Hollywood ទាក់ទង​ ព្រាប សុវត្ថិ និង​ សាវិន ហ្វីលីព ទៅ​សម្ដែង?

ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​ម្នាក់​បង្ហើប​ថា ផលិតកម្ម The Exante Entertainment របស់ Hollywood បាន​ជ្រើសរើស​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ និង​តារា​សម្ដែង សាវិន ហ្វីលីព ដើម្បី​ចូលរួម​សម្ដែង​ភាពយន្ត​របស់​ពួក​គេ​ឆាប់ៗ។

 

Hollywood ទាក់ទង​ ព្រាប សុវត្ថិ និង​ សាវិន ហ្វីលីព ទៅ​សម្ដែង?

 

ប្រភព​បន្ថែម​ថា ពេល​នេះ​ក្រុមការងារ​របស់ The Exante Entertainment កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ។ ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ ក្រុម​ការងារ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​អំឡុង​ខែ​តុលា​ខាង​មុខ​នៅ​ទីក្រុង​ភ្នំពេញ។ ប្រភព​មិន​បាន​ប្រាប់​នូវ​ហេតុផល​នាំ​ឱ្យ​ក្រុម​ការងារ Hollywood ជ្រើសរើស​តារា​កម្ពុជា​ទាំង​ពីរ​រូប​នេះ​​ឡើយ ដោយ​អះអាង​ថា គ្រាន់​តែ​ជា​អ្នក​ស្គាល់​គ្នា​ជាមួយ​អ្នក​ដឹក​នាំ​រឿង​មក​ពី​អាមេរិក​ប៉ុណ្ណោះ។

 

ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​ទេ​កាល​ពី​ម្សិល​មិញ​នេះ ដោយ​សារ​ទូរសព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។

 

ដោយ​ឡែក លោក សាវិន ហ្វីលីព ឯណោះ​វិញ​បាន​ទទួល​ស្គាល់​ព័ត៌មាន​នេះ​ថា ជា​ការ​ពិត​ ព្រោះ​ក្រុម​ការងារ​បាន​មក​ផ្ទះ​របស់​លោក​ទៀត​ផង ដោយ​ចុះ​កុង​ត្រា​ថត​រយៈ​ពេល ៣ សប្ដាហ៍ និង​​សម្ដែង​ជា​តួ​មេ​ប៉ូលិស។ ចំពោះ​ដំណើរ​ការ​ថត​ចាប់​ផ្ដើម​ពេល​ណា លោក​ក៏​មិន​ទាន់​ច្បាស់​ដែរ ព្រោះ​អាច​មាន​តារា​ខ្មែរ​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ក៏​ថា​បាន។ លោក​កំពុង​រង់ចាំ​ដំណឹង​​ពី​ក្រុម​ការងារ​ផលិតកម្ម The Exante Entertainment ដែរ។

 

Hollywood ទាក់ទង​ ព្រាប សុវត្ថិ និង​ សាវិន ហ្វីលីព ទៅ​សម្ដែង?

 

“តែ​បើ​តាម​ខ្ញុំ​ដឹង រឿង​នេះ​ចំណាយ​ខ្ទង់​ច្រើន​លាន​ដុល្លារ​ណាស់ ព្រោះ​រឿង​គេ​ធំ​ណាស់ មាន​តារា​បរទេស​ល្បីៗ​ចូលរួម​”។ សាវិន ហ្វីលីព ថ្លែង​មក​កាន់ Sabay។ លោក​បន្ត​ថា ភាពយន្ត​ Hollywood ថ្មី​មួយ​នេះ​មាន​ចំណង​ជើង​ថា”បារាំង” ហើយ​ជា​​ភាពយន្ត​ទី៥​ហើយ ដែល​លោក​ថត​ឱ្យ​បរទេស ក្នុង​នោះ​ក៏​មាន​រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ដឹក​នាំ​ដោយ​តារា​លំដាប់​ពិភព​លោក Angelina Jolies ផង​ដែរ។

 

ចំពោះ​វត្តមាន​របស់​តារា​ចម្រៀង ព្រាប សុវត្ថិ ត្រូវ​បាន​ស្នើ​ឱ្យ​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​មួយ​នេះ​ដែរ ឬ​យ៉ាង​ណា​លោក​អះអាង​ថា មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា Sabay កំពុង​ទាក់ទង ដើម្បី​ទៅ​ជួប​ធ្វើ​បទ​សម្ភាសន៍​​ផ្ទាល់​ពី​ក្រុម​ការងារ​របស់ Hollywood ទាំង​នោះ៕

 

អត្ថបទ៖ សំ ជំនាញ