លោក សាំ ពិសិដ្ឋ គិតតែ​ពី​រឿង​ប្រមូល​លុយ​ទើប​មើលមិនឃើញ​ផ្លូវ​ខូច​

នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ចំៗ​ទៅលើ​ប្រធាន​និង​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។ លោក ហ៊ុន សែន បាន​រិះគន់​ជា​សាធារណៈ​ថា តាំងពី​លោក សាំ ពិសិដ្ឋ កាន់តំណែង​នេះ​មក​បញ្ហា​ខូច​ផ្លូវថ្នល់​កើតឡើង​គ្រប់កន្លែង ហើយ​គ្មាន​ការជួសជុល​វិញ​ឲ្យ​បានល្អ​ឡើយ​។ ការរិះគន់​របស់លោក ហ៊ុន សែន បែបនេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ទុកជាមុន​ថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំណែង​លោក សាំ ពិសិដ្ឋ ផងដែរ​។

មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ដោយសារតែ​លោក សាំ ពិសិដ្ឋ ជាប់​ប្រមូល​លុយ​ពី​ប្រភព​នានា​ជាច្រើន​ទើប​មិនបាន​ពិនិត្យ​មើលផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​រង​ការខូចខាត​ជា​បន្តបន្ទាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការធ្វើ​ស្លាក​លេខ​រថយន្ត ម៉ូតូ ការធ្វើ​ប័ណ្ណបើកបរ​រថយន្ត​ម៉ូតូ និង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ជាដើម គឺជា​ប្រភព​ចំណូល​របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ ហេតុនេះហើយ​ទើប​លោក សាំ ពិសិដ្ឋ គ្មាន​ពេល​ដើរ​មើលផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ការខូចខាត​ជាច្រើន​កន្លែង​។ ក្នុងនោះ​ផ្លូវ​ខ្លះ​ក្រុមហ៊ុន​ម៉ៅ​ការមិន​បានធ្វើ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​កិច្ចសន្យា​នោះទេ ប៉ុន្តែ​លោក សាំ ពិសិដ្ឋ មិនដែល​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ម្តងណា​ឡើយ​។

តាមរយៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ជា​សាធារណៈ​ទៅលើ​លោក សាំ ពិសិដ្ឋ នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ មជ្ឈដ្ឋាន​មួយចំនួន​វាយតម្លៃថា តំណែង​របស់លោក សាំ ពិសិដ្ឋ អាច​ត្រូវ​ដកហូត​ផងដែរ ព្រោះ​កំហុស​និង​ភាព​អសកម្ម​របស់លោក សាំ ពិសិដ្ឋ ជា​រឿង​មិនអាច​បិទបាំង​បានឡើយ​។ ជា​ការពិត​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ផ្លូវធំៗ​មួយចំនួន​កំពុង​ខូចខាត​ជា​បន្តបន្ទាប់​ដូចជា​ផ្លូវ ម៉ៅ សេទុង ជាដើម ហើយ​ការដាក់​របាំង​ចែក​ទ្រូងផ្លូវ​នៅតាម​បណ្ដា​ផ្លូវ​មួយចំនួន​បានធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​កាន់តែ​ខ្លាំង​ថែមទៀត​ដូចជា​ផ្លូវ​២៧១ ផ្លូវ​ព្រះ​នរោត្តម​ជាដើម​។ លើស​នេះ​ទៅទៀត​ក្រុមការងារ​ធ្វើ​ផ្លូវ​នៅតាម​ផ្លូវ​មួយចំនួន​ហាក់ដូច​ជាមាន​សភាព​យឺត​យ៉ាវ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​រឿងនេះ​ក្រោយពេល​លោក ស៊ុន ចាន់ថុល ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​នោះទេ​៕

11807547_468766196637471_4395966338299890812_oលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