សង់រោងការ ឬរោងបុណ្យ នៅលើដងផ្លូវសាធារណៈ ពិតជាមានផលប៉ះពាល់ ឬយ៉ាងណា?

ភ្នំពេញ៖ កាលពីពេលកន្លងទៅនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុកមួយចំនួន បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ទៅលើរោងបុណ្យមួយកន្លែង ដែលបានសង់ បិទផ្លូវមួយចំហៀង លើកំណាត់ផ្លូវ ឯកឧត្តម​​ ជា សុផារ៉ា ហើយក៏មានមតិរិះគន់ ជាច្រើនបានលើកឡើងផងដែរ។

បើតាមសេចក្តីជូនដំណឹង ដែលចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ របស់លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាល ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា រោងការ និងរោងបុណ្យ ទាំងអស់ មិនអាចសាងសង់ នៅលើដងផ្លូវជាតិលេខ៦ និងផ្លូវសំខាន់ៗ នៅក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប សង្កាត់បាក់ខែង នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទៀតនោះទេ។

ជាងនេះទៅទៀត បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន ធ្លាប់ចុះផ្សាយជាហូរហែរ អំពីបញ្ហាគ្រោះថ្នាក់នានា ដោយសារតែ ការសង់រោងការ ឬរោងបុណ្យ នៅលើដងផ្លូវសាធារណៈ ប៉ុន្តែការសង់រោងការ ឬរោងបុណ្យ នៅលើដងផ្លូវសាធារណៈ នៅតែមាន រហូតស្ទើរក្លាយជាទម្លាប់ទៅហើយ។

យ៉ាងណាមិញ ក្រុមការងារខ្មែរឡូត បានចុះទៅសម្ភាស​ន៍ ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់ជួបបញ្ហា ដោយសារតែ ការសង់រោងការ ឬរោងបុណ្យ នៅលើដងផ្លូវសាធារណៈនេះ ដោយពួកគាត់ បានបញ្ចេញមតិស្រដៀងៗគ្នា។

ជួបជាមួយ លោកពូ ស្នា ជាអ្នករត់ម៉ូតូឌុប រស់នៅក្នុងរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ឲ្យតែមានរោងបុណ្យ នៅលើផ្លូវសាធារណៈ ដឹងតែស្ទះទៀតហើយ។ គាត់ថា៖ «ពូឧហ្សាហ៍តាមដានព័ត៌មាន តាមទូរទស្សន៍ និងវិទ្យុណាស់ ហើយក៏បានដឹង ពីច្បាប់ថ្មី ដែលហាមឃាត់ មិនឲ្យសង់រោងបុណ្យ ឬរោងការ នៅលើដងផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញដែរ។ ចំពោះច្បាប់ថ្មីនេះ ពូគិតថាល្អណាស់ ព្រោះរាល់ពេល ដែលមានរោងការ ឬរោងបុណ្យ សង់នៅដងផ្លូវ ប្រាកដជាផ្តល់ផលលំបាក ដល់អ្នកដំណើរ ជាមិនខាន មិនថាអ្នកជិះម៉ូតូ ឬអ្នកជិះឡានឡើយ។ ដូចពូអីចឹង ជាអ្នករត់ម៉ូតូឌុប គឺស្អប់ណាស់ ចំពោះរឿងស្ទះផ្លូវ»។

