Pique ព្រមានថា ការជួប Atletico នឹងស្វិតស្វាញជាង Real Madrid ទៅទៀត

ខ្សែការពារ Gerard Pique របស់ក្រុម Barcelona ជឿជាក់ថា ក្រុម Atletico Madrid ផ្តល់ការគំរាមដល់ក្រុមរបស់គេធំជាងក្រុម Real Madrid ដែលបានបញ្ចប់ការមិនស្គាល់ចាញ់របស់ក្រុម Barca ត្រឹម៣៩ប្រកួតក្នុងជំនួប El Clasico កាលពីថ្ងៃសៅរ៍ ទៅទៀត។
gerard-pique
ក្រុម Atletico នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Camp Nou នៅរាត្រីថ្ងៃអង្គារនេះ សម្រាប់ការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ ប៉ុន្តែ ពួកគេក៏ជាគូប្រជែងយ៉ាងប្រកៀកបំផុតរបស់ក្រុម Barcelona ក្នុងក្របខ័ណ្ឌ La Liga ផងដែរ ខណៈដែល Atletico កំពុងដេញតាមពីក្រោយក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបមួយចំនួន៦ពិន្ទុ ខណៈដែលនៅសល់៧ប្រកួតទៀតក្នុងក្របខ័ណ្ឌ La Liga។ Pique បាននិយាយកាលពីថ្ងៃចន្ទថា៖ «ពួកគេមិនខ្លាចយើងឡើយ ប៉ុន្តែ ពួកគេកំពុងមានរដូវកាលដ៏ពិសេសមួយ។ នៅពេលនេះពួកគេគឺជាក្រុមខ្លាំងបំផុតលំដាប់ទី២នៅអេស្ប៉ាញ ខណៈដែលក្របខ័ណ្ឌលីកបង្ហាញឲ្យឃើញរួចជាស្រេច»។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ «វានឹងក្លាយជាការប្រកួតដ៏លំបាកជាងថ្ងៃសៅរ៍ទៅទៀត ពីព្រោះពួកគេគឺជាក្រុមមួយដែលមានភាពខ្លាំង និងធ្វើបានយ៉ាងល្អចំពោះការវាយសម្រុករហ័ស។ សរុបមក វាអាស្រ័យទៅលើពួកយើង។ ប្រសិនបើយើងបានបាល់ ធ្វើចលនាយ៉ាងរហ័សចាប់ពីតាំងពីនាទីដំបូង ហើយអ្នកគាំទ្រស្ថិតនៅជាមួយនឹងយើងដូចដែលពួកគេបានធ្វើកាលពីថ្ងៃសៅរ៍ នោះអ្វីៗនឹងកើតឡើងជាមួយគ្នា។ ខ្ញុំគិតថា យើងជាក្រុមដែលមិនអាចបញ្ឈប់បានឡើយ»។ Barcelona បានទទួលជ័យជម្នះពីការជួបគ្នា៦លើកចុងក្រោយជាមួយនឹងក្រុម Atletico ប៉ុន្តែ Atletico បានក្លាយជាក្រុមដែលឈានទៅប្រកួតក្នុងវគ្គបន្តនៅពេលដែលក្រុមទាំងពីរបានប៉ះគ្នាក្នុងវគ្គដូចគ្នានៃយុទ្ធនាការនេះកាលរដូវកាលឆ្នាំ២០១៣-២០១៤ ហើយនោះគឺជាលើកទីមួយដែលក្រុម Barcelona មិនបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរដូវកាល៨លើកចុងក្រោយនេះ។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ
30.01.16 Barcelona 2-1 Atl. Madrid
13.09.15 Atl. Madrid 1-2 Barcelona
18.05.15 Atl. Madrid 0-1 Barcelona