សម្ដេច ហ៊ុន សែន បញ្ឈប់​គម្រោង Highway Express ទៅ​ព្រលានយន្តហោះ​

​ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សម្ដេច ហ៊ុន សែន បានប្រកាស​លុបចោល​គ​ម្រោ​ង​សាងសង​ស្ពាន​អាកាស​ល្បឿន​លឿន​ទៅ​ព្រលានយន្តហោះ​វិញ ក្រោយពី​មាន​ប្រជាពលរដ្ឋ​តវ៉ា និង​ទាមទារ​ឲ្យ​មាន​ការធ្វើ​វេទិការ​សាធារណៈ​ជុំវិញ​បញ្ហា​គម្រោង​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល អះអាងថា ការលុបចោល​គម្រោង​សាងសង​នេះ គឺ​ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​តវ៉ា​មក​រដ្ឋាភិបាល​លោក​ជុំវិញ​បញ្ហា​នេះ​។​«​ហើយ​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ សូម​បងប្អូន​នៅតាម​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ពោធិ៍ចិនតុង ឈប់​ធ្វើបាតុកម្ម ឈប់​ទាមទារ​ធ្វើ​វេទិការ​សាធារណៈ​ទៅ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ផ្លូវ High Way Express នេះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​។​

​កន្លងមក​សម្តេច​ធ្លាប់បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ឯកភាព​ជាគោលការណ៍​ឲ្យ​ធ្វើ​ស្ពាន​អាកាស​ល្បឿន​លឿន​ប្រវែង​ជាង ១៣​គីឡូម៉ែត្រ និង​ទទឹង ១៩​ម៉ែត្រ លើ​គន្លង​រថភ្លើង​។ អ៊ីចឹង រថភ្លើង​ចេះតែ​បើក​ពីក្រោម​ទៅ នៅ​ខាងលើ​មាន​ស្ពាន Auto road មួយ (​ផ្លូវ ល្បឿន​លឿន​) ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​អ្នក​ទៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ឡើង​យន្តហោះ​មិនទាន់​»៕