ភ្លើង​ប្រចណ្ឌ​ឆេះ​ឡើង​ប្រពន្ធ​តប​វិញ​ក្ស័យជីវិត

ភ្លើង​ប្រចណ្ឌ​ឆេះ​ឡើង​ប្រពន្ធ​តប​វិញ​ក្ស័យជីវិត



ខេត្តកំពង់ចាម ៖ ភ្លើង​ប្រចណ្ឌ​មួយ​បាន​ក្លាយទៅជា​អំពើ​ហិង្សា ដោយ​បុរស​ជា​ប្តី​បាន​ចាប់​ប្រពន្ធ​បោច​សក់ និង​ច្របាច់ក​ស្ទើរ​ដាច់ ដង្ហើម តែ​ពេល​ប្រពន្ធ​ស្រវា​ទាញ​បាន​កាំបិត​ចុង​ស្រួច​សម្រាប់​ហាន់សាច់​គោ មក​ចាក់់​តប​វិញ​លើ​ប្តី​៤​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង នៅ​យប់​ថ្ងៃ​ទី​១​មេ​សា​កន្លង​មកនេះ ក្នុងភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយ​ណ៏ ស្រុក​ព្រៃឈរ ហើយ​ប្រពន្ធ​បាន​អូស​សព​ប្តី​ពីលើ​ផ្ទះ ទៅ​ដាក់​លើ​ទួល​ខាងកើត​ផ្ទះ ដោយ​យក​កាំបិត​ចុង​ស្រួច​នោះ​ដាក់​នៅ​ក្នុង​ដៃ​សព​ប្ដី ដើម្បី​បង្វែរ​ដាន​ពី​ការ​ចាក់​សម្លាប់​ជ្រុលដៃ បន្លំ​សមត្ថកិច្ច​ទៅ​ជា​រឿង​ចាក់​សម្លាប់​ខ្លួន​អត្តឃាត​វិញ ។

នាយ​រង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​លោក​វរ​សេនី​យ៏​ទោ ចាន់ ហោ  ប្រាប់​ឲ្យ​ដឹង​ថាៈ បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ឈ្មោះ ស្រេ​ន តាំ អាយុ​៥៣​ឆ្នាំ រួម​និង​ប្រពន្ធ​ឈ្មោះ ឆុ​ន សាលី អាយុ​៤២​ឆ្នាំ បាន​ទៅ​ចូលរួម​កម្មវិធី​ឡើង​គេហដ្ឋាន  របស់​អ្នក​ភូមិ​ផង​របង​ជាមួយ កាលពី​ល្ងាច​ថ្ងៃ​ទី​១ មេ​សា រួម​នឹង​កូនស្រី​តូច​អាយុ​៥​ឆ្នាំ​ម្នាក់​ផង​ដែរ ។

មន្ត្រី​ប៉ូ​លី​ស​ដដែល​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​នៅ​វេលា​ម៉ោង​៩​យប់​កូនស្រី​តូច​ងងុយដេក បុរស​ជា​ប្តី​បាន​យក​កូន​មក​ផ្ទះ​ឲ្យ​ដេក​មុន ហើយ​១​ម៉ោង​ក្រោយមក​ទៀត ទើប​ស្ត្រី​ជា​ប្រពន្ធ​បាន​វិល​មក​វិញ ។ គ្រានោះ​ប្តី​បាន​ប្រចណ្ឌ​ទៅ​លើ​ប្រពន្ធ ដោយ​បាន​ចោទប្រកាន់​ថា បាន​ទៅ​ដេក​ផ្ទះសំណាក់ ជាមួយនឹង​សហាយ ទើប​យប់​ជ្រៅ​បាន​មក​ដល់​ផ្ទះ។

