ជម្លោះដីធ្លី​ក្នុង​ខេត្តសៀមរាប នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​មិនទាន់មាន​ដំណោះស្រាយ​

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​ក្នុង​ខេត្តសៀមរាប កំពុង​ប្រឈម​នឹង​ការលំបាក​សព្វបែបយ៉ាង​ព្រោះ​គ្មាន​ដីធ្លី​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។ ហេតុនេះហើយ​ទើប​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ប្រជា​សហគមន៍​មានទំនាស់​ដីធ្លី​១៣​កន្លែង​មកពី​ស្រុក​ជាច្រើន បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជិត​សាលាខេត្ត​សៀមរាប ដើម្បី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​និង​បញ្ចប់​ជម្លោះដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ដោះស្រាយ​ជម្លោះដីធ្លី​នៅក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ឆាប់​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

តាម​តំណាង​ប្រជា​សហគមន៍​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ជិត​សាលា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កន្លែង​ខ្លះ​ជម្លោះដីធ្លី​កើតឡើង​អស់​រយៈពេល​៤​ទៅ​៥​ឆ្នាំ​មកហើយ ឬ​កន្លែង​ខ្លះ​ជិត​១០​ឆ្នាំ​នៅតែ​មិនទាន់មាន​ដំណោះស្រាយ​សមស្រប​។ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​បាន​ឲ្យ​ដឹងថា ការដែល​ពួកគាត់​ច្រើន​សហគមន៍​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា គឺ​ដោយសារ​ពួកគាត់​ចង់​រស់នៅ​ដោយមាន​សេរីភាព មិន​ខ្វាយខ្វល់​ចំពោះ​ការបាត់បង់​ដីធ្លី​ស្រែចម្ការ ហើយ​កូនចៅ​របស់​ពួកគាត់​មិន​បោះបង់​ការសិក្សា​តទៅទៀត​។ ប្រជា​សហគមន៍​១៣​កន្លែង​ដែល​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប ជួយ​រក​ដំណោះស្រាយ​គឺ​ពួកគាត់​មកពី​ស្រុក​បន្ទាយស្រី ស្រុក​វ៉ារិន ស្រុក​ប្រាសាទបាគង ស្រុក​ស្វាយ​លើ និង​ស្រុក​ជីក្រែង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​ការតវ៉ា​របស់​សហគម​ន៍​ប្រជាពលរដ្ឋ​នៅក្បែរ​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​តំបន់​ខ្លះ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​យោធា ខ្លះទៀត​មាន​ជម្លោះដីធ្លី​ជាមួយ​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​ជា​រឿង​ពិបាក​ដោះស្រាយ​បំផុត​។ ការដែល​ប្រជាពលរដ្ឋ​រងគ្រោះ​មក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប ព​ន្លឿ​ន​ការដោះស្រាយ​ជម្លោះដីធ្លី​ដល់​ពួកគាត់ គឺ​ដោយសារ​កន្លងមក​អាជ្ញាធរ​សន្យា​ជួយ​ដោះស្រាយ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​ជាក់ស្តែង​នៅ​មិនទាន់មាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​សហគមន៍​១៣​កន្លែង មក​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ហើយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​៕

១៨លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប2eed4c8a-37f5-408e-876d-efb0e18fa3b7