វិស័យ​សុខាភិបាល​ក្រោម​ការគ្រប់គ្រង​របស់លោក ម៉ម ប៊ុនហេង កើតមាន​បញ្ហា​មិន​អស់​មិន​ហើយ​

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ល្បីល្បាញ​ខាង​ពុករលួយ​បក្ខពួកនិយម គ្រួសារនិយម មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ នោះទេ​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​ប្រសិទ្ធភាព​ការងារ​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន រុះរើ​គណៈរដ្ឋមន្ត្រី​និង​ផ្លាស់ប្ដូរ​តំណែង​រដ្ឋមន្ត្រី​ជាច្រើន​នាក់​។ ជាពិសេស​ក្រសួងសុខាភិបាល​ដែលមាន​លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី អាចធ្វើ​ឲ្យ​វិស័យ​សុខាភិបាល កាន់តែ​អន់ថយ​ជាង​មុន​ព្រោះ​លោក ម៉ម ប៊ុនហេង ធ្វើ​អ្វីៗ​តែ​តាម​បញ្ជា​របស់​ប្រពន្ធ​ខ្លួន​ប៉ុណ្ណោះ​។

ទាក់ទង​ទៅនឹង​វិស័យ​សុខាភិបាល​នេះដែរ ប្រជាពលរដ្ឋ​ចំនួន​១៨៦​គ្រួសារ​ស្មើនឹង​៩៧៥​នាក់ រស់នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ការពារ​ដី​រួម​របស់​ភូមិ​ពាក់ព័ន្ធ​ទៅនឹង​ករណី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ មាន​ចេតនា​យក​ដី​ទីតាំង​ស្នាក់ការ​ភូមិ​ធ្វើជា​មណ្ឌល​សុខភាព​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ចៅសង្កាត់​និង​អភិបាលខណ្ឌ​មុនៗ បាន​ឃុបឃិត​គ្នា​លក់​ដី​មណ្ឌល​សុខភាព​កាលពីមុន​អស់​ទៅហើយ ឥឡូវនេះ​បែរជា​មក​យក​ដី​រួម​ស្នាក់ការ​ភូមិ​ធ្វើជា​មណ្ឌល​សុខភាព​ទៅវិញ​។ ហេតុនេះហើយ​ទើប​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដាច់ខាត​ប្រឆាំងនឹង​ការយក​ដី​ស្នាក់ការ​ភូមិ​ទួល​កី ព្រោះ​ពួកគាត់​ទុក​ទីនេះ​សម្រាប់ធ្វើ​បុណ្យជាតិ​។

មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ចាប់តាំងពី​លោក ម៉ម ប៊ុនហេង ឡើង​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពេលណា គឺ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ចុះបញ្ជី​កម្មសិទ្ធិ​នៃ​ក្រសួងសុខាភិបាល ត្រូវបាន​លក់ដូរ​និង​ផ្លាស់ប្ដូរ​ទីតាំង​ជា​បន្តបន្ទាប់​។ ឥឡូវនេះ​មណ្ឌល​សុខភាព​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​កាលពីមុន ត្រូវ​មន្ត្រី​អាជ្ញាធរ​ឃុបឃិត​គ្នា​លក់​អស់ ហើយ​គេ​បែរ​ជាមាន​គម្រោង​មក​យក​ដី​ស្នាក់ការ​ភូមិ​ទួល​កី ធ្វើជា​មណ្ឌល​សុខភាព​ទៅវិញ​។ ដោយសារតែ​មើលឃើញ​ភាពមិនប្រក្រតី​បែបនេះហើយ ទើប​ប្រជាពលរដ្ឋ​ភូមិ​ទួល​កី ចំនួន​១៨៦​គ្រួសារ​ស្មើនឹង​៩៧៥​នាក់ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ស្នាក់ការ​ភូមិ​ទួល​កី កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ ព្រោះ​ពួកគាត់​ត្រូវការ​ទុក​ដី​ស្នាក់ការ​ភូមិ សម្រាប់ធ្វើ​បុណ្យជាតិ​ក្នុង​មូលដ្ឋាន​តទៅទៀត​៕

morm_bunheng_305លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ល្បីល្បាញខាងពុករលួយ