ដោយ​ការ​ចោទ​បែប​នេះ បង្ក​ឱ្យទៅ​ជា​ជំ​លោះ​គ្នា​យ៉ាង​បែកផ្សែង រវាង​ប្ដី​ប្រពន្ធ​ទាំង​២​នាក់ ។ ការ​ទាស់សម្ដី​គ្នា​នោះ​បាន​ក្លាយជា​ហិង្សា ដោយ​ប្ដី​បាន​ចាប់​បោច​សក់​ប្រពន្ធ និង​បាន​ច្របាចក​ដោយ​ភ្លើង​ប្រចណ្ឌ ។ សកម្មភាព​ប្រតាយប្រតប​គ្នា​ទៅ​វិញ​ទៅ​មក​នោះ ប្រពន្ធ​បាន​ស្រវា​យក​កាំបិត​ចុង​ស្រួច​សម្រាប់​ហាន់​កាត់​សាច់​គោ មក​ចាក់​លើ​ប្តី​បន្តបន្ទាប់​ត្រូវ​ក្រោម​ឃ្លៀ​ក​ឆ្វេង​៤​កាំបិត បណ្តាល​ឲ្យ​ដួល​ដេក​ស្លាប់​នៅ​លើ​ផ្ទះ ។ ដោយ​ការ​ជ្រុលដៃ​ចាក់​ប្ដី រហូត​ដល់​ស្លាប់​ប្រពន្ធ​បាន​យក​ទឹក​លាង​សំអាត​ឈាម​ដែល​ប្រឡាក់​លើ​ផ្ទះ​ឲ្យ​ស្អាត  ហើយ​អូស​សព​ប្តី​ចុះ​ទៅ​ក្រោមផ្ទះ ទៅ​ដាក់​នៅ​ចំហៀង​ផ្ទះ​ចំងាយ​ប្រហែល​ជាង​១០​ម៉ែត្រ និង​បាន​ដូរ​សំលៀក​បំពាក់​ចេញ ដើម្បី​បង្វែងដាន ដោយ​បន្លំ​ធ្វើ​ទៅ​ជា​រឿង​អត្តឃាត​វិញ ដោយ​ដាក់​កាំបិត​នៅ​ក្នុង​ដៃ​ខាងឆ្វេង​របស់​សព​ប្ដី​ដែល​ស្លាប់ ។  ក្រោយ​ពី​បាន​រៀបចំ​រួចរាល់​នោះ ប្រពន្ធ​បាន​ឡើង​មក​លើ​ផ្ទះ​ស​ង្ងំ​ដេក​ធម្មតា ធ្វើ​ជា​មិនដឹង​រឿង​អ្វី​ទាំងអស់ ។ លុះ​មក​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២ មេ​សា ក៏​បាន​ទៅ​លក់​សាច់​គោ​បាត់​នៅ​ផ្សារ​ព្រៃ​ទទឹង ស្រុក​ព្រៃឈរ​ដូច​ធម្មតា ។

រហូត​មក​ដល់​វេលា​ម៉ោងជាង​៩​ព្រឹក មាន​ប្រជាពលរដ្ឋ​បាន​ដើរ​ឆ្លងកាត់ ក៏​ប្រទះ​ឃើញ​សព​បុរស់​ជា​ប្ដី ក៏​ប្រញាប់​រាយ​ការ​ណ៏​មក​ប៉ុ​ស្ត៏​រដ្ឋបាល​បារាយ​ឲ្យ​បានដឹង ។ ជាមួយ​នោះ លោក​អធិការ​នគរបាល​ស្រុក ក៏​បាន​ចាត់​ឲ្យ​នគរបាល​បច្ចេកទេស​ចុះ​មក​ពិនិត្យ​សព​ជា​បន្ទាន់​ផង​ដែរ ។

ផ្អែក​តាម​ការ​ពិនិត្យ​សព សមត្ថកិច្ច​បានដឹង​ថា សព​មិន​អាច​សម្លាប់​ខ្លួនឯង​ដោយ​មានកាំបិត​កាន់​នៅ​ដៃ​ខាងឆ្វេង  ហើយ​ចាក់​ចំ​ក្រោម​ឃ្លៀ​ក​ឆ្វេង​នោះ​ទេ ទើប​កំណត់​ថា ជា​ករណី​ឃាតកម្ម ។ លុះ​នៅ​ពេល​ល្ងាច​ថ្ងៃ​ទី​២ មេ​សា បាន​ហៅ​ប្រពន្ធ​ឈ្មោះ សាលី មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ទើបបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ប្តី​ប្រាកដ​មែន និង​បាន​រ៉ាយរ៉ាប់​ពី​រឿងរ៉ាវ​ផ្ទុះ​ហិង្សា​នេះ ។ ការ​បំបែកសំណុំរឿង​ឃាតកម្ម​នេះ បាន​ដោយ​ជោគជ័យ​គឺ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​សេនី​យ៏​ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត និង​លោក​វរ​សេនី​យ៏​ឯក ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ  ដែល​បាន​ចាត់​ឲ្យ​រូប​លោក ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ នឹង​នគរបាល​ស្រុក​ព្រៃឈរ ។

លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​នា​រសៀល​ថ្ងៃ​ទី​៣ មេ​សា​នេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។

ប្ដី​-​ប្រពន្ធ​នេះ មានកូន​២​នាក់ កូនប្រុស​១​និង​ស្រី​១ ។ តាម​ការ​ស្រាវជ្រាវ​ដំបូង​ៗ​នេះ​គឺ​កូន​របស់​ពួក​គេ​បាន​និយាយ​ថា បានឃើញ​ម្ដាយ​របស​គេ​អូស​សព​ឳ​ពុក​របស់​ខ្លួន ទើប​ឈាន​ដល់​ការ​ហៅ​ស្ត្រី​ជា​ប្រពន្ធ ទៅ​សាកសួរ​គួប​ផ្សំ​និង​ការ​ពិ​និ​ត្រ​សព​ឃើញ​ថា ដៃ​កាន់​កាំបិត​មិន​សម​ចាក់​សម្លាប់​ខ្លួន​រហូត​ដល់​៤​កាំបិត​បាន​ទេ ។

ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា
ជនសង្ស័យ​ម្នាក់​ទៀត​អាច​ពាក់ព័ន្ធ​ក្នុង​ករណី​សម្លាប់​នេះ​ដែរ​គឺ​ឈ្មោះ ទី​ន ណេះ​ឡោះ អាយុ​៥២​ឆ្នាំ ដែល​ជា​បងធម៌​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ឃាត់ខ្លួន​ដែរ ៕