TNT 135 ម៉ូដែល​ថ្មី​មួយ​ទៀត​ចេញ​មុខ​ប្រជែង MSX

MSX ពី​មុន​មាន Kawazaki Z125 ឥឡូវ​មាន​ម៉ូតូ​ម៉ូដែល​ថ្មី​មួយ​ទៀត​ដែល​នឹង​ចូល​ខ្លួន​មក​ប្រកួត​ប្រជែង​ម៉ូតូ​ MSX របស់ Honda។ ម៉ូដែល​ថ្មី​នេះ​គឺ TNT 135 ជា​ម៉ូតូ​របស់​ក្រុមហ៊ុន Benelli Keeway អ៊ីតាលី ដែល​នឹង​ជា​គូ​ប្រកួតប្រជែង​ថ្មី​មួយ​ទៀត​របស់ MSX។

 

TNT 135 ម៉ូដែល​ថ្មី​មួយ​ទៀត​ចេញ​មុខ​ប្រជែង MSX

 

TNT 135 មាន​ការ​ចាប់​អារម្មណ៍​​ទៅ​លើការ​ឌីហ្សាញ​​រូបរាង ដែល​មាន​ភាព​​ទាក់ទាញ​មិន​ចាញ់ MSX នោះ​ទេ។ ម៉ូតូ​​នេះ​បាន​អភិវឌ្ឍ​ទៅ​លើ​​ម៉ាស៊ីន​ដែល​មាន​កម្លាំង​រហូត​​ដល់ ១៣៥ សេសេ​​ធំ​ជាង MSX ដែល​មាន​កម្លាំង​ម៉ាស៊ីន​តែ ១២៥ សេសេ​ប៉ុណ្ណោះ​។ ​វា​មាន​​ប្រវែង​សរុប ១៨៤០ មម និង​កម្ពស់​ពី​ដី​ ១០២៥ មម។ ចង្កៀត​មុខ​ប្រភេទ​ LED និង​​បំពង់​ស៊ីម៉ាំង​ប្រភេទ​ពីរ​ស្រទាប់​ដើម្បី​កាត់បន្ថយ​កម្ដៅ។

 

ម៉ូតូ​ប្រភេទ​​អំប្រីយ៉ា​នេះ​​ មួយ​លីត្រ​អាច​បើកបរ​បាន​ចម្ងាយ​ផ្លូវ ៤០ ទៅ ៥០ គីឡូម៉ែត្រ។

 

លោក ផេង ដារ៉ា ប្រធានផ្នែកលក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុ​ន Nengshun & Ranqun Motor បានឲ្យ​ដឹង​ថា ​ TNT 135 ជា​ម៉ូតូ​​ថ្មី​សន្លាង​​មួយ​ទៀត​ ដែល​ក្រុមហ៊ុន​​បាន​ណែនាំ​​ដល់​អតិថិជន​មុន​នាំ​មក​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ថា ម៉ូតូ​នេះ​មាន​ការ​រចនា​រូបរាង​យ៉ាង​ពិសេស​ ដោយ​ផ្តោត​សំខាន់លើចំណង់ចំណូល​ចិត្ត​របស់​យុវវ័យ។

 

លោកទទួល​ស្គាល់​ថា TNT 135 ជា​គូ​ប្រកួតប្រជែង MSX ។ ទោះ​បីលោក​មើលឃើញថា​នឹង​មានការ​ប្រកួតប្រជែង​​នៅ​ពេល​ចេញលក់​ដោយសារ​វា​មិន​សូវ​បានស្គាល់​ទូទៅ ប៉ុន្តែ​​ផ្អែក​គុណភាពនិង​តម្លៃ​​លោកជឿ​ថា អ្នក​ប្រើប្រាស់​នឹង​ចាប់ផ្តើម​គាំទ្រ​ម៉ូតូ​ថ្មី​នេះ តាម​រយៈ​ការ​ជិះ​សាកល្បង​ដោយ​ផ្ទាល់​ដើម្បី​ដឹង​ពី​សមត្ថភាព​ លើស​ពី​អ្វី​ដែលពួកគេ​រំពឹង​ទុក។

 

TNT 135 ​​ដែល​​ក្រុមហ៊ុន​គ្រោង​នាំ​មក​លក់​ក្នុង​ពេល​ឆាប់​ៗ​​នេះ​ដាក់​លក់​​ក្នុង​តម្លៃ​ប្រហែល ២៣០០ ដុល្លារ​ទាប​ជាង​គូ​ប្រកួតប្រជែង MSX ដែល​ទីផ្សារ​បច្ចុប្បន្ន​ជាង ២៧០០ ដុល្លារ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា