ក្រសួង​បរិស្ថាន​បន្ត​ហាម​ភ្ញៀវ​មិន​ឲ្យ​ចុះ​លេង​ទឹក​សមុទ្រ​នៅ​ឆ្នេរ​ក្រុង​កែប

បញ្ហា​ទឹក​សមុទ្រ​ឡើង​ស្លែ​ពណ៌​បៃតង និង​ក្លិន​ស្អុយ​នៅ​ឆ្នេរ​កែប ក្រសួង​បរិស្ថាន បន្ត​ណែនាំ​ប្រជាពលរដ្ឋ និង​ទេសចរ​ទៅ​លេង​នៅ​ទី​នោះ ឱ្យ​បន្ត​ការ​​ប្រុង​ប្រយ័ត្ន និង​ផ្អាក​ការ​ចុះ​លេង​ទឹក​សមុទ្រ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ទឹក​សមុទ្រ​នៅ​ទី​នោះ បាន​រង​ថ្លា​មក​រក​សភាព​ស្ទើរ​តែ​ធម្មតា​វិញ​ហើយ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា។

អភិបាល​រង​ខេត្ត​កែប ទទួល​បន្ទុក​ទេសចរណ៍ អ្នកស្រី គង់ ចំរើន ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នៅ​តែ​បន្ត​ចាត់​វិធានការ​ការពារ​ពី​ភាព​គ្រោះថ្នាក់​ដោយសារ​តែ​ទឹក​សមុទ្រ​ឡើង​ស្លែ​នៅ​ឆ្នេរ​កែប​នៅ​ឡើយ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មេសា។

អ្នកស្រី​ថា អាជ្ញាធរ​នៅ​រក្សា​ដាក់​ស្លាក​ហាម​សាធារណជន​មិន​ឱ្យ​ចុះ​លេង​ទឹក​សមុទ្រ​នៅ​ឆ្នេរ​កែប៖ «ប្រហែល​ជា​ចុង​សប្ដាហ៍​នេះ វា​អាច​ប្រែប្រួល​ទៅ​លំនាំ​ភាព​ដើម​ហើយ តាម​ការ​ប៉ាន់ស្មាន យើង​ឃើញ​ការ​កាត់​បន្ថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​មាន​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ចៀសវាង​ការ​ពុល ដែល​ថា យើង​មិន​​មាន​លទ្ធផល​ច្បាស់លាស់ យើង​មិន​ទាន់​អនុញ្ញាត​ឱ្យ​គាត់​លេង​កម្សាន្ត​នៅ​ឡើយ​ទេ​ទឹក​ហ្នឹង។ ម្ហូប​អាហារ​ក៏​អ៊ីចឹង យើង​រង់ចាំ​ដល់​ទាល់​តែ​ថា ក្រុម​ការងារ​ជំនាញ​ហ្នឹង​គេ​ថា​អាច​ទៅ​បាន អា​ហ្នឹង​យើង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ»

នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ដដែល ក្រសួង​បរិស្ថាន ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដល់​សាធារណជន​លើក​ទី​២ ដោយ​បញ្ជាក់​ថា ទោះ​ជា​បញ្ហា​ស្លែ​ក្នុង​ទឹក​សមុទ្រ​នៅ​ឆ្នេរ​កែប បាន​បាត់​ទៅ​វិញ​ស្ទើរ​ទាំង​ស្រុង​ក្ដី ក៏​ក្រសួង​បរិស្ថាន នៅ​តែ​អំពាវនាវ​ឱ្យ​សាធារណជន និង​អ្នក​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​កែប បន្ត​ការ​ប្រុងប្រយ័ត្ន និង​បន្ត​ផ្អាក​ការ​ចុះ​មុជ​ទឹក​សមុទ្រ​កម្សាន្ត រហូត​ដល់​ចុង​សប្ដាហ៍​នេះ ដើម្បី​បង្ការ​បញ្ហា​គ្រោះថ្នាក់​ជា​យថាហេតុ។ ម្យ៉ាង​ទៀត ដើម្បី​ទុក​ពេល​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​កែប បោស​សម្អាត​ឆ្នេរ​ឱ្យ​បាន​ស្អាត។ ចំពោះ​ការ​នេសាទ​សមុទ្រ​នៅ​ខេត្ត​កែប ក្រសួង​បរិស្ថាន ឱ្យ​អ្នក​នេសាទ​ប្រកប​របរ​របស់​ខ្លួន​នៅ​តាម​តំបន់​ទឹក ដែល​មាន​ចម្ងាយ​ពី​ឆ្នេរ​ចាប់​ពី ៥០០​ម៉ែត្រ​ឡើង​ទៅ។

ទាក់ទង​នឹង​ការ​នេសាទ​នេះ​ដែរ ប្រធាន​ធនាគារ​ក្ដាម​នៃ​សហគមន៍​ភូមិ​ថ្មី លោក ប្រាក់ សាន មាន​ប្រសាសន៍​ថា បញ្ហា​ឡើង​ស្លែ​នៅ​បណ្ដោយ​ឆ្នេរ​កែប ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មិន​ប៉ះពាល់​ដល់​ផលិតផល​សមុទ្រ ដែល​នេសាទ​បាន​មក​ទេ។

លោក​អះអាង​ទៀត​ថា ក្ដាម និង​គ្រឿង​សមុទ្រ​ដទៃ​ទៀត សុទ្ធ​បាន​មក​ពី​ការ​នេសាទ​នៅ​តំបន់​ទឹក​ជ្រៅ គឺ​នៅ​ឆ្ងាយ​ពី​ឆ្នេរ​កែប​ជា​ច្រើន​គីឡូ​ម៉ែត្រ៖ «តាម​យើង​ពិនិត្យ​តាម​ដាន​វា​អត់​មាន​ស្អី​ត្រូវ​ប៉ះពាល់​ទេ វា​មក​តែ​ទឹក​រាក់ៗ ដល់​ទឹក​ជ្រៅ​វា​អត់​មាន​អី​ទេ ទឹក​វា​ធម្មតា ហើយ​អ្នក​នេសាទ​នៅ​តែ​នេសាទ​រាល់​ថ្ងៃ។ អ្នក​នេសាទ​ក្ដាម​ស្ទូច​មឹក​ស្ទូច​អី ពួក​ហ្នឹង​ដាក់​លប​អត់​មាន​ដាក់​មាន​ដាក់​ជិតៗ ហ្នឹង​ទេ ដាក់​ឆ្ងាយៗ ណាស់។ នេសាទ​ក្ដាម​នេសាទ​មឹក​អី មិន​មែន​នេសាទ​ទឹក​រាក់​ទេ គឺ​នេសាទ​ទឹក​ជ្រៅ។ ឆ្ងាយ​ណាស់ ចេញ​ពី​ច្រាំង​បួន​ប្រាំ​គីឡូ​ដី។ អ៊ីចឹង​ផល​ប៉ះពាល់​វា​អត់​មាន​ទេ។ វា​មាន​តែ​បញ្ហា​នៅ​ជិតៗ ខាងៗ អា​ហ្នឹង​ប៉ះពាល់»

អភិបាល​រង​ខេត្ត​កែប អ្នកស្រី គង់ ចំរើន បញ្ជាក់​ដូច​គ្នា​ថា បញ្ហា​ទឹកសមុទ្រ​ឡើង​ស្លែ មាន​តែ​នៅ​ឆ្នេរ​ក្រុង​កែប ប៉ុណ្ណោះ គឺ​មិន​មាន​នៅ​ឆ្នេរ​ឯ​កោះ​ជិត​នោះ​ទេ៖ «កោះទន្សាយ​នៅ​នឹង​មុខ​ហ្នឹង​អត់​ល្អក់​ទេ។ វា​នៅ​តែ​ជាយ​រាក់ៗ ក្បែរ​មួយ​ជុំ​ឆ្នេរ​នៅ​ខាង​ខេត្ត​ហ្នឹង នៅ​មុខ​សាលា​ខេត្ត នៅ​ផ្សារ​ក្ដាម ហើយ​នៅ​កំពង់ផែ​អី​ហ្នឹង។ ថ្ងៃ​នេះ បើ​យើង​មើល​នឹង​ភ្នែក ហាក់​ដូច​ជា​មាន​លំនាំ​ដើម។ ប៉ុន្តែ​ដោយសារ​យើង​រង់ចាំ​ការ​វិភាគ​ល្អិតល្អន់ អា​ហ្នឹង​បាន​យើង​ប្រកាស​ផ្លូវការ»

អ្នក​គ្រប់គ្រង​នៅ​សណ្ឋាគារ​មួយ ដែល​មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​ក្នុង​ក្រុង​កែប លោក ធី សុណ្ណតារា ថ្លែង​ថា ទឹក​សមុទ្រ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា មាន​ស្ថានភាព​ថ្លា​ជាង​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ប៉ុន្តែ​ក្លិន​ឆ្អាប និង​ស្អុយ នៅ​តែ​មាន​នៅ​ឡើយ។ លោក​ថា ភ្ញៀវ​ជា​ច្រើន​នាក់ បាន​ផ្អាក​គម្រោង​ធ្វើ​ដំណើរ​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​កែប ដោយសារ​តែ​ក្លិន​នេះ៖ «ចាប់​តាំង​ពី​មាន​បញ្ហា​ហ្នឹង គឺ​អត់​មាន​ភ្ញៀវ​តែ​ម្ដង។ ភ្ញៀវ​ខាង​សហរដ្ឋអាមេរិក​ខាង​បងៗ ស្រី​ភាគ​ច្រើន គាត់​ឆែត (chat) មក​ខ្ញុំ​សួរ​ពី​បញ្ហា​ហ្នឹង​ច្រើន​ដែរ ហើយ​គាត់​ថា ចូលឆ្នាំ​គាត់​ចង់​មក​លេង​ស្រុក លេង​កែប​អី គាត់​ថា​ពិបាក។ គាត់​ថា​គាត់​ទៅ​ញ៉ាំ​ក្ដាម​នៅ​កែប​ម្ដង ហើយ​ឥឡូវ​មាន​បញ្ហា​អ៊ីចឹង អត់​បាន​ទៅ​ទៀត»

ក្រសួង​បរិស្ថាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា តាម​ការ​សន្និដ្ឋាន​បឋម ការ​កើន​ឡើង​កម្រិត​ស្លែ​សមុទ្រ​នេះ គឺ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​កម្ដៅ ពន្លឺ និង​ការ​ប្រែប្រួល​ជីវជាតិ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​សមុទ្រ។ ក្រសួង​នឹង​បន្ត​ពិនិត្យ​តាមដាន និង​សិក្សា​អំពី​បញ្ហា​នេះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។