ទ័ព​កូរ៉េខាងត្បូង​បើក​សមយុទ្ធ​បាញ់​គ្រាប់ពិត​នៅ​ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង

នៅ​ថ្ងៃ​ចន្ទ ទី៤ មេសា​នេះ ទ័ព​កូរ៉េខាងត្បូង​បាន​បើក​ធ្វើ​សមយុទ្ធ​ក្រោម​ទ្រង់ទ្រាយ​ធំ​តែ​ម្នាក់​ឯង​ដោយ​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​សមុទ្រ​ជប៉ុន។ សមយុទ្ធ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក Goseong ជាប់​សមុទ្រ និង​មាន​ព្រំដែន​ជាប់​ជាមួយ​កូរ៉េខាងជើង។ ជម្រើស​បាញ់​គ្រាប់ពិត​នៅ​ក្នុង​សមុទ្រ​ជប៉ុន ព្រោះ​ជា​ទីកន្លែង​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​ច្រើន​ដង​នា​រយៈពេល​ចុង​ក្រោយ​នេះ។

គោលដៅ​នៃ​ការ​បើក​សមយុទ្ធ​តែ​ម្នាក់​ឯង​របស់​ទ័ព​កូរ៉េខាងត្បូង​ថ្ងៃ​នេះ​ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​លោក​ម៉ូន សង់យ៉ុន​ថ្លែង​ថា គឺ​ដើម្បី​ធ្វើ​ឲ្យ​ដូច​គ្នា​នឹង​សេណារីយ៉ូ​បង្ក​ឡើង​ដោយ​កូរ៉េខាងជើង​នៅ​ក្នុង​សមុទ្រ​ជប៉ុន។ ទន្ទឹម​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​រូប​នេះ​ដដែល​ក៏​មិន​បាន​លាក់កំបាំង​ទេ​ថា សមយុទ្ធ​ថ្ងៃ​នេះ​ក៏​សំដៅ​បង្កើន​ការ​កែលម្អ និង​ប្រសិទ្ធិភាព​នៃ​ការ​បាញ់​នៅ​សមុទ្រ ព្រម​ទាំង​សំដៅ​ផ្ទាំងស៊ីប​របស់​សត្រូវ​ផង​ដែរ។

ទ័ព​កូរ៉េខាងត្បូង​បើក​សមយុទ្ធ​បាញ់​គ្រាប់ពិត​នៅ​ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើងទ័ព​កូរ៉េខាងត្បូង​បើក​សមយុទ្ធ​បាញ់​គ្រាប់ពិត​នៅ​ក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងជើង

សមយុទ្ធ​របស់​ទ័ព​កូរ៉េខាងត្បូង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីបកូរ៉េ​បាន និង​កំពុង​ឡើង​តានតឹង​ខ្លាំង​នា​រយៈពេល​ចុង​ក្រោយ​នេះ។ ការ​ឡើង​តានតឹង​ក៏​ដោយសារ​តែ​កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​បន្ត​បន្ទាប់។ គ្រាន់​តែ​នៅ​ក្នុង​ខែ​មីនា​កន្លង​ទៅ មនុស្សខ្លាំង​កូរ៉េខាងជើង​គីម ជុនអ៊ុន​ផ្ទាល់ខ្លួន​បាន​ចេញ​បញ្ជា និង​ត្រួតពិនិត្យ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ចម្ងាយមធ្យម និង​ចម្ងាយជិត​ជា​ច្រើន​ដង​នៅ​ក្នុង​សមុទ្រ​ជប៉ុន។

ការ​បង្ហាញ​សាច់ដុំ​របស់​របប​ក្រុង​ព្យុងយ៉ាង​នា​ពេល​កន្លង​មក គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​រួម​គ្នា​រវាង​ទ័ព​កូរ៉េខាងត្បូង និង​អាមេរិក។ សមយុទ្ធ​ដែល​កូរ៉េខាងជើង​តែងតែ​ចាត់​ទុក​ជា​ការ​រៀបចំ​ជើងព្រួល​វាយលុក​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង។ សូម​ជម្រាប​ជូន​ថា កូរ៉េខាងជើង​កំពុង​ជាប់ និង​ក៏​កំពុង​បន្ត​ទទួល​ទ័ណ្ឌកម្ម ឬ​មួយ​ក៏​ការ​ថ្កោលទោស​អន្តរជាតិ​ក្នុង​រឿង​សាកល្បង​នុយក្លេអ៊ែរ ក៏​ដូច​ជា​រឿង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រាងចាល​ដែរ និង​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ជា​ហូរហែ៕

ប្រភពៈ RFI