ក្រុម​ឧទ្ទាម​តា​លីបង់​​ទើប​បញ្ចូល​​កម្មវិធី​របស់​ខ្លួន​ក្នុង​ Play Store​​ បាន​​ពីរ​ថ្ងៃ​​​ត្រូវ​ Google ដក​ចេញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​ក្រុម​ឧទ្ទាម​តា​លីបង់​បាន​បញ្ចូល​កម្មវិធី​​ដែល​បង្កើត​ដោយ​ខ្លួន​ឯង​មួយ​ ចូល​ទៅ​ក្នុង​ Play Store ។ ​រំលង​បាន​ពីរ​ថ្ងៃ​កម្មវិធី​នោះ​ក៏​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​​ Google ដក​ចេញ​ភ្លាម​ដោយ​សារ​ហេតុ​ផល​មួយ​ចំនួន។

 

ក្រុម​ឧទ្ទាម​តា​លីបង់​​ទើប​បញ្ចូល​​កម្មវិធី​របស់​ខ្លួន​ក្នុង​ Play Store​​ បាន​​ពីរ​ថ្ងៃ​​​ត្រូវ​ Google ដក​ចេញ

 

កម្មវិធី​​ក្រុម​ឧទ្ទាម​បាន​បង្កើត​នោះ​មាន​ឈ្មោះ​ថា​ Pashto Afghan News – Alemara ដែល​វា​ជា​កម្មវិធី​សម្រាប់​ឃោសនា​ពី​​ក្រុម​របស់​ខ្លួន ដោយ​​មាន​បង្ហាញ​ព័ត៌មាន​និង​វីដេអូ​បង្កើត​ដោយ​ក្រុម​តា​លីបង់​នេះ​ផ្ទាល់។

 

ក្រោយ​ពី​ប្រទះ​ឃើញ​កម្មវិធី​នេះ​លើ​ Play Store របស់​ខ្លួន​ ក្រុមហ៊ុន​ Google​ក៏​បាន​ដក​ចេញ​ភ្លាមៗ​ដោយ​លើក​ឡើង​ថា​ ​ច្បាប់​ក្រុមហ៊ុន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​បទ​ពិសោធន៍​ល្អៗ​ដល់​អ្នក​ប្រើ​ប្រាស់​និង​អ្នក​បង្កើត​កម្មវិធី​​ ហេតុ​នេះ​ទើប​គេ​សម្រេច​ចិត្ត​​លុប​កម្មវិធី​​​ដែល​បំពាន​ច្បាប់​របស់​ខ្លួន​ចេញ​ពី​ Play Store។

 

ឆ្លើយ​តប​នឹង​ការ​ដក​ចេញ​ខាង​លើ​នេះ​ អ្នក​នាំ​ពាក្យ​​ក្រុម​តា​លីបង់​បាន​លើក​ឡើង​ដែរ​ថា​ នេះ​ជា​ចំណុច​​មួយ​បង្ហាញ​ពី​​សមិទ្ធផល​បាន​ពី​ការ​ជឿន​លឿន​ខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ពួក​គេ ហើយ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​​ទាក់​ទាញ​ទស្សនិកជន​ឲ្យ​បាន​ច្រើន។ ​អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​​​លើក​ឡើង​​ទៀត​ថា​កម្មវិធី​របស់​ខ្លួន​ត្រូវ​បាន​គេ​​ដក​ចេញ​ព្រោះ​តែ​បញ្ហា​បច្ចេកទេស៕

 

​​​​​​​​​​
ចុច​អាន៖ សៀវភៅ​លិខិត​ឆ្លង​ដែន​​នឹង​លែង​មាន​​ ក្រោយ​ពី​គេ​យក​បញ្ចូល​ក្នុង​ទូរសព្ទ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Telegraph