រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ម្លិះ​កំពុង​រៀបចំ​បត់​ខោអាវ​រៀប​ដាក់​ក្នុង​ទូ​បណ្តើរ​លេច​រូបភាព​ស្រមៃ ។ ពេល​អរុណ​ជួយ​កែវ​ត្រូវ​ខ្ទួយ​ទិច ។ ពេល​កែវ​ភ័យ​បារ​មុ្ភ​ពី​អរុណ​។ បាត់​រូបភាព​ស្រ​ម៉ៃ ។ ម្លិះ​បិទ​ទូរ​ខោអាវ​ទៅ​វិញ​យឺត​ៗ​គិត​ក្នុង​ចិត្ត
ម្លិះ​៖ (​បង​អរុណ​ជា​មនុស្ស​ដែល​ជួយ​ឈឺ​ឆ្អើ​ល​ជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃ​គ្រប់​គ្នា ! មិន​បាន​    ​គិត​អ្វី​ពិសេស​លើ​អ្នក​ណា​ម្នាក់​ទេ ! គេ​ជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ជាមួយ​គ្រប់​ៗ​គ្នា​ស្រាប់​ទៅ​ហើយ​!)

កែវ​ដើរ​ចូល​មក​លប​ៗ​ពញ្ញាក់​ម្លិះ
កែវ​៖ អូន​ម្លិះ​! កំពុង​គិតដល់​ណា​ហ្នឹង ?

ម្លិះ​ភ្ញាក់
ម្លិះ​៖ ខ្ញុំ​មិន​បាន​គិត​ទៅ​ណា​ទេ ! ពុក​ម៉ែ​មក​ពី​ទារ​ស្រូវ​គេ​វិញ​ហើយ​នៅ​បង​កែវ ?
កែវ​៖ គាត់​មក​វិញ​មួយសន្ទុះ​ហើយ ! ឥឡូវ​គាត់​ឲ្យ​បង​មក​តាម​ម្លិះ​ទៅ​ញុំ​ា​បាយ​ជុំ​គ្នា !
ម្លិះ​៖ តោះ​អ​ញ្ចឹ​ង ! ខ្ញុំ​ទើបតែ​បត់​ខោអាវ​រួច​បម្រុង​នឹង​ចេញ​ទៅ​ដែរ !

កែវ​និង​ម្លិះ​ចេញពី​ក្នុង​បន្ទប់ ។
ដូរ​ទីតាំង ៖

ក្នុង​បន្ទប់​បាយ ។ សា​ម៉​ន​ផៃ ម្លិះ កែវ ម៉ា​ប់​អង្គុយ​ហូប​បាយ​ជុំ​គ្នា ។ ម្លិះ​ដួស​សាច់​ត្រី​ដាក់​ចាន​បាយ​ឲ្យ​សា​ម៉​ន
ម្លិះ​៖ ពុក ! ប្រយ័ត្ន​ឆ្អឹង​ផង !