ចំនែកឯ អ្នកមីង វី ជាអាជីវករលក់បន្លែ រស់នៅក្នុងរាជធានីភ្នំពេញ បានប្រាប់ស្រដៀងគ្នា នេះដែរថា គាត់មិនសូវមានពេលទំនេរ ដើម្បីតាមដាន ព័ត៌មានឡើយ ហើយច្បាប់ថ្មីនោះ ក៏គាត់មិនដឹងដែរ ប៉ុន្តែរឿងសង់រោងការ ឬរោងបុណ្យ នៅលើដងផ្លូវសាធារណៈ គាត់ជួបញឹកញាប់ណាស់។ អ្នកមីងប្រាប់ថា៖ «មីងមិនសូវមានពេល តាមដានព័ត៌មានទេ ព្រោះរវល់តែលក់ដូរ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ដូច្នេះហើយទើបមិនបានដឹង ពីច្បាប់ថ្មីនោះ... ប៉ុន្តែរឿងសង់រោងការ ឬរោងបុណ្យ នៅលើដងផ្លូវសាធារណៈ មីងជួបញឹកញាប់ណាស់ គ្រាន់តែឃើញ គឺធុញហ្មង... ព្រោះភាគច្រើន វាបង្កឲ្យស្ទះផ្លូវ សូម្បីតែមីង ជិះម៉ូតូឌុប ទៅផ្សារទិញបន្លែរាល់ដង ឲ្យតែជួបរោងការ ឬរោងបុណ្យ សង់នៅលើផ្លូវ គឺប្រាកដជាពិបាកធ្វើដំណើរ ហើយពេលខ្លះ ត្រូវប្រជ្រៀតគ្នា ទៀតផង... បើស្ទះខ្លាំងវិញ ត្រូវរង់ចាំ កន្លះម៉ោង ទៅ ១ម៉ោង ក៏មានដែរ»។

ងាកមកជួបជាមួយ លោក ភ័ក្ត្រា ជាបុគ្គលិក នៅឯសកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា «ខ្ញុំបានដឹងពីច្បាប់ថ្មីនោះដែរ។ នេះគ្រាន់តែជា គំនិតរបស់ខ្ញុំប៉ុណ្ណោះ... ខ្ញុំគិតថា វាមានផលវិជ្ជមាន និងអវិជ្ជមាន ចំពោះប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញនេះ។ ផលវិជ្ជមាននោះគឺ វាល្អចំពោះអ្នកដំណើរ ដែលប្រើប្រាស់ដងផ្លូវ ព្រោះវាមិនបង្កឲ្យមាន ការកកស្ទះ ឬគ្រោះថ្នាក់ ជាយថាហេតុ ដោយសារតែ រោងការ ឬរោងបុណ្យ ទាំងនោះទៀត។ ខ្ញុំតែងតែឃើញ ជារឿយៗ ការដែលសង់រោងការ ឬរោងបុណ្យ នៅលើផ្លូវសាធារណៈ គឺប្រឈមនឹងគ្រោះថ្នាក់ ខ្លាំងណាស់ ខណៈព័ត៌មានក្នុងស្រុកជាច្រើន ក៏តែងតែចុះផ្សាយ ពីបញ្ហានេះដែរ។ រីឯផលអវិជ្ជមានវិញ គឺវាអាចបង្ក ជាការលំបាក ដល់ប្រជាពលរដ្ឋ ដែលមិនមាន ទីកន្លែងសាងសង់ ធ្វើរោងបុណ្យ ឬរោងការ ឲ្យបានសមស្រប សម្រាប់ធ្វើពិធីណាមួយ ទើបបង្ខំចិត្ត ធ្វើរោងបុណ្យ ឬរោងការ នៅលើដងផ្លូវសាធារណៈ តែម្តង។ ប៉ុន្តែនៅត្រង់ចំណុចនេះ មិនមែនមានន័យថា ពួកគាត់អាចសង់រោង បិទផ្លូវសាធារណៈ មិនឲ្យអ្នកដំណើរ ធ្វើដំណើរបាននោះទេ... ពួកគាត់ត្រូវតែធ្វើរោងយ៉ាងណា ទុកផ្លូវសមល្មម អាចឲ្យអ្នកដំណើរ ធ្វើដំណើរឆ្លងកាត់ ទៅមកបាន ដោយងាយស្រួល មិនបង្កការលំបាក ទាំងអស់គ្នា»៕

ចុះចំពោះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ ចំពោះការសង់រោងការ ឬរោងបុណ្យ នៅលើដងផ្លូវសាធារណៈ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត