៀបចំ​ចរាចរ​ជុំវិញ​តំបន់​អង្គរ​។​

អាជ្ញាធរ​អប្សរា​រំពឹងថា នឹង​ទទួល​ភ្ញៀវទេសចរ រាប់ម៉ឺន​នាក់ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ហើយ​អាជ្ញាធរ​អប្សរា​កំពុង​បង្កើនល្បឿន​នៅក្នុង​ការរៀបចំ តុបតែង​គ្រឿង​លំអរ និង គ្រឿង​សក្តា​រៈ​បូជា​នៅ​គ្រប់កន្លែង​នៃ​តំបន់ សំខាន់ៗ​នៃ​បរិវេណ ប្រាសាទអង្គរវត្ត ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ៕