សា​ម៉​ន​ញញឹម
សា​ម៉​ន​៖ អឺ​ៗ! ឃើញ​ទេ​កូនស្រី​ខ្ញុំ​អ​ញ្ចឹ​ង​! មានកូន​តែ​មួយ​តែ​ចេះ​គិតគូរ​ម៉ែឪ ! គ្រាន់បើ​ជាង​អ្នក​មានកូន​ច្រើន​តែ​សង្ឃឹម​មិន​បាន​ម្នាក់​សោះ ! មែន​ទេ​ម៉ែ​វា ?
ផៃ​៖ កូន​ខ្ញុំ​ដែរ​ណា​! មិនមែន​កូន​ពុក​វា​ឯង​តែ​ម្នាក់ឯង​ទេ​! មក​ពី​ខ្ញុំ​ប្រដៅ​កូន​បាន​បែបបទ​ល្អ ! គេ​ថា​ចង់​មើល​កូន​ឲ្យ​មើល​ម៉ែ ! ចង់​រើស​កូនចៅ​ឲ្យ​មើលផៅសន្តាន !
សា​ម៉​ន​៖ អឺ ! និយាយ​អ​ញ្ចឹ​ង​ពេល​ដែល​ពុក​មក​ពី​ទារ​ស្រូវ​គេ​ជួបនឹង​មេឃុំ​ឆែម​នៅ​តាម​ផ្លូវ​! គេ​ប្រាប់​ពុក​ថា​ស្អែក​នេះ​ចង់​មក​ជួប​ពុក​ដល់​ផ្ទះ ! ពុក​សួរ​ថា​មានរឿង​អី ! តា​ប៉ិ​ឆែម​មិន​ព្រម​និយាយ​ទេ ! ប្រាប់​ថា​ស្អែក​នេះ​ដឹង​ហើយ​! ពុក​ដូច​ជា​ឆ្ងល់​ដែរ ! មេឃុំ​ឆែម​នេះ​ពី​ដើម​មក​មិនសូវ​ជា​ត្រូវ​ជាមួយ​ពុក​ប៉ុន្មាន​ទេ ! ធ្វើការ​នៅ​សង្កាត់​ជាមួយ​គ្នា​ខ្វែងគំនិត​គ្នា​រហូត​ហ្នឹង​! តែ​មិនដឹង​គេ​នឹកឃើញ​យ៉ាងម៉េច​ល្ងាច​មិ​ញ​មក​និយាយ​យ៉ាង​ស្រួល​ជាមួយ​ពុក !

កែវ​និង​ម្លិះ​មើល​មុខ​គ្នា​រាង​ភ្ញាក់
កែវ​៖ ប្រហែលជា​អ៊ុំ​មេឃុំ​ចង់​មក​ចែចូវ​អូន​ម្លិះ​ឲ្យ​អ​ន្ទិ​ត​ឆៃ​ទេ​ដឹង !

ម៉ា​ប់​ទម្លាក់​ស្លាបព្រា​កំពុង​ហូប​បាយ​ចុះ ទះដៃ​ខ្លាំង​ៗ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​គ្រប់​គ្នា
ម៉ា​ប់​៖ មែនហើយ​ៗ! ច្បាស់​ជា​រឿង​ហ្នឹងហើយ​អ៊ុំ ! អា​អ​ន្ទិ​ត​ឆៃ​ហ្នឹង​វា​ច្បាស់​ជា​ទៅរំអុក​ឪ​វា​អោយមក​ស្តីដណ្តឹង​អូន​ម្លិះ​ហើយ​! វា​តាម​អូន​ម្លិះ​ស្អិត​យ៉ាងហ្នឹង​គ្មាន​រឿង​អី
ផ្សេង​ពី​នេះ​ទេ !

នៅ​យ៉​មុខ​ផ្ទះ​។ ឆែម​កំពុង​ដេក​ទំរេត ទ្រើ​ក​និង​ត្រុយ​កំពុង​ធ្វើ​សរសៃ​ឲ្យ ។ ឆៃ​អង្គុយ​ក្បែរ​នោះ
ឆែម​៖ អញ​ចុះ​អញ​ទៅ​គិត​រឿង​អី​កើត​ទៅ? បើ​មិន​ធ្វើ​តាម​ចិត្ត​ឯង​នោះ ? ប៉ុន្តែ​មិនដឹង​ថា​បាន​ឬ​មិន​បាន​ទេ​វើ​យ ! អញ​ប្រថុយធ្វើ​មុខ​ក្រាស់​ហើយ​ម្តងណេះ !

ឆៃ​ស្ទុះ​មក​ចាប់ដៃ​ឆែម​ទាញ​កញ្ឆក់កញ្ឆែង​សើច​សប្បាយ
ឆៃ​៖ អរគុណ​ពុក​! អរគុណ ! ពុក​ជាទី​ស្រឡាញ់​របស់​កូន​! ពុក​ចេះ ! ពុក​ឆ្លាត !

ឆែម​ស្រែក​ខំ​រើ​ចេញពី​ដៃ​ឆៃ​លើកជើង​ចង់​ធាក់​ឆៃ តែ​ធាក់​មិន​ត្រូវ
ឆែម​៖ ណែ​ៗ តិច​ថ្លោះ​ដៃ​អញ​ឥលូវ​ហើយ​! ដៃ​ធ្ងន់​មែន អានេះ​វ៉ី !
ត្រុយ​៖ អ៊ំ​ៗ! ខ្ញុំ​ក៏​ចង់បាន​ប្រពន្ធ​ដែរ​អ៊ំ​! អ៊ំ​ជួយ​ដណ្តឹង​ឲ្យ​ខ្ញុំ​មួយ​ដែរ​ទៅ !

ឆែម​បើកភ្នែក​ធំ​ៗ ទាញ​ផ្លិត​មក​គោះ​ក្បាល​នាយ​ត្រុយ
ឆែម​៖ រឿង​អី​ដែល​អញ​ត្រូវ​ទៅ​ដណ្តឹងប្រពន្ធ​ឲ្យ​ឯង​ដែរ​នោះ ? ឯង​ហ្នឹង​មុខ​ដូច​ឪ​អញ​ហ្អី ?
ត្រុយ​៖ អ៊ំ​កុំ​ចិត្តអាក្រក់​ពេក​បាន​ទេ ?  យ៉ាងណា​ក៏​ខ្ញុំ​នៅ​បម្រើ​លោក​បង​តាំងពី​តូច​ដល់​ធំ​! គួរតែ​មើលឃើញ​គុណសម្បត្តិ​ខ្ញុំ​ខ្លះ ! បើ​មិន​ទុក​ខ្ញុំ​ជា​ឪ​! ក៏​ទុកជា​កូន ជា​ក្មួយ​ម្នាក់​ចុះ ! បើ​អ៊ំ​ដណ្តឹងប្រពន្ធ​ឲ្យ​ខ្ញុំ ពេល​ខ្ញុំ​មានកូន ខ្ញុំ​ទុក​ឲ្យ​វា​បម្រើ​កូនលោក​បង​បន្ត​ទៀត ! បែប​នេះ​ចំណេញ​អ៊ំ​ទៅ​វិញ​ទេ មាន​អ្នកបម្រើ​ត​ពូជ​តែ​ម្តង​!
ឆែម​៖ មិនបាច់​ក៏​បាន​ដែរ​វើ​យ ! អញ​មិន​ចង់បាន​ទេ ! ពូជ​លី​លើ​ដូច​ឯង​នោះ !

ឆៃ​ចាប់​ទាញ​ដៃ​ឆែម​ឲ្យ​អង្គុយ
ឆៃ​៖ ពុក កុំ​និយាយ​ជាមួយ​វា ! និយាយ​រឿង​ខ្ញុំ​វិញ​! ពុក​ទៅ​ដណ្តឹង​អូន​ម្លិះ​ឲ្យ​ខ្ញុំ​ថ្ងៃ​ណា​ដែរ ?
ឆែម​៖ អញ​ណាត់​ជាមួយ​មេ​ភូមិ​ម៉​ន​ស្អែក​នេះ​ហើយ !

