មក​ពី​សែន​ផ្នូរ​ឆ្លង​ទូកដ​ធ្លាក់​រថយន្ត​ចូល​ទន្លេ​ស្លាប់​៧នាក់

មក​ពី​សែន​ផ្នូរ​ឆ្លង​ទូកដ​ធ្លាក់​រថយន្ត​ចូល​ទន្លេ​ស្លាប់​៧នាក់



ខេត្តកណ្ដាល ៖ ក្រុម​គ្រួសារ​មួយ​បាន​ជួប​គ្រោះ​អកុសល​គួរ​ឱ្យ​រន្ធត់​ពន់ពេក នៅ​ពេល​ត្រឡប់​មក​ពី​សែន​ឆេ​ង​ម៉េ​ង​វិញ ដោយសារ​ការ​បើករថយន្ត​ឡើង​លើ​ទូកដ ជ្រុល​ល្បឿន​រថយន្ត ដាំ​ក្បាល​ធ្លាក់​ពីលើ​ទូកដ ចូល​ក្នុង​ទឹកទន្លេ​លិច​បាត់ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់ ក្នុង​នោះ​មាន​មនុស្ស​ចាស់​២​នាក់​ប្ដី​ប្រពន្ធ និង​ក្មេង​ៗ​ប្រុស​-​ស្រី​៥​នាក់​ជា​បងប្អូន​បង្កើត និង​បងប្អូនជីដូនមួយ​គ្នា ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣ មេ​សា នៅ​ចំណុច​កំពង់ចម្លង​អុងប៉ាង ត្រើយ​ខាងកើត​ទន្លេបាសាក់  ស្ថិត​ក្នុងភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។ រថយន្ត​បើក​ធ្លាក់​ទូកដ​នេះ ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ 2F-3169 ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា នោះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​សែន​ឆេ​ង​ម៉េ​ង នៅ​ស្រុក​កំណើត​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ។ ពេល​ថ្ងៃរសៀល ក្រោយ​ពី​សែន​ហើយ​នោះ ក៏​មាន​ជួបជុំ បងប្អូន​ហូប​ស្រា​ផង​ដែរ  ។ លុះដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល ក៏​បាន​បបួល​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ឃុំ​ស្វាយ​រលំ​។ ដោយសារ​តែ​រថយន្ត​មាន​តែ​១​គ្រឿង អ្នក​ជិះ​ម៉ូតូ​ទៅ​ចូលរួម​សែន​ឆេ​ង​ម៉េ​ង ជាមួយ​គ្នា​នោះ ក៏​បាន​ផ្ញើ​កូន ឱ្យ​ជិះ​រថយន្ត​មក​ជាមួយ ដែល​ក្នុង​រថយន្ត​នោះ មាន​អ្នក​ជិះ​ទាំង​ក្មេង ទាំង​ចាស់​ចំនួន​១១​នាក់ ។ ប៉ុន្តែ​ពេល​នោះ ម្ចាស់​រថយន្ត មិន​បើករថយន្ត​ទេ ដោយសារ​ការ​បើកបរ​មិន​ទាន់​ចេះ​ស្ទាត់ ព្រោះ​រថយន្ត​ទើប​ទិញ​បាន​ជាង​១​ស​ប្ដា​ហ៍​ប៉ុណ្ណោះ ក៏​ប្រគល់​ឱ្យឈ្មោះ សាក់ សា​រ៉ា​ក់ ភេទ​ប្រុស  អាយុ​៣៣​ឆ្នាំ ជា​ជាង​ឌី​ណា​ម៉ូ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ជា​អ្នកបើកបរ​រថយន្ត​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ។ ពេល​មក​ដល់​កំពង់​ទូកដ​ព្រែក​អុងប៉ាង​ត្រើយ​ខាងកើត​ទន្លេបាសាក់ ដោយសារ​នៅ​ក្នុង​រថយន្ត​នោះ​មាន​គ្នា​១១​នាក់​ច្រើន​ពេក ក៏​មាន​មនុស​៣​នាក់​បាន​សំ​ុ​ចុះ​ពីលើ​រថយន្ត​សិន ។ ពេល​នោះ​ម៉ោងជាង​៧​យប់​ទៅ​ហើយ រថយន្ត​បាន​បើក​ឡើង​លើ​ទូកដ ។ ដោយសារ​អ្នក​បើក ក៏​មិន​ធ្លាប់​កាន់​ដៃចង្កូត​រថយន្ត​ឡិច​ស៊ី​ស ស្មាន​ល្បឿន​មិន​ត្រូវ ក៏​ជាន់​ហ្គា​រ​ខ្លាំង​ជ្រុល ។ រថយន្ត​ក៏​ស្ទុះ​ហក់​ខ្លាំង​លើ​ទូកដ សូ​ម្បី​កំណល់​ក៏​ទប់​មិន​ជាប់ បណ្ដាល​ឱ្យ​រថយន្ត​ស្ទុះ​ទៅ​មុខ​ទៀត​ផុត​ទូក ដាំ​ក្បាល​ធ្លាក់​លិច​ចូល​ក្នុង​ទឹកទន្លេ មាន​ជម្រៅ​ប្រមាណ ៤​ម៉ែត្រ ។ ពេល​នោះ អ្នកបើកបរ​រថយន្ត​បាន​ស្រវា​ចេញ​មក តាម​ទ្វារ​ដែល​បើក​កញ្ចក់ គ្រាន់តែ​ឈ្លក់ទឹក​ប៉ុណ្ណោះ ។ ចំណែក​មនុស្ស​៧​នាក់​ចេញ​មិន​រួច ស្លាប់​ក្នុង​រថយន្ត​ទាំងអស់​គ្នា ទោះបី​អ្នក​បើក​ទូកដ និង​អ្នក​ភូមិ​បាន​ព្យាយាម​ជួយ​ស្រង់​ភ្លាម​ៗ​ក្ដី ប៉ុន្តែ​យឺត​ពេល​ទៅ​ហើយ ពួក​គេ​ស្លាប់​អស់ ទើប​ស្រង់​បាន​តាម​ក្រោយ ។

លោក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់មាន​៧​នាក់​៖ ទី​១-​ឈ្មោះ អ៊ែ​ល វឿ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់​រថយន្ត ។ ទី​២-​ឈ្មោះ សឿ​ន សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ទី​៣-​ឈ្មោះ គឿ​ន សុ​វ​ណ្ណា​រាជ ភេទ​ប្រុស អាយុ​៤​ឆ្នាំ ទី​៤-​ឈ្មោះ រ៉ា​ក់ ឆៃ​ណា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ទី​៥-​ឈ្មោះ វឿ​ន គី​ម​ឡា​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ ទី​៦-​ឈ្មោះ ចាន់​ថន រចនា ភេទ​ស្រី អាយុ​៨​ឆ្នាំ  ទី​៧-​ឈ្មោះ ខន ឡេ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជា​ប្រពន្ធ​ម្ចាស់​រថយន្ត ។ អ្នក​ទាំងអស់​គ្នា​មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។

លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា ចំពោះ អ្នកបើកបរ​រថយន្ត និង​អ្នក​បើក​ទូកដ ឈ្មោះ​ឈិ​ន រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់ ព្រោះ​បាន​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​៧​នាក់ បាត់បង់​តែ​មួយ​ប៉​ព្រិច​ភ្នែក ៕