អាមេរិក​បញ្ជូន​អ្នក​ទោស​២​នាក់​ពី​គុក​ Guantanamo​ ទៅ​ប្រទេស​សេណេហ្គាល់

អាមេរិក​បញ្ជូន​អ្នក​ទោស​២​នាក់​ពី​គុក​ Guantanamo​ ទៅ​ប្រទេស​សេណេហ្គាល់

រូបថត​ឯកសារ៖ ជនជាប់​ឃុំឃាំង​ត្រូវ​បាន​​នាំ​យក​ទៅ​កាន់​សវនាការ​នៃ​រដ្ឋបាល​របស់គណកម្មការ​ត្រួតពិនិត្យ​ នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ Camp Delta នៅ​កោះ​ Guantanamo ក្នុង​ប្រទេស​គុយបា។

កាល​ពី​ថ្ងៃ​ចន្ទ​ ស.រ.អា.​ បាន​ដោះលែង​អ្នកទោសពីរ​នាក់​ពី​មជ្ឈមណ្ឌល​ឃុំឃាំង​របស់​ផង​ខ្លួន​នៅ​ឯឆក​សមុទ្រ​ Guantanamo ​ក្នុង​ប្រទេស​គុយបា​ ដោយ​បាន​បញ្ជូន​ជន​ទាំង​ពីរ​នាក់នេះ​ទៅ​កាន់ប្រទេស​សេណេហ្គាល់ (Senegal) នាប៉ែក​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក។

សេចក្តី​ថ្លែងការណ៍​មួយ​នៃ​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​និយាយ​ថា៖ «ស.រ.អា.​ដឹង​គុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​សេណេហ្គាល់​ ចំពោះ​កាយវិការ​មនុស្សធម៌​របស់ប្រទេសនេះ​និង​ចំណង់​របស់​ប្រទេស​នេះ​ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ស.រ.អា.​ដើម្បី​បិទ​កន្លែង​ឃុំឃាំង​នេះ​នៅ​ឯ​ឆក​សមុទ្រ Guantanamo»។

បុរស​ទាំង​ពីរ​នាក់​នេះ​ដែល​គេ​ប្រាប់​ថា​ជា​ជនជាតិ​លីប៊ី​ឈ្មោះ​ Omar Khalif Mohammed Abu Baker និង​ឈ្មោះ ​Salem Abdu Salam Ghereby បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​គុក​នេះ​ចំនួន​១៤​ឆ្នាំ​ដោយ​គ្មានការ​ចោទ​ប្រកាន់។

Khalif​ ​បាន​កំបុត​ជើង​ម្ខាង​ដោយសារ​ការ​ផ្ទុះ​គ្រាប់មីន​កាល​ពី​ឆ្នាំ១៩៩៨ និង Ghereby គឺ​ជាអ្នក​ប្រឆាំង​នឹង​បុរស​មាន​អំណាច​ខ្លាំង​នៃ​ប្រទេស​លីប៊ី​ឈ្មោះ​ Muammar Gaddafi ​ដែល​បាន​ត្រូវ​ទម្លាក់ពី​អំណាច។ ​Khalif​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង​ Karachi​ កាល​ពី​ដើម​ឆ្នាំ​២០០២ ចំណែក​ឯ ​Ghereby​ វិញ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០០១​ នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស

អាហ្វហ្គានីស្ថាន​ និង​ប្រទេស​ប៉ាគីស្ថាន។ ​ទីភ្នាក់ងារ​ស.រ.អា. ​ចំនួន​៦ ​បាន​ពិនិត្យ​សើរើ​ករណី​ពួក​គេ​ជា​ថ្មី​នៅ​មុនសម្រេច​ចិត្តដោះលែង​ពួកគេ​ទៅកាន់ប្រទេស​ សេណេហ្គាល់​ ដែល​ជា​ប្រទេស​ទី២៦​ដែល​បាន​យល់ព្រម​ទទួល​យក​ពួក​អ្នកទោស​នៅ​ក្នុង​ស.រ.អា.។

ការ​ដោះលែង​ជនពីរ​នាក់​នេះ​ បាន​កាត់​បន្ថយ​ចំនួន​អ្នកទោស​នៅ​ក្នុងគុក Guantanamo ​មក​នៅ​ត្រឹម​៨៩នាក់​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​ បន្ត​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​លោក​ដើម្បី​បិទ​គុកនេះ​នៅ​មុន​លោក​ចាក​ចេញ​ពី​តំណែង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​ ដែល​ជា​ការ​ខិត​ខំប្រឹង​ប្រែង​មួយ​មាន​ការ​ជំទាស់​ពីពួក​សមាជិកសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ។

មាន​អ្នក​ទោស​ទាំង​អស់​៧៧៩នាក់​បាន​ជាប់ឃុំឃាំង​នៅ​ក្នុង​គុក Guantanamo ដែល​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ឃុំឃាំង​ពួក​ជន​ជាប់​សង្ស័យ​ថា​ជា​ពួក​ភេរវជន​ នៅ​ពេល​ដែល​ស.រ.អា. បើក​ធ្វើ​កិច្ច​ប្រតិបត្តិការ​យោធា​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ក្នុង​បូរីញូវយ៉ក​ និង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