យប់មិញ​! ដេញ​បាញ់​មនុស្ស​ដូច​រឿង​ហុងកុង

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់​ដែលគេ​ដឹងថា ​ជា​មន្ត្រី​សមត្ថកិច្ច​ ប៉ុន្តែ​មិនដឹង​ថា ជា​អាវុធហត្ថ​ ឬ​នគរបាលនោះ​​ទេ ប្រដាប់​ដោយ​កាំភ្លើង​មួយ​​ដើម​បាន​ដេញ​បាញ់​ជន​មួយ​ក្រុម​ ដែល​ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃក្នុង​ដៃ​ ដែល​​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​​ភូមិ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤ មេ​សា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ  ។

ប្រភព​ពី​អ្នក​ភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ​កាន់​​កាំភ្លើង​បាន​រត់​ដេញ​បាញ់​ម៉ូតូ​២​គ្រឿង​ម៉ា​កនិច មិន​ចាំ​ស្លាក​លេខ​គ្នា ជិះ​គ្នា​៣​នាក់​ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ ត្រូវ​បុរស​នោះ​ដក​កាំភ្លើង​បាញ់​ចំនួន​៤​គ្រាប់ តែ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ ។

ចំណែក​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ម្នាក់​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​ក្នុងភូមិ​មានកម្ម​វិធី​ឡើង​គេហដ្ឋាន​ថ្មី គេ​ឃើញ​មាន​ជន​ក្រុម​ក្មេង​ស្ទាវ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មាន​កាន់​ដាវ និង​កាំបិត​នៅ​ក្នុង​ដៃ ហើយ​បន្តិច​ក្រោយមក​គេ​ឃើញ មាន​បុរស​ម្នាក់​បាន​ដើរទៅ​សួរ​ក្រុម​ក្មេង​ស្ទាវ​នោះ​ថា មានការ​អី បាន​កាន់​ដាវ​កាន់​កាំបិត​អ៊ីចឹង? ក្រុម​នោះ​ក៏​បាន​ប្រាប់​ថា ឯង​ជា​អ្នក​នៅ​ក្នុងភូមិ​នេះ យើង​មិន​កាប់​ឯង​ទេ ក្រោយមក​បុរស​ម្នាក់​នោះ បាន​ដើរទៅ​ខ្សឹប​បុរស​ម្នាក់ ដែល​គេ​សង្ស័យ​ជា​កងកម្លាំងប្រដាប់អាវុធ​ម្នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាង​លើ​នោះ ស្រាប់តែ​បន្តិច​ក្រោយមក បុរស​នោះ​បាន​ដក​កាំភ្លើង​ដេញ​បាញ់​ក្រុម​ក្មេង​ស្ទាវ​យ៉ាង​សាហាវ បណ្ដាល​ឱ្យ​អ្នក​ភូមិ​ដែល​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​នោះ​ភ័យ​ស្ទើរ​លេច​នោម​ដាក់​ខោ ​។

លុះ​ក្រោយមក បុរស​ដែល​ដេញ​បាញ់​ក្មេង​ស្ទាវ​នោះ បាន​ដើរ​បក​មក​វិញ ហើយ​ស្រែក​ប្រាប់​អ្នក​ភូមិ​ថា រូប​ខ្លួន​ដេញ​តាម​បាញ់​ចោរ​នោះ​ទេ តែ​ពេល​ដែល​រូប​គាត់​កំពុង​ដេញ​បាញ់​គេ​នោះ គាត់​មិន​បាន​ស្រែ​កថា ចោរ​នោះ​ទេ ស្រាប់តែ​ពេល​គាត់​បាញ់​រួច​ហើយ ទើប​ប្រាប់​ថា​ដេញចោរ​ដូច្នេះ។

នេះ​ជា​ហេតុ​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុងភូមិ​មានការ​ងឿងឆ្ងល់ ហេតុ​អ្វី​បានជា​បានការ​បាញ់បោះ​ដោយ​សេរី​បែប​នេះ ហើយ​ចំពោះ​អ្នក​ដែល​មាន​អាវុធ​នៅ​ក្នុង​ដៃ​ចេះ​តែ​បាញ់​ស្រេច​តែ​អំពើ​ចិត្ត​បែប​នេះ?​

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​កម្លាំង​អាវុធហត្ថ និង​កម្លាំង​អន្តរាគមន៍​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​មាន​ប្រជា​ការពារ​បាន​រើស​សំបក​​ក​ន្ទុះ​បាន​មួយ​គ្រាប់​ប្រគល់​ឱ្យទៅ​កំលាំង​អាវុធហត្ថ ដើម្បី​ស្វែងរក​ម្ចាស់​អាវុធ​ខាងលើ ។ ចំណែក​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​ជិត​មួយ​ម៉ោង ទើបបាន​មក​ដល់​កន្លែង​កើតហេតុ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាជន​ក្នុងភូមិ​ខាងលើ មានការ​មិន​សប្បាយចិត្ត​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ជា​ខ្លាំង ៕