ឯកសារ​បែក​ធ្លាយ​ឈ្មោះ​មេដឹកនាំ​ពិភពលោក​ជា​ច្រើននិង​អ្នក​ពាក់ព័ន្ធ​នឹង​ចរាចរ​​ថវិកា​ក្រៅ​ប្រទេស

អ្នក​កាសែត​អន្តរជាតិ​មួយ​ក្រុម ដែល​កំពុងធ្វើការ​ស្រាវជ្រាវ​ឯកសារ​បែក​ធ្លាយ​ពី​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ប្រទេស​ប៉ាណាម៉ា​បាន​ចេញ​ផ្សាយ​ការ​រក​ឃើញ​មួយ​ចំនួន​របស់​ពួកគេ​ដែល​បង្ហាញ​ពី​ទំនាក់​ទំនង​លុយ​កាក់​នៅ​ក្រៅ​ប្រទេស​របស់​អ្នក​មាន ជន​ល្បី​ឈ្មោះ និង​អ្នកជាប់​ពាក់​ពន្ធ័នយោបាយ​ជាច្រើន​នាក់។

ប្រភព​អនាមិក​មួយ​បាន​ផ្តល់​ឯកសារ​ចំនួន​១១លាន​៥សែន​ឯកសារ​ដែល​យក​ចេញ​ពី​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca របស់​ប្រទេស​ប៉ាណាម៉ា ទៅ​ឲ្យ​ក្រុម​អ្នក​កាសែត​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ក្រុម​ឈ្មោះ International Consortium of Investigative Journalists ហៅកាត់​ថា​ ICIJ មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

​Ramon Fonseca ស្ថាបនិក​ម្នាក់​នៃ​ក្រុម​ហ៊ុន​របស់​ប៉ាណាម៉ា​នោះ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា ការបែក​ធ្លាយព័ត៌មាន​ដល់​អ្នក​កាសែត​នេះ​គឺ​ជា «បទ​ឧក្រិដ្ឋ​ដ៏ធ្ងន់ធ្ងរ​»

ឯកសារ​បែក​ធ្លាយ​ឈ្មោះ​មេដឹកនាំ​ពិភពលោក​ជា​ច្រើននិង​អ្នក​ពាក់ព័ន្ធ​នឹង​ចរាចរ​​ថវិកា​ក្រៅ​ប្រទេស

សំពត់​តង់​នៃអគារ​ Arango Orillac Building រាយ​បញ្ជីរ​ក្រុម​ហ៊ុន​ច្បាប់​ Mossack Fonseca ក្នុង​ទីក្រុង​ប៉ាណាម៉ា​កាល​ពី ថ្ងៃទី​០៣ មេសា​២០១៦

លោក​ថ្លែង​ថា «ឯកជន​ភាព​ គឺ​ជា​សិទ្ធិ​មនុស្សមូលដ្ឋាន ដែលកំពុង​តែ​សឹក​រិចរិល​កាន់​តែ​ខ្លាំង​ឡើងៗ ក្នុង​ពិភពលោក​សម័យ​ទំនើប​នេះ។» លោក​បន្ត​ថា «មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ឯកជន​ភាព​របស់​ខ្លួន​មិនថា​ពួកគេ​ជា​ស្តេច​ឬ​ជា​អ្នក​សុំទាន​នោះ​ទេ»។

