ប្រទះ​ឃើញ​គ្រោងឆ្អឹង​ សាកសព​បុរស​ម្នាក់ ដេក​ស្លាប់ ​នៅ​កណ្តាល​វាលស្រែ

ខេត្តព្រៃវែង ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ សាកសព​មនុស្ស​ប្រុស​ម្នាក់ ដែល​រលេះរលួយ​សាច់​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង កណ្តាល​វាលស្រែ ចម្ងាយ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ពី​ភូមិ​អ្នកស្រុក ក្នុងភូមិ​មេ​លប់ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​សាកសព​នេះ ត្រូវ​បាន​ក្រុម​ក្មេង​ឃ្វាលគោ ប្រទះ​ឃើញ​កាលពី​ព្រឹក​មិ​ញ​នេះ​ហើយ​បាន​រាយការណ៍ មក​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ​ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​តែ​ម្តង​។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​ត្រួតពិនិត្យ​លើ​សាកសព ជន​ដែល​ស្លាប់​នេះ មានឈ្មោះ ច​ន សុខ​ចាន់ ភេទ​ប្រុស អាយុ​36​ឆ្នាំ ជា​មនុស្ស​សរសៃរ​ប្រសាទ និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រកៀត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា បុរស​រូប​នេះ​បាន​បាត់​ខ្លួន​ជាង​កន្លះ​ខែ មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​តាម​រក​មិនឃើញ​។

ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​បុរស ស​សៃ​ប្រសាទ​ម្នាក់​នេះ គ្រាន់តែ​សន្និដ្ឋាន​ថា​អាច​ស្លាប់​ដោយសារ​តែ​ខ្យល់គរ ព្រោះ​ទំនងជា​ដើរ​អត់​អាហារ​ច្រើន​ថ្ងៃ ហើយ​ពេល​ដើរមក​ដល់​ចំណុច​វាលស្រែ​នេះ ក៏​បាក់កម្លាំង​ហើយ​ដួល​ស្លាប់​តែ​ម្តង ដោយ​គ្មាន​អ្នក​ណា​ដឹង​។

ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គឺ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន តែ​មិនមែន​ជា​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​នោះ​ទេ ហើយ​លទ្ធផល​ពិត​យ៉ាងណា​នោះ សមត្ថកិច្ច​មិន​បាន​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ពិនិត្យ​សាកសព​រួច ក៏​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​បូជា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត