ជីវិត​ជូរ​ចត់ ​ត្រូវ​គេ​បោះ​បង់​ចោល​គ្មាន​ប្រណី​របស់​ប្រពន្ធ​ដើម​ លី លាន​ជា

មក​ទល់​ពេល​នេះ រឿង​​តារា​ក្បាច់​កុន លី លាន​ជា បោះ​បង់​ប្រពន្ធ​ទី​១ ដើម្បី “ជន​ទី​៣” នៅ​តែ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​គេ​រិះគន់​នៅ​ឡើយ។

 

បច្ចុប្បន្ន​នៅ​ពេល​និយាយ​ដល់​ពាក្យ “ភរិយា” តារា​សម្ដែង​ចិន Jet Li តែង​រំលឹក​ពី Nina Li។ លោក​លើក​តម្កើង​នាង​មិន​ផុត​ពី​មាត់ ហើយ​អះអាង​ថា​នាង​ជា​នារី​តែ​មួយ​គត់​ក្នុង​ជីវិត​របស់​ខ្លួន។ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​សិល្បៈ​ចិន អ្នក​ណា​ក៏​ដឹង​​ដែរ​ថា Nina គឺ​ជា “ជន​ទី​៣”។ អតីត​បវរកញ្ញា​អាស៊ី​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​លី លាន​ជា​ក្បត់​ប្រពន្ធ​ដើម​កាល​នៅ​គ្រា​ក្រ​លំបាក។

 

មិត្តភ័ក្ដិ​ស្លាប់​រស់

 

Huang Qiuyan ប្រពន្ធ​ដើម​របស់ លី លាន​ជា​មាន​អាយុ​ច្រើន​ជាង​លោក​២​ឆ្នាំ។ នាង​និង​លោក​គឺ​ជា​មិត្តភ័ក្ដិ​ស្លាប់​រស់​តាំង​ពី​កុមារភាព​និង​ជា​សិស្ស​រួម​គ្រូ​ក្នុង​សាលា​គុន​តែ​មួយ។ នៅ​ពេល​ដែល Jet Li មិន​ទាន់​មាន​អ្នក​ណា​ស្គាល់​សោះ Huang Qiuyan ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​របស់​ខ្លួន​បាន​ក្លាយ​ជា “ទី​បង្អែក” ដ៏​រឹង​មាំ​របស់​លោក។

 

ជីវិត​ជូរ​ចត់ ​ត្រូវ​គេ​បោះ​បង់​ចោល​គ្មាន​ប្រណី​របស់​ប្រពន្ធ​ដើម​ លី លាន​ជា

 

ឆ្នាំ ១៩៨២ ជាមួយ​នឹង​តួ​សម្ដែង​ក្នុង​រឿង “Shaolin Temple” លី លាន​ជា​បាន​ល្បី​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ ខណៈ​ពេល​នេះ លោក​បាន​សរសើរ​ពី​ភាព​ស្មោះ​ត្រង់​របស់ Huang Qiuyan ដែល​មាន​ចំពោះ​ខ្លួន។​

 

នៅ​កំឡុង​ឆ្នាំ ១៩៨៥ Jet Li ត្រូវ​រង​របួស​នៅ​ពេល​ថត​រឿង “Martial Arts of Shaolin”។ វេជ្ជបណ្ឌិត​បាន​ប៉ាន់​ស្មាន​ថា​តារា​សម្ដែង​ប្រុស​នេះ​អាច​មាន​លទ្ធភាព​ត្រូវ​ពិការ​មួយ​ជីវិត​ព្រោះ​បាក់​ឆ្អឹង​ជើង។ Qiuyan មិន​ខ្វល់​ពី​ទុក្ខ​លំបាក នៅ​ក្បែរ​មើល​ថែ​ទាំ​ស្វាមី​ទាំង​ថ្ងៃ​ទាំង​យប់។ ក្រោយ​មក​នាង​ត្រូវ​បាន​​សារ​ព័ត៌មាន​ស្ងើច​សរសើរ​ពី​ទង្វើ​នេះ។

 

គ្មាន​ពិធី​មង្គល​ការ បាន​ត្រឹម​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍

 