ការ​ដាក់​ប្រាក់​នៅ​ក្នុង​គណនេយ្យ​ក្រៅ​ប្រទេស​មិន​មែន​ជា​អំពើ​ខុសច្បាប់​ទេ ហើយ​គេ​អាច​ធ្វើ​បែបនេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បង់ពន្ធ​និង​ការ​រកស៊ី​ជួញដូរ​ជា​លក្ខណៈ​អន្តរជាតិ។ ប៉ុន្តែ របាយការណ៍​របស់​ក្រុម​អ្នក​កាសែត​អន្តរជាតិ​នេះ និយាយ​ថា «ឯកសារ​ទាំង​នេះ​បង្ហាញ​ថា​ធនាគារ​ ក្រុមហ៊ុន​ច្បាប់​និង​តួអង្គ​នៅ​ក្រៅ​ប្រទេស​ផ្សេងទៀត​ជា​រឿយៗ បាន​ខកខាន​មិន​បាន​ធ្វើ​តាម​ផ្លូវ​ច្បាប់​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា អតិថិជន​របស់​ខ្លួន មិន​ជាប់​ពាក់ព័ន្ធ​នឹង​សហគ្រាស​ឧក្រិដ្ឋកម្ម ការ​គេច​ពន្ធ និង​អំពើ​ពុករលួយ​នយោបាយ»​ នោះ​ទេ។

អង្គការ​សារព័ត៌មានអន្តរជាតិ​នេះ បានចង​សម្ព័ន្ធ​ជាមួយ​កាសែត​អាល្លឺម៉ង់ Sueddeutsche Zeitung និង​អង្គការ​សារព័ត៌មាន​ជាង​១០០​ទៀត​នោះ បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​សន្និដ្ឋាន​ពី​ឯកសារ​បែក​ធ្លាយ​ទាំង​អស់​នេះ​ថា ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​ជាច្រើន​នោះ ក៏​មាន​មនុស្ស​នៅ​ក្រោម​ប្រធានាធិបតី​រុស្សី លោក Vladimir Putin ដែល​បាន​វេរ​លុយ​រហូត​ដល់ ​២ពាន់​លាន​ដុល្លារ​អាមេរិក តាម​រយៈ​គណនេយ្យ​ធនាគារ​នៅ​ក្រៅ​ប្រទេស ក្នុង​អំឡុង​ពេល​ជិត​៤០​ឆ្នាំ​ដោយ​ការ​វេរ​ទឹក​ប្រាក់​ទាំង​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ឬ​ក្រុមហ៊ុន ដែល​មាន​ចំណង​ទាក់ទង​នឹង​លោក​ពូទីន ពី​ឆ្នាំ​១៩៧៧ រហូត​ដល់​ចុង​ឆ្នាំ​២០១៥។

​កាសែត​អាល្លឺម៉ង់ Sueddeutsche Zeitung ដែល​មាន​មូលដ្ឋាន​នៅ​ក្រុងMunich បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​ទទួល​ទិន្នន័យ​ទាំង​នេះ​កាលពី​ជាង​មួយ​ឆ្នាំ​មុន។ កាសែត​នេះ​និយាយ​ថា ទិន្នន័យដែល​ខ្លួន​ទទួល​បាន​នេះ គឺ​ច្រើនជាង​ច្រើន​ជាងពីរឬ​បី​ដង​នៃទិន្នន័យការទូត​សម្ងាត់​ ដែល​ចេញ​ផ្សាយ​ដោយWikiLeaks កាល​ពី​ឆ្នាំ​២០១០​ និង​ឯកសារ​សម្ងាត់​ ដែល​លោក ​Edward Snowden បាន​ផ្តល់​ឲ្យ​អ្នក​កាសែត​កាល​ពី​ឆ្នាំ​២០១៣​ទៅទៀត។

ការិយាល័យ​ពន្ធ​ដារ​របស់​ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ប្រាប់​សារព័ត៌មានReuters របស់​អង់គ្លេស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ខ្លួន​កំពុង​ស៊ើបអង្កេត​អតិថិជន​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាលជាង​៨០០​នាក់ របស់​ក្រុមហ៊ុន​ច្បាប់​ប៉ាណាម៉ា​នោះ​ដើម្បី​រក​មើល​ថា​បាន​ប្រព្រឹត្ត​ការ​គេច​មិន​បង់​ពន្ធ​ដែរ​ឬ​អត់៕

ប្រភពៈ VOA