បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តសៀមរាប កំពុង​កើតឡើង​យ៉ាង​រាលដាល​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ព្រៃ​លិច​ទឹក​តំបន់​មាត់បឹង​ទន្លេសាប​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​រាលដាល ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ខ្លះ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣​នៃ​បឹង​ទន្លេសាប ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ចូលកាន់​តំណែង​ជំនួស​លោក អ៊ុក រ៉ាប៊ុន គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជាបន្ទាន់​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ក្របី​រៀល បាន​ឲ្យ​ដឹងថា ព្រៃ​លិច​ទឹក​នៅ​តំបន់​ត្រពាំង​កន្តុ​ត សង្កាត់​ក្របី​រៀល ជាច្រើន​ហិកតា​ត្រូវ​ជន​មិន​ស្គាល់មុខ​លួ​យ​កាប់​និង​ដុតបំផ្លាញ ដើម្បី​រុករាន​យក​ដី​ធ្វើស្រែ​ប្រាំង​។ ប្រជាពលរដ្ឋ​និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​សៀមរាប មួយចំនួន​បាន​ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ដូចជា មន្ទីរ​កសិកម្ម និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់​។ ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តសៀមរាប មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​នៅក្នុង​តំបន់​៣​នៃ​បឹង​ទន្លេសាប​តទៅទៀត​ទេ​។ ជាពិសេស​មន្ត្រី​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​តាមច្បាប់​ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​កន្លះ​ខែ​មកហើយ​ពួកគាត់​បានឃើញ​ផ្សែងភ្លើង​ហុយ​ចេញពី​តំបន់​ត្រពាំង​កន្តុ​តមាត់​បឹង​ទន្លេសាប ហើយ​នៅពេល​ពួកគាត់​ទៅពិនិត្យ​ដល់ទី​នោះ​ទើប​ឃើញ​ដើម​រាំង ដើម​កន្សែង ដើម​ត្រស់ និង​ដើមឈើ​ដទៃទៀត​ដែលជា​ព្រៃ​លិច​ទឹក ត្រូវគេ​កាប់​និង​ដុតបំផ្លាញ​អស់​ជាច្រើន​ហិកតា​។ អ្នកភូមិ​ដែល​ទៅដល់​កន្លែង​មាន​បទល្មើស​កាប់​ព្រៃ​លិច​ទឹកបាន​ឲ្យ​ដឹងថា អាចមាន​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ខ្លះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនល្មើស ទើប​ពួកគេ​មិន​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ក្របី​រៀល អំពាវនាវ​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ចាត់វិធានការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ឲ្យ​បាន​ទាន់ពេលវេលា​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​៕

CH-0001លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ 98dc6793-46cf-4cd3-bd85-2b4a7134b76f