ក្រសួងបរិស្ថាន​ហាម​មុជទឹក​សមុទ្រ​រហូត​ដល់​ចុង​ស​ប្តា​ហ៍

ក្រសួងបរិស្ថាន​ហាម​មុជទឹក​សមុទ្រ​រហូត​ដល់​ចុង​ស​ប្តា​ហ៍



រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៤ មេ​សា របស់​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា ក្រសួង​បាន និង​កំពុង​បន្ត​តាមដាន​បញ្ហា​កើនឡើង​នូវ​កម្រិត​ស្លែ​ក្នុង​ទឹកសមុទ្រ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប ដោយ​យកចិត្តទុកដាក់​បំផុត និង​បាន​វិភាគ​សំណាក​ទឹកសមុទ្រ ដែល​យក​មក​ពី​តំបន់​រង​ផល​ប៉ះពាល់ ។

តាម​ការ​សន្និដ្ឋាន​បឋម ការ​កើនឡើង​នូវ​កម្រិត​ស្លែ​នៅ​ក្នុង​ទឹកសមុទ្រ គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​សីតុណ្ហភាព ពន្លឺ និង​ការ​ប្រែប្រួល​នូវ​ជីវជាតិ​ចិញ្ចឹម​នៅ​ក្នុង​ទឹកសមុទ្រ ។

ក្រសួង​បាន​បញ្ជាក់​ពី​បច្ចុប្បន្នភាព​ថា ជា​ទូទៅ​ស្លែ​ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប បាន​បាត់​ទៅ​វិញ​ស្ទើរតែ​ទាំងស្រុង ហើយ​ស្ថានភាព​ទឹកសមុទ្រ​មាន​ភាព​រង​ថ្លា និង​ឈាន​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ។

ទោះបីជា​បែប​ណា​ក្តី ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​សាធារណជន​គ្រប់​រូប ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប និង​ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប បន្ត​ការ​ប្រុង​ប្រយ័ត្ន ដោយ​គួរ​បន្ត​ផ្អាក​ចុះ​មុជទឹក​សមុទ្រ​កម្សាន្ត រហូត​ដល់​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​ជា​ការ​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ ក៏​ដូច​ជា​ទុក​ឱកាស​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​កែប​បោសសំអាត​ឆ្នេរ​ឱ្យ​បាន​ស្អាតបាត ។

ចំពោះ​ការ​នេសាទ​សមុទ្រ​នៅ​ខេត្ត​កែប ប្រជា​នេសាទ​អាច​បន្ត​ប្រកប​មុខរបរ​របស់​ខ្លួន​នៅ​តាម​តំបន់​ទឹក ដែល​មាន​រយៈ​ចម្ងាយ​ពី​ឆ្នេរ​ប្រមាណ​៥០០​ម៉ែត្រ​ឡើង​ទៅ ៕