ឆ្នាំ ១៩៨៧ នៅ​ទី​បញ្ចប់ លី លាន​ជា ក៏​សម្រេច​ចិត្ត​រៀបការ​ជាមួយ Huang Qiuyan ប៉ុន្តែ​មង្គល​ការ​របស់​អ្នក​ទាំង​២​ត្រូវ​ប្រព្រឹត្ត​ឡើង​យ៉ាង​​តូច​តាច​បំផុត។ ពួក​គេ​បាន​ត្រឹម​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​តែ​គ្មាន​កម្មវិធី​ជប់​លៀង​ដើម្បី​ទទួល​ភ្ញៀវ​កិត្តិយស​អ្វី​ទាំង​អស់។ សូម្បី​តែ​គ្រួសារ​ទាំង​សង​ខាង​ក៏​បាន​ដឹង​រឿង​នេះ​តាម​សារ​ព័ត៌មាន​ដែរ។​​​​​

 

ជីវិត​ជូរ​ចត់ ​ត្រូវ​គេ​បោះ​បង់​ចោល​គ្មាន​ប្រណី​របស់​ប្រពន្ធ​ដើម​ លី លាន​ជា

Yanqiu និង​កូន​ស្រី​ទាំង​២

 

“សម្រាប់​ខ្ញុំ វា​គឺ​ជា​សុភមង្គល ខ្ញុំ​គ្រាន់​តែ​ចង់​នៅ​ក្បែរ​បុរស​ម្នាក់​នោះ​តែ​ប៉ុណ្ណោះ”។ Huang Qiuyan ចែក​រំលែក​ជាមួយ​អ្នក​យក​ព័ត៌មាន​របស់ QQ។

 

មួយ​រយៈ​ក្រោយ​មក អ្នក​ទាំង​២​បាន​ទៅ​រស់​នៅ​អាមេរិក​ដើម្បី​ឲ្យ Jet Li បន្ត​អភិវឌ្ឍ​អាជីព​របស់​ខ្លួន។ នៅ​ពេល​នោះ Qiuyan កំពុង​មាន​ផ្ទៃ​ពោះ​នៅ​ខែ​ទី​៧។ កំឡុង​ពេល​នេះ លី លាន​ជា​ចំណាយ​ពេល​ភាគ​​ច្រើន​ហាត់​គុន​និង​បន្ថែម​ចំណេះ​ដឹង​ខាង​សម្ដែង។ ជីវិត​គ្រួសារ​ត្រូវ​បាន Qiuyan ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង។ នៅ​អាមេរិក អ្នក​ទាំង​២​មាន​កូន​ជាមួយ​គ្នា​២​នាក់ (ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៨៨ និង ១៩៨៩)។

 

ឆ្នាំ ១៩៩០ លី លាន​ជា ត្រលប់​មក​ហុងកុង​វិញ​ដើម្បី​ថត​រឿង។ ខណៈ​ពេល​នេះ លោក​បាន​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​មួយ​រូប​រួច​ទៅ​ហើយ។ ជួប​ជាមួយ​នឹង​បវរកញ្ញា​អាស៊ី Nina Li នៅ​ពេល​សហការ​ជាមួយ​គ្នា​ លោក​បាន​មាន​មនោសញ្ចេតនា​ជាមួយ​នាង​យ៉ាង​រហ័ស។ មិន​ខ្វល់​នឹង​គុណស្រ័យ​ជាមួយ​នឹង​ប្រពន្ធ​ដើម​និង​ការ​រិះគន់​របស់​មហាជន លោក​ដាច់​ចិត្ត​ដាក់​ពាក្យ​លែងលះ​ជាមួយ Qiuyan។

 

រស់​នៅ​សាមញ្ញ គេច​ពី​បណ្ដាញ​ព័ត៌មាន

 

