ស្រវឹង​ស្រា​ ជិះ​បុក​ដើមឈើ ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​ម្នាក់​

ស្រវឹង​ស្រា​ ជិះ​បុក​ដើមឈើ ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​ម្នាក់​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​បង្ក​ដោយ​ខ្លួនឯង បាន​បើក​ម៉ូតូ​លឿន​ទៅ​បុក​នឹង​ដើមឈើ​នៅ​លើ​ផ្លូវ​កៅស៊ូ ក្នុង​ខេត្ត មុខ​អនុវិទ្យាល័យ​សំរោង ស្ថិតនៅ​ក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ បណ្ដាល​ឲ្យ​ស្លាប់​១​នាក់ ​និង​របួសធ្ងន់​១​នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​លឿន​ទៅ​បុក​នឹង​ដើមឈើ​ស្លាប់ ​និង​របួស​ធ្ងន់​នោះ ១/ឈ្មោះ ឯម បណ្ឌិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ គឺជា​អ្នក​បើក​ម៉ូតូ រស់នៅ​ភូមិ​ពោធិ​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ មុខរបរ​ជាជាង​គោយន្ត​(​ស្លាប់​)។ ២/​អ្នក​រួម​ដំណើរ​ឈ្មោះ ឃឿន និមល ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ មុខរបរ​ជាជាង​គោយន្ត​(​របួសធ្ងន់​)។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ដូច្នេះ​ គឺ​បណ្ដាល​មកពី​ជន​រង​គ្រោះ​មិន​ពាក់​មួក​សុវត្ថិភាព និង​មាន​ភាព​ស្រវឹង​ទៀត​ផង ហើយ​នៅ​ពេល​កើត​ហេតុ​ភ្លាមៗ ​សមត្ថកិច្ច​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ឧត្តរ​មាន​ជ័យ​ភ្លាមៗ​ផង​ដែរ៕