ឆៃ​សប្បាយចិត្ត លោត​រាំ​ចាក់​ក្បាច់​ធ្វើ​ដូច​ឌី​ជេ បន្ទាបខ្លួន​បង្វិល​ត្រឡប់ត្រលិន ពេញទី​ធ្លា​យ៉​មុខ​ផ្ទះ ។
វ៉ា​ន់ កែម នឿ​ន អរុណ​កំពុង​ជូត​សម្អាត​ឧបករណ៍​ភ្លេង​រៀង​ៗ​ខ្លួន​និយាយ​គ្នា​បណ្តើរ
នឿ​ន ៖ ម្សិលមិញ​អូន​ច័​ន្ទ្រ​គេ​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​គ្នា សប្បាយ​ណាស់​វើ​យ​! មើលទៅ​ច័​ន្ទ្រ​គេ​ចូល​ចិត្ត​គ្នា​ហើយ​! ព្រោះ​ច័​ន្ទ្រ​មិន​ងាយ​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​អ្នក​ណា​ទេ !
កែម​បើកភ្នែក​ធំ​ៗ ទម្លាក់​ឧបករណ៍​ភ្លេង​ចុះ
កែម​៖ ស្អី​វើ​យ ! កុំមក​និយាយ​អួតខ្លួន​ធ្វើ​ឯង​គ្រាន់បើ​ជាង​គ្នា​នោះ ! គ្នា​ឯណេះ មិនមែន​បាន​ត្រឹមតែ​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​អូន​ច័​ន្ទ្រ​ទេ គ្នា​បាន​ទាំង​យក​បាច់ផ្កា​ទៅ​ឲ្យ​អូន​ច័​ន្ទ្រ​ទៀត ហើយ​មីង​ណាត​គាត់​ពេញចិត្ត​គ្នា​ណាស់​! បម្រុង​នឹង​លើក​ច័​ន្ទ្រ​ឲ្យ​គ្នា​ទៀត​ផង ! យក​ល្អ​ឯង​ដកខ្លួន​ទៅ ! កុំ​ឲ្យ​មិត្តភក្តិ​មើល​មុខ​គ្នា​មិន​ចំ​ដោយសារ​តែ​រឿងស្រី​ម្នាក់​នោះ!

នឿ​ន​បើកភ្នែក​ធំ​ៗ​ដាក់​ឧបករណ៍​ភ្លេង​ចុះ​ដែរ
នឿ​ន​៖ អេស៍​ៗ ម៉េច​ក៏​ឯង​ឲ្យ​យើង​ជា​អ្នក​ដកខ្លួន​ទៅ​វិញ​! បើ​ឯង​យល់​ដល់​មិត្តភាព​ពួក​យើង ឯង​ហ្នឹងហើយ​ដែល​ត្រូវ​ដកខ្លួន​នោះ​! កុំ​ចង់​តាំងខ្លួន​ជា​បន្លាក្នុងកែវភ្នែក​អញ​វើ​យ​អា​ពួកម៉ាក ! ដើម្បី​មិត្តភាព​យើង ត្រូវ​តែ​មាន​ម្នាក់​លះបង់​ហើយ​អាសម្លាញ់ !

វ៉ា​ន់​គ្រវីក្បាល​មុខ​ហួសចិត្ត
វ៉ា​ន់​៖ ណែ​! គ្នា​មិនដឹង​ថា​ឯង​ពីរ​នាក់​ហ្នឹង​ភ្នែក​ស្រឡេវ ឬ​ក៏​ភ្នែកមាន​បញ្ហា​អី​ទេ​វើ​យ !     ​បានជា​នាំ​គ្នា​ទៅ​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយ​នាង​ច័​ន្ទ្រ​ម្ទេសខ្មាំង​នោះ​! ល្អិត​តែ​មាឌ​ទេ តែ​ហិ​រ​ដល់​ក្រ​ឡើ​ត​គ្នា​ប្រាប់​ឲ្យ​ដឹង​ទៅ ! ស្រី​បែប​នេះ​បើ​យក​មក​ធ្វើ​ជា​ប្រពន្ធ​ពួក​ឯង​ច្បាស់​ជា​ក្រហាយ​ថ្លើម​ប្រ​ម៉ាត់​អស់​មិន​ខាន ! មិន​សម​នឹង​មក​ឈ្លោះ​ដណ្តើម​គ្នា​យ៉ាងនេះ​សោះ !

(​នៅ​មាន​ត​)