ឪពុក​ម្ដាយ លី លាន​ជា​មិន​ពេញ​ចិត្ត​នឹង​មង្គល​​ការ​ទី​១​របស់​កូន​ប្រុស តែ Qiuyan មិន​ធ្លាប់​បន្ទោស​អតីត​ស្វាមី​សូម្បី​មួយ​ដង។ នាង​បាន​ទៅ​សម្ងំ​រស់​នៅ​អាមេរិក​ដើម្បី​ចិញ្ចឹម​កូន​ស្រី​ទាំង​២។ ថ្មី​ៗ​នេះ នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​លើ​ដង​ផ្លូវ​នៅ​អាយុ ៥៥​ឆ្នាំ Huang Qiuyan នៅ​តែ​រក្សា​បាន​សម្រស់​ស្រស់​ស្អាត​របស់​ខ្លួន​ដដែល​។ នាង​ចែក​រំលែក៖ “ខ្ញុំ​នៅ​តែ​រក្សា​ទំនាក់ទំនង​មិត្តភ័ក្ដិ​ជាមួយ Jet Li។ សម្រាប់​ម្ដាយ​គាត់ ខ្ញុំ​និង​គាត់​គ្មាន​អ្វី​ខុស​ពី​មុន​នោះ​ទេ”។

 

ជីវិត​ជូរ​ចត់ ​ត្រូវ​គេ​បោះ​បង់​ចោល​គ្មាន​ប្រណី​របស់​ប្រពន្ធ​ដើម​ លី លាន​ជា

 

លី លានជានិង ភរិយា​ថ្មី

 

លី លាន​ជា បាន​ឲ្យ​ដឹង​ថា សម្រាប់ Huang Qiuyan លោក​គិត​ថា​វា​ជា​ការ​ដឹង​គុណ ជា​ជាង​ស្នេហា។ អាស្រ័យ​ហេតុនេះ នៅ​ពេល​យល់​ថា​អ្វី​ជា “ស្នេហា” ពិត​ប្រាកដ លោក​ហ៊ាន​លះបង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ទៅ​តាម​អ្វី​ដែល​បេះដូង​ខ្លួន​ចង់​បាន។ Jet Li ក៏​បាន​បន្ថែម​ថា ដើម​ឡើយ​លោក​យល់​ព្រម​រៀបការ​គឺ​ដោយ​សារ​ចាស់​ទុំ។ “មនោសញ្ចេតនា​របស់​ខ្ញុំ​សម្រាប់​នាង​បាន​ត្រឹម ១០%​ប៉ុណ្ណោះ ឯ​នាង​មាន​ចំពោះ​ខ្ញុំ​គឺ​រហូត​ដល់ ៩០%”។

 

ជីវិត​ជូរ​ចត់ ​ត្រូវ​គេ​បោះ​បង់​ចោល​គ្មាន​ប្រណី​របស់​ប្រពន្ធ​ដើម​ លី លាន​ជា

 

Yanqiu ពេល​បច្ចុប្បន្ន

 

យ៉ាងណាមិញ លី លានជា ត្រូវ​មហាជន​រិះគន់​ជា​ខ្លាំង​នៅ​ពេល​លោក​ស្រលាញ់​កូន​លំអៀង។ កូន​ស្រី​ទាំង​២​របស់​លោក​ជាមួយ​ប្រពន្ធ​ចុង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ថ្នាក់​ថ្នម​ដូច​ព្រះនាង​តាំង​ពី​តូច។ លោក​ថែម​ទាំង​បាន​ទិញ​ភូមិគ្រឹះ​ដើម្បី​ទុក​ជា​កេរដំណែល​ឲ្យ​ពួក​គេ​ទៀត​ផង​ តែ​បែរ​ជា​មិន​ខ្វាយ​ខ្វល់​នឹង​កូន​​ស្រី​ទាំង​២​ជាមួយ​ប្រពន្ធ​ដើម​ទៅ​វិញ។ និយាយ​ពី​កូន​ស្រី​ដើម​ទាំង​២ នៅ​ក្នុង​បទ​សម្ភាសន៍​ឆ្នាំ ២០១៤ លី លាន​ជា​លើក​ឡើង​ថា៖ “កូន​ស្រី​ទាំង​២​របស់​ខ្ញុំ​នៅ​បរទេស ឥលូវ​ធំ​ដឹង​ក្ដី​ហើយ អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន”៕

 

ចុចអាន៖​ខ្សែ​ជីវិត Nicky Wu ​ពី​ក្មេង​រើស​សំរាម​រហូត​ដល់​​មាន​មង្គល​ការ​រាប